ភ្នំពេញ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោកគី ឫទ្ធី បានចេញលិខិតអញ្ជើញមេធាវីការពារក្តីឲ្យលោកកឹម សុខា ចូលរួមក្នុងនីតិវិធីសួរចម្លើយ លោកកឹម សុខាបន្ថែមទៀតក្នុងមណ្ឌលអប់រំកែប្រែទី៣ (ពន្ធនាគារត្រពាំងផ្លុង)។
បើយោងតាមលិខិតរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក គី ឫទ្ធី កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានចេញលិខិតអញ្ជើញលោក សំ សុគង់ មេធាវីការពារក្ដីជនត្រូវចោទ កឹម សុខា ឲ្យចូលទៅបន្ទប់សាកសួរ នៃមណ្ឌលអប់រំកែប្រែទី៣ (ម៣) ខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៤ ខែវិច្ឆិកា វេលាម៉ោង៨និង៣០នាទីព្រឹក ដើម្បីចូលរួមក្នុងនីតិវិធីសួរចម្លើយឈ្មោះកឹម សុខា អំពីដំណើររឿង សន្និដ្ឋិភាពជាមួយបរទេស ( ក្បត់ជាតិ) ។ ចៅក្រមស៊ើបសួរក៏បានបង្គាប់ដល់លោក សំ សុគង់ មេធាវីការពារក្ដីជនត្រូវចោទ កឹម សុខាក្នុងពេលអញ្ជើញចូលរួមតាមកាលបរិច្ឆេទកំណត់ខាងលើ ព្រមទាំងយកឯកសារផ្សេងៗ ដែលពាក់ព័ន្ធក្នុងសំណុំរឿងខាងលើមកជាមួយ ប្រសិនបើមាន។
គួរបញ្ជាក់ថា កន្លងមកថ្មីៗនេះ ទាំងសាលាឧទ្ធរណ៍ និង តុលាការកំពូលបានសម្រេចទាត់ចោលបណ្តឹងរបស់ក្រុមមេធាវីការពារក្ដីជនត្រូវចោទ កឹម សុខា ដែលប្តឹងប្រឆាំងនឹងដីកាសម្រេចឃុំខ្លួនជនត្រូវចោទ ។ កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៧កន្លងទៅ លោក គី ឫទ្ធី ចៅក្រមស៊ើបសួរ និងជាអនុប្រធានសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាឃុំខ្លួនជនត្រូវចោទ កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដាក់ពន្ធនាគារបណ្តោះអាសន្ន ដោយចោទប្រកាន់ពីបទល្មើស សន្និដ្ឋិភាពជាមួយបរទេស តាមមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ៕ ដោយ៖បញ្ញាស័ក្តិ