ដូចដែលប្រិយមិត្តជាច្រើន បានទទួលជ្រាបហើយ កាលពីប៉ុន្មានខែមុន អ្នកតាមដានព័ត៌មានសង្គមសិល្បៈ ជាពិសេសហ្វេនៗ ពិតមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីលេចឮដំណឹងថា ចំណងស្នេហ៍រវាងតារាសម្ដែងប្រុសលោក ឆឹម សក្កដា និងតារាចម្រៀងស្រីហង្សមាស អ្នកនាង ពេជ្រ សោភា បានដើរដល់ផ្លូវបំបែក ទាំងដែលគ្មាននរណាម្នាក់ ដឹងពីមូលហេតុច្បាស់លាស់ឡើយ។
ពិតណាស់ អ្វីដែលធ្វើឲ្យមហាជនកាន់តែជឿជាក់ថា ចំណងស្នេហ៍របស់អ្នកទាំងពីរ ប្រាកដជាឈានដល់ផ្លូវបំបែកមែននោះ គឺក្រោយរឿងនេះត្រូវបានផ្ទុះឡើង អ្នកទាំងពីរ ក៏ចាប់ផ្តើមបោះសំដីផ្លែផ្កាដាក់គ្នាជាបន្តបន្ទាប់។ ក្នុងនោះ លោក ឆឹម សក្កដា ក៏បានបញ្ជាក់ថា «ជីវិតស្នេហាខ្ញុំបរាជ័យរហូត បើមិនត្រូវគេបោក ក៏ត្រូវគេបោះបង់ តាំងពីចេះមានស្នេហ៍ជួបតែមនុស្សមិនត្រង់»។ នៅពេលនោះ ពេជ្រ សោភា ក៏បានបង្ហោះសារតបវិញបែបនេះថា «ភាពច្បាស់លាស់ ដែលមនុស្សស្រីគ្រប់រូបចង់បាន (ប្រាប់ខ្ញុំបានទេមនុស្សស្រីទាំងអស់ចង់បានភាពច្បាស់លាស់ទេ?»។
បន្ទាប់មក ក៏លេចធ្លាយអ្នកទាំងពីរ មានដៃគូស្នេហ៍ថ្មីរៀងៗខ្លួនផងដែរ ដោយលោក ឆឹម សក្កដា បានរកឃើញនារីរូបស្រស់ម្នាក់ ខណៈ ពេជ្រ សោភា ក៏បានបង្ហាញកាន់ដៃជាមួយបុរសរូបសង្ហាម្នាក់ នៅលើទឹកដីអង្គរ ប៉ុន្តែ ពុំបានបង្ហាញមុខមាត់ឲ្យមហាជនបានស្គាល់នោះទេ។
តែបើទោះជាបានបង្ហាញតម្រុយថា មានដៃគូស្នេហ៍ថ្មីរៀងៗខ្លួនក៏ដោយ ក៏អ្នកគាំទ្រមួយចំនួន ហាក់នៅមានការសង្ស័យថា អ្នកទាំងពីរអាចធ្វើរឿងនេះឡើង គឺគ្រាន់តែការលេងសើច (Prank) ប៉ុណ្ណោះ ព្រោះថា គេពុំបានសង្កេតឃើញថា អ្នកទាំងពីរបង្ហាញភាពផ្អែមល្ហែម ជាមួយអ្នកថ្មីណាម្នាក់គួរឲ្យកត់សម្គាល់ បង្ហោះបង្អួតនៅលើបណ្តាញសង្គមសោះឡើយ។
ដូចការសង្ស័យមែន ដោយមិនដឹងថា Prank ឬមានការផ្សះផ្សាគ្នាយ៉ាងណា ថ្មីៗនេះ ស្រាប់តែលោក ឆឹម សក្កដា និង ពេជ្រ សោភា បានធ្វើឲ្យអ្នកគាំទ្រ ភ្ញាក់ស្រឡាំងកាំងយ៉ាងខ្លាំង ចង់គាំងគ្រប់ៗគ្នា ខណៈបានឃើញរូបភាពបែកធ្លាយបង្ហាញអ្នកទាំងពីរឱបគ្នាឡើងស្វីត ដែលត្រូវបានដឹងថា ស្ថិតនៅក្នុងពិធីមង្គលការក្មួយរបស់ ពេជ្រ សោភា កាលពីយប់មិញ (៣ វិច្ឆិកា ២០២២)។
នៅពេលហ្វេនៗ សូមឲ្យធ្វើការបកស្រាយ ពេជ្រ សោភា ក៏បានឆ្លើយតបថា «មិត្តភក្តិ» ប៉ុន្តែ បានភ្ជាប់រូបសើច។ តែទោះជាយ៉ាងណា ក្រោយពីបានឃើញអ្នកទាំងពីរត្រូវរ៉ូវគ្នាវិញ ហ្វេនៗពិតជារំភើបត្រេកអរជំនួសជាខ្លាំង និងជូនពរស្រឡាញ់គ្នាជារៀងរហូត៕ រក្សាសិទ្ធិដោយ៖ លឹម ហុង







