ក្មេងតូចវ័យ ៦ឆ្នាំឡើងទៅ នឹងមានការគិតស្រមៃបែបច្នៃប្រឌិត និងធំទូលាយ រហូតដល់លោកឪពុក និងអ្នកម្ដាយ តាមសឹងតែមិនទាន់។ រឹតតែពួកគេបានសម្ដែងតួនាទីក្នុងក្ដីស្រមៃ ធ្វើជាអ្វីមួយផងនោះ កូននឹងរឹតតែមានសេចក្ដីសុខ និងលេងសប្បាយបានយ៉ាងអស្ចារ្យ។
ដូច្នេះហើយ លោកឪពុក អ្នកម្ដាយ គួរតែជំរុញ និងស្វែងរកកិច្ចការងារល្អៗ មកឱ្យកូនសម្លាញ់បានរៀនយល់ដឹងយ៉ាងពេញទំហឹង និងចាប់ផ្ដើមធ្វើកិច្ចការងារនោះជាមួយកូន ដើម្បីឱ្យគេបានបញ្ចេញការនឹកគិតស្រមៃ និងបានសាកល្បងធ្វើអ្វីដែលថ្មីៗ ដែលនឹងធ្វើឱ្យកូន កាន់តែមានបទពិសោធច្រើនឡើងរៀងរាល់ថ្ងៃ។
ព្យាយាមស្វែងរកសៀវភៅពាក្យកំណាព្យកាព្យឃ្លោង មកឱ្យកូនអានឱ្យបានច្រើនៗ កូននឹងអាចចងចាំបាន និងចេះប្រើប្រាស់ភាសា ពាក្យសម្ដីដែលពីរោះបានយ៉ាងល្អ។
នាំកូនទៅបណ្ណាល័យ ឬបណ្ណាគារឱ្យបានញឹកញាប់ ដើម្បីឱ្យគេបានជ្រើសរើសសៀវភៅ ដែលគេចូលចិត្តដោយខ្លួនឯង កូននឹងបានក្លាយជា ក្មេងដែលស្រឡាញ់សៀវភៅ ស្រឡាញ់ការអាន និងចូលចិត្តទៅតែកន្លែងដែលមានចំណេះដឹង។
នាំកូនលេងធ្វើត្រាប់តាម ឬចម្លងតាមស្ថានការណ៍ល្អៗណាមួយ ឱ្យគេធ្វើជាអ្វីផ្សេងៗ ដែលគេចង់ធ្វើ ហើយសម្ដែងតួនាទីក្នុងការឧបមានោះ ព្រមជាមួយគ្នានៅក្នុងផ្ទះ នឹងបង្កឱ្យមានភាពសប្បាយរីករាយខ្លាំងយ៉ាងអស្ចារ្យ។
រឿងសំខាន់ដែលគួរឱ្យកើតមាន និងត្រូវធ្វើខ្លាំងបំផុតជាមួយកូនតូចក្នុងវ័យនេះគឺ ភាពជិតស្និទ្ធជាមួយលោកឪពុក-អ្នកម្ដាយ រួមទាំងសាច់ញាតិចាស់ទុំដែលនៅក្នុងផ្ទះជាមួយគ្នា ព្រោះកូនជាទីស្រឡាញ់ កំពុងតែធំធាត់ឡើង និងត្រូវការមិត្តភក្តិ។ ដូច្នេះចូរព្យយាមកុំបណ្ដោយឱ្យកូនលេងតែម្នាក់ឯងឱ្យសោះ មិនដូច្នោះទេ កូននឹងលែងហ៊ានចូលមកជិតអាណាព្យាបាល និងធ្វើខ្លួនឯកោតែឯង ហើយទីបំផុត វានឹងក្លាយជារនាំងដ៏ស្ដើងមួយ ឃាំងយើង និងកូនរហូតអស់មួយជីវិត៕