ពិតជារឿងមួយដ៏ភ្ញាក់ផ្អើល និងស្ទើរតែមិនគួរឲ្យជឿ គ្រាដែលគ្រួសារយាយតាមួយ ត្រូវបានចាញ់បោកក្រុមដើរធ្វើស៊ីមួយក្រុម ដែលមានជំនាញនិយាយបញ្ចុះបញ្ចូល រហូតចុងក្រោយ ធ្វើឲ្យពួកគាត់លង់នឹង «មន្តសណ្តំ» នៃការអូសទាញរបស់ពួកគេ របូតអស់លុយ ១លាន៧សែន យ៉ាងស្រួល តាមរយៈវិធីបោកថ្មីដ៏មិននឹកស្មានដល់មួយនេះ។ ហេតុការណ៍ដ៏ហួសចិត្តនេះ បានកើតឡើងនៅភូមិតាហង្ស ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២២។
បើតាមយាយតាជាជនរងគ្រោះ បានប្រាប់ឲ្យដឹងថា ជនបោកទាំងនោះ បានជិះឡាន (ដូចឡានរត់ឈ្នួលសាំយ៉ុង) ពណ៌ស១គ្រឿង ដែលមានគ្នីគ្នា (ប្រុស២នាក់ ស្រី១នាក់) បានចូលមកសួរពួកគាត់ដំបូង រកទិញទូរស័ព្ទខូចៗ ចាស់ៗ និងបាននិយាយសួរនាំពីនេះពីនោះជាហូរហែ។ ប៉ុន្តែ បន្ទាប់មក ពួកគេក៏បានប្រើវិធីបោក ដោយបង្ហាញសន្លឹកឆ្នោតផ្សងសំណាង មានរង្វាន់ធំ និងរង្វាន់តូច។ រង្វាន់ធំមាន (គោយន្ត ម៉ូតូ និងទូរស័ព្ទ) រីឯរង្វាន់តូចមាន (ឆ្នាំងដាំបាយអគ្គិសនី សាប៊ូ…)។
តាមរយៈរង្វាន់ទាំងនោះ ពួកគេក៏បានកំណត់ថា បើចាប់ត្រូវរង្វាន់ធំ (មួយណាក៏ដោយ) នឹងតម្រូវថែមលុយឲ្យពួកគេចំនួន ១លាន៧សែន ប៉ុន្តែ បើចាប់ត្រូវរង្វាន់តូច គឺមិនមានការឲ្យថែមលុយកាក់អ្វីនោះទេ។
យាយតារងគ្រោះ បានបន្តថា ដោយមិនដឹងជាត្រូវថ្នាំសណ្តំពួកគេយ៉ាងណា ស្រាប់តែពួកគាត់ស្លុងឡើងទៅយកលុយ ១លាន៧សែន ឲ្យពួកគេយ៉ាងស្រួលតែម្តង បន្ទាប់ពីចាប់ត្រូវរង្វាន់ទូរស័ព្ទ១គ្រឿង និងសាប៊ូ១ដប។
ទោះជាយ៉ាងណា នេះគឺជាវិធីបោកថ្មី ដែលបងប្អូនប្រជាពលរដ្ឋខ្មែរយើង ជាពិសេសអ្នកនៅតាមជនបទស្រុកស្រែ ត្រូវបានការប្រុងប្រយ័ត្ន និងពិចារណា មុននឹងជឿការអូសទាញអ្វីមួយពីពួកក្រុមជំនាញដើរបោកប្រាស់ដែលគួរឲ្យសង្ស័យ ជាពិសេស ប្រសិនបើជួបដូចករណីខាងលើនេះ សូមប្រញាប់រាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ធ្វើការឃាត់ខ្លួនជាបន្ទាន់ ដើម្បីកុំឲ្យពួកគេបានឱកាសបន្តដើរបោកប្រាស់បែបនេះទៀត៕ រក្សាសិទ្ធិដោយ៖ លឹម ហុង



