Sunday, December 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ថៃ​ទទួល​យក​សំណូមពរ​កម្ពុជា ទប់ស្កាត់ មិន​ឲ្យ​ទំនិញ​អង្ករ​ប្រាសាទអង្គរវត្ត នៅលើ​បាវ​អង្ករ​របស់​ថៃ មាន​វត្តមាន​លើ​ទីផ្សារ ក្នុង​ទីក្រុង​ម៉ុង​រេ​អាល់​

​ភ្នំពេញ​ ៖ ពាក់ព័ន្ធ​នឹង​សំណូមពរ​របស់​លោក​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម ចាត់វិធានកា​រណ៍ ឲ្យបាន​ម៉ឺងម៉ាត់ ចំពោះ​ករណី​ប្រើប្រាស់ និមិត្តសញ្ញា​ជាតិ របស់​កម្ពុជា (​ប្រាសាទអង្គរវត្ត​) នៅលើ​បាវ​អង្ករ​របស់​ថៃ​នោះ ឯកអគ្គរាជទូត​ថៃ បាន​អះអាង​ថា បាន​ស្នើឲ្យ​អាជ្ញាធរ​ថៃ ជូនដំណឹង ដល់​ភាគី​ពាក់ព័ន្ធ តាមរយៈ​កិច្ចសហការ​ជាមួយ តំណាង​ពាណិជ្ជកម្ម នៃ​ប្រទេស​កាណាដា ដើម្បី​ទប់ស្កាត់ មិន​ឲ្យ​ទំនិញ​អង្ករ​ខាងលើ មាន​វត្តមាន​តទៅទៀត នៅតាម​ទីផ្សារ​ក្នុង​ទីក្រុង​ម៉ុង​រេ​អាល់​។​

​លោក ប៉ាន សូរ​ស័ក្តិ បង្ហាញ​សុទិដ្ឋិនិយម ចំពោះ​ទំនាក់ទំនង ពាណិជ្ជកម្ម ទ្វេភាគី​កម្ពុជា​-​ថៃឡង់​ដ៏​។ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរ​ស័ក្តិ បានបញ្ជាក់​ថា ទំនាក់ទំនង​ពាណិជ្ជកម្ម ទ្វេភាគី​រវាង​កម្ពុជា និង​ថៃឡង់​ដ៏ ថា​នឹង​អាច​សម្រេច​បាន​ទំហំ ១៥​ប៊ី​លាន​ដុល្លារ នៅ​ត្រឹម​ឆ្នាំ​២០២០ តាម​ផែនការ​ដែល​គ្រោងទុក ខណៈ​ដែល​ឆ្នាំ​២០១៧ ទំហំ​ពាណិជ្ជកម្ម នៃ​ប្រទេស​ទាំង​ពីរ មាន​ចំនួន ៦​ប៊ី​លាន​ដុល្លារ រួចទៅហើយ​។​

​លោក​រដ្ឋមន្ត្រី បានបង្ហាញ​សុទិដ្ឋិនិយម​ដូច្នេះ ក្នុង​ឱកាស​ទទួល​ជួប ពិភាក្សា​ការងារ​ជាមួយ លោក ប៉ានីយ៉ា​រ៉ាក់ ពូ​ល​ធុប ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព របស់​ប្រទេស​ថៃឡង់​ដ៏ ប្រចាំ​នៅ​កម្ពុជា ដែល​រៀបចំឡើង នៅ​ទីស្តីការ​ក្រសួង​ពាណិជ្ជកម្ម កាលពី​រសៀល​ថ្ងៃ​ទី ១១ ខែមិថុនា ឆ្នាំ​២០១៨​។​

​នៅក្នុង​ជំនួប លោក ប៉ាន សូរ​ស័ក្តិ បាន​លើកឡើង​អំពី​ទំនាក់ទំនង ស្អិតល្មួត រវាង​ប្រទេស​កម្ពុជា និង​ថៃឡង់​ដ៏ ក៏ដូចជា​វឌ្ឍនភាព​ថ្មីៗ នៃ​កិច្ច​សហ​ប្រតិ​ការ លើ​វិស័យ​ពាណិជ្ជកម្ម ដូចជា ការតភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ និង​ការបើក​ច្រកព្រំដែន​ភ្នំ​ដី ក្នុង​ខេត្ត​បាត់ដំបង និង​ច្រក​បាន​ខៅ​ឌីន ក្នុង​ខេត្ត​ស្រះកែវ ដែល​នឹង​ជួយ​សម្រួល ដល់​ការដឹកជញ្ជូន​ទំនិញ ការធ្វើដំណើរ​ចេញ​-​ចូល របស់​ភ្ញៀវ​ទេសចរ​អន្តរជាតិ និង​ការពង្រីក​កិច្ចសហការ ធុរកិច្ច របស់​ពាណិជ្ជករ នៃ​ប្រទេស​ទាំង​ពីរ​។​

