នេះជារឿងមួយដ៏ហួសចិត្តខ្លាំងណាស់ គ្រាដែលសាឡាងដឹកអ្នកដំណើរ១គ្រឿង មិនដឹងជាបើកបរយ៉ាងម៉េច ស្រាប់តែបុកគ្នាជាមួយសាឡាងបូមខ្សាច់ យ៉ាងពេញទំហឹង ធ្វើឲ្យអ្នកដំណើរភ័យបុកពោះ ព្រលឹងចុងសក់ ញ័រសាច់គ្រប់ៗគ្នាអស់ហើយ។
ហេតុការណ៍ដ៏មហាហួសថ្លែងនេះ ត្រូវបានដឹងថា បានកើតឡើងស្ថិតនៅកណ្តាលផ្ទៃទន្លេ ខណៈសាឡាងចេញដំណើរពីកំពង់ចំលងព្រែកលាប កាលពីព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២។
ពិនិត្យតាមរយៈវីដេអូ មនុស្សជាច្រើនបានសន្មត់ថា សាឡាងដឹកអ្នកដំណើរគឺជាអ្នកខុស បើកចូលទៅបុកគេ ព្រោះថាជាធម្មតា សាឡាងបូមខ្សាច់បើកយឺតៗប៉ុណ្ណោះ ប៉ុន្តែ អ្នកបើកសាឡាងដឹកអ្នកដំណើរ មានការធ្វេសប្រហែស មិនដឹងយកភ្នែកទៅណានោះទេ។
តែយ៉ាងណា នេះចាត់ទុកជាសំណាងហើយ ដែលមិនមានគ្រោះថ្នាក់កើតឡើង ចុះប្រសិនបើលិចទូកវិញ តើមនុស្សរាប់សិបដែលផ្ញើជីវិតទៅលើអ្នកបើក នឹងទៅជាបែបណា? ខណៈអាវពោងក៏គ្មាន។
ជាមួយគ្នានេះផងដែរ គេសូមឲ្យម្ចាស់អាជីវកម្មទូកដរ ជួយពិនិត្យមើលឡើងវិញ លើអ្នកបើកទូកដរផង កុំអាងទូកធំបុកប៉ុណ្នឹងមិនអី ចុះបើទូកខ្សាច់បុកវិញ តើទូកដរនេះនៅអណ្តែកលើផ្ទៃទឹកដែរ ឬទេ?៕ រក្សាសិទ្ធិដោយ៖ លឹម ហុង






