ភ្នំពេញ៖ តាមរយៈដំណើរទស្សនកិច្ចរបស់លោក ស្រីម៉ាទី នីម៉ាឡា ស៊ីថារ៉ាម៉ាន រដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌានោះ សម្តេចពិជ័យសេនា ទៀ បាញ់ បានសំណូមពរដល់ ក្រសួងការពារជាតិឥណ្ឌា ឲ្យជួយផ្តល់សម្ភារៈទំនើប សម្រាប់ការដោះបំផ្លាញមីន និងជួយបណ្តុះបណ្តាលសិក្ខាកាមកងយោធពលខេមរភូមិន្ទ ជាពិសេសសុំឲ្យឥណ្ឌា ឲ្យបន្តចូលចត នាវាកងទ័ពជើងទឹកឥណ្ឌា នៅកម្ពុជាបន្តទៀត។
លោកស្រី ស្រីម៉ានី នីម៉ាឡា ស៊ីថារ៉ាម៉ាន រដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌា បានដឹកនាំគណៈប្រតិភូមកធ្វើទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជា រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨។ នៅព្រឹកថ្ងៃទី១១ ខែមិថុនា លោកស្រីស្រីម៉ាទី នីម៉ាឡា រដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌា បានអញ្ជើញចូលជួបសំដែងការគួរសម ជាមួយ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ដោយបានប្រារព្ធពិធីទទួលជាផ្លូវការ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
ក្នុងជំនួបសន្ទនានាឱកាសនោះ លោកស្រី ស្រីម៉ានី នីម៉ាឡា បានបញ្ជាក់ថា៖ ទំនាក់ទំនងរវាងប្រទេសទាំង២កម្ពុជា-ឥណ្ឌា មានតាំងពីយូលង់ណាស់មកហើយ តាមរយៈវប្បធម៌ សិល្បៈ ប្រវត្តិសាស្ត្រ ដែលប្រទេសទាំង២ មានប្រហាក់ប្រហែលគ្នា។ លោកស្រីបានសង្កត់ធ្ងន់ថា៖ ប្រទេសឥណ្ឌាធ្លាប់ បានទទួលស្គាល់កម្ពុជា ចាប់តាំងពីឆ្នាំ១៩៨១ ក្នុងការជួយជំរុញឲ្យ មានប្រជាធិបតេយ្យ រហូតមកដល់សព្វថ្ងៃនេះ។
មានមតិឆ្លើយតបវិញ សម្តេចពិជ័យសេនា ទៀ បាញ់ បានចាត់ទុកដំណើរទស្សនកិច្ចរបស់ រដ្ឋមន្ត្រីការពារជាតិឥណ្ឌា នៅកម្ពុជានាពេលនេះ បាននាំមកនូវការរឹតចំណងមិត្តភាព និងពង្រឹងកិច្ច សហប្រតិបត្តិការប្រទេសទាំង២ កងទ័ពទាំង២ ឲ្យកាន់តែមានការរីកចម្រើនលូតលាស់បន្ថែមទៀត។ សម្តេចបានថ្លែងអំណរគុណ ពេលដែលប្រទេសកម្ពុជា ត្រូវបានហ៊ុមព័ទ្ធសេដ្ឋកិច្ច ក្នុងដំណាក់កាលនោះ ដោយលែកឥណ្ឌាបានផ្តល់ភាពកក់ក្តៅ និងទំនុកចិត្តដល់កម្ពុជា ចាប់ពីពេលមុនៗ រហូតមកដល់បច្ចុប្បន្ននេះ។ សម្តេចពិជ័យសេនា ក៏បានរំលឹកឡើងវិញ ពីដំណើរការស្វែងរកសន្តិភាព ជូនប្រទេសកម្ពុជា ប្រទេសឥណ្ឌា បានបញ្ចូនកងទ័ពមកកម្ពុជាច្រើនជាងគេ ក្នុងកងកម្លាំង អ៊ុនតាក់ ហើយជាងនេះទៅទៀតឥណ្ឌា ជាប្រទេសដែលតែងតែ គាំទ្រដល់គោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា និងជំរុញកម្ពុជាឲ្យមានការរីកចម្រើន។ តាមរយៈជំនួបនោះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ បានសំណូមពរដល់ ក្រសួងការពារជាតិឥណ្ឌា ឲ្យជួយផ្តល់សម្ភារៈទំនើប សម្រាប់ការដោះបំផ្លាញមីន បម្រើឲ្យកិច្ចប្រតិបត្តិការរក្សាសន្តិភាព និងបានស្នើសុំដល់ឥណ្ឌា ឲ្យជួយបណ្តុះបណ្តាលសិក្ខាកាមកងយោធពលខេមរភូមិន្ទ ទាំងនៅក្នុងប្រទេស ក៏ដូចជា បញ្ជូនទៅរៀននៅប្រទេសឥណ្ឌា។ សម្តេចពិជ័យសេនា ក៏បានស្នើសុំឥណ្ឌាឲ្យបន្តចូលចត នាវាកងទ័ពជើងទឹកឥណ្ឌា នៅកម្ពុជាបន្តទៀត ដើម្បីធ្វើការផ្លាស់ប្តូរ បទពិសោធន៍ពីគ្នាទៅវិញទៅមក រវាងកងទ័ពជើងទឹកទាំង២។
មានមតិឆ្លើយតបវិញ លោកស្រី ស្រីម៉ានី នីម៉ាឡា បានលើកឡើងពីបំណង ចង់ឲ្យសិក្ខាកាមកងយោធពលខេមរភូមិន្ទ បានទៅធ្វើការបណ្តុះបណ្តាល រៀនសូត្រឲ្យបានច្រើន នៅប្រទេសឥណ្ឌា លើមុខជំនាញថែរក្សាសន្តិភាព។ លោកស្រី បានស្នើឲ្យក្រុមការងារជំនាញ នៃក្រសួងការពារជាតិទាំងពីរ ធ្វើការរួមគ្នា ដើម្បីវិះរកវិធីធ្វើយ៉ាងណា ឲ្យដំណើរការបណ្តុះបណ្តាល ដល់សិក្ខាកាមយោធាកម្ពុជា ប្រព្រឹត្តិទៅទទួលបានលទ្ធផលល្អ ៕ ដោយ៖បញ្ញាស័ក្តិ