​ទន្ទឹមគ្នានេះ លោក​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ ក៏​បាន​សំណូមពរ ដល់​ភាគី​ថៃ ចាត់វិធានកា​រណ៍ ឲ្យបាន​ម៉ឺងម៉ាត់ ចំពោះ​ករណី​ប្រើប្រាស់ និមិត្តសញ្ញា​ជាតិ របស់​កម្ពុជា (​ប្រាសាទអង្គរវត្ត​) នៅលើ​បាវ​អង្ករ​របស់​ថៃ ដែល​កំពុង​ធ្វើ​ចរាចរណ៍ លក់​នៅ​តាម​ទីផ្សារ​មួយចំនួន ក្នុង​ទីក្រុង​ម៉ុង​រេ​អាល់ នៃ​ប្រទេស​កាណាដា​។​

​ជា​ការឆ្លើយតប លោក ប៉ានីយ៉ា​រ៉ាក់ ពូ​ល​ធុប បាន​ជម្រាប​ឯកឧត្តម​រដ្ឋមន្ត្រី អំពី​ចំណាត់ការ​របស់​អាជ្ញាធ​រ​ថៃ ក្នុង​ការជូនដំណឹង ដល់​ភាគី​ពាក់ព័ន្ធ តាមរយៈ​កិច្ចសហការ​ជាមួយ តំណាង​ពាណិជ្ជកម្ម​នៃ​ប្រទេស​កាណាដា ដើម្បី​ទប់ស្កាត់ មិន​ឲ្យ​ទំនិញ​អង្ករ​ខាងលើ មាន​វត្តមាន​តទៅទៀត នៅតាម​ទីផ្សារ​ក្នុង​ទីក្រុង​ម៉ុង​រេ​អាល់​។ លើសពីនេះ លោក ឯកអគ្គរាជទូត ក៏​បាន​ថ្លែងអំណរគុណ លោក​រដ្ឋមន្ត្រី ដែល​កន្លងមក​បាន​ជួយ សម្របសម្រួល ពាណិជ្ជករ​ថៃ ក្នុងការ​ធ្វើ​ធុរកិច្ច និង​ការរៀបចំ​ព្រឹត្តិការណ៍ ពិព័រណ៍​ពាណិជ្ជកម្ម​ផ្សេងៗ នៅក្នុង​ប្រទេស​កម្ពុជា​។​

​គួរ​រំលឹក​ដែរ​ថា កាល​ពី​កំឡុង​ខែ​មីនា កន្លងមកនេះ ប្រទេស​កម្ពុជា និង​ថៃឡង់​ដ៏ បាន​រៀបចំ​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​ផ្នែក​ពាណិជ្ជកម្ម លើក​ទី​៦ (6th JTC) នៅ​សណ្ឋាគារ​សូហ្វីតែ​ល​ភ្នំពេញ ភូ​គី​ត្រា ដើម្បី​ពិភាក្សា និង​ផ្លាស់ប្តូរ​យោបល់​លើ​បញ្ហា​ប្រឈម​ផ្សេងៗ សំដៅ​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ឲ្យបាន ១៥​ប៊ី​លាន​ដុល្លារ នៅ​ឆ្នាំ​២០២០​។ ក្នុងនោះ ប្រទេស​ទាំង​ពីរ បាន​ព្រមព្រៀង​ពង្រឹង ការអនុវត្ត​កិច្ច​សម្រួល​ពាណិជ្ជកម្ម ការបើក​ច្រកព្រំដែន​ថ្មីៗ​បន្ថែម និង​ការរៀបចំ​ឲ្យមាន​វេ​ទិ​កា​ធុរកិច្ច និង​វិនិយោគ​កាន់តែច្រើន​។ បន្ថែម​លើ​នេះ ភាគី​ទាំងពីរ​បាន​ចុះហត្ថលេខា​លើ ឯកសារ​ចំនួន​ពីរ​គឺ (១) យុទ្ធសាស្ត្រ​កំណើន នៃ​កិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច តាម​បណ្តា​ខេត្ត​នៅ​ជាប់​ព្រំដែន និង​(២) អនុស្សរណៈ ស្តីពី​កិច្ចសហប្រតិបត្តិការ​ជំរុញ​ពាណិជ្ជកម្ម​៕ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

×