ជឿជាក់ថា ប្រិយមិត្តជាច្រើនបានស្គាល់រួចហើយ អ្នកលក់អនឡាញរូបស្រស់ដ៏ល្បីឈ្មោះអ្នកនាង ម៉ូលីកា ឬហៅថា ចែកា។ ពិតណាស់ កាលពីពេលកន្លងមក អ្នកលក់អនឡាញរូបនេះ ធ្លាប់ធ្វើឲ្យផ្ទុះការភ្ញាក់ផ្អើលពេញបណ្តាញសង្កម បន្ទាប់ពីអ៊ួតបង្ហាញលុយទាំងដុំៗ (១លាន៣សែនដុល្លារ) ដើម្បីឲ្យសាធារណជនបានឃើញថារូបនាងមិនខ្វះលុយ ក្នុងការរកស៊ីចងការប្រាក់ និងធ្វើមេតុងទីនតាមអនឡាញនោះទេ។
តែទោះជាយ៉ាងណា ដូចដែលគ្រប់គ្នាគិតមិនខុសមែន គឺថាថ្មីៗនេះ ស្រាប់តែកូនតុងទីនម្នាក់ បានសម្រេចចិត្តទម្លាយឲ្យដឹងថា អ្នកលក់អនឡាញ និងជាមេតុងទីនតាមអនឡាញរូបនេះ កំពុងរកស៊ីបោកប្រាស់ កូនៗជាច្រើនរយនាក់កំពុងទឹកភ្នែកគ្រប់ៗគ្នា ដោយសារមេ «កា» ប្រមូលលុយបានរាប់លាន $ រួចហើយ គ្មានទំនួលខុសត្រូវ និងដំណោះស្រាយសម្រាប់កូនៗ ហើយឲ្យកូនៗនាំគ្នាបោកអ្នកថ្មី វ័ន្តកតៗគ្នា កំពុងជជែកដេញដោលផ្អើលពេញក្នុងគ្រុបឆាតតែម្តង។
ជាក់ស្តែង នៅក្នុងសារសំឡេងក្នុងគ្រុបឆាត គេបានចាប់អារម្មណ៍ស្រ្តីជាកូនតុងទីនម្នាក់ បានបញ្ចេញមតិប្រឆាំងកូនតុងទីនគ្នាឯង ដោយនិយាយខូចថា ជួយស៊ែរ ជួយខមមិនឲ្យក្រេឌីតមេល្អៗទៅ ដើម្បីឲ្យកូនថ្មី (អ្នកអត់ដឹង) ឃើញ Feedback ល្អ គេចូលមកលេងដែរ ដើម្បីបានលុយសងខ្លួន ដែលធ្វើឲ្យអ្នកអត់ដឹងវ័ន្តកបន្ត។ នេះគេហៅថា រៀបអន្ទាក់ឲ្យគេមកលង់ខ្លួនជាមួយដែរ??។
នេះបើតាមកូនតុងទីនម្នាក់ ដែលមានគណនីហ្វេសប៊ុកឈ្មោះ Kim SophaRy បានបង្ហោះវីដេអូឆាតជជែកដេញដោលគ្នា និងក៏ដូចជាសារដាស់តឿនដល់អ្នកផ្សេងដែលមានចិត្តលោភលន់ចង់បាន មិនទាន់ផុងខ្លួនជាមួយមេតុងទីនរូបនេះ ឲ្យដឹងថា៖ «មេទុងទីនបោក ជំពាក់លុយកូនតុងទីន រាប់លាន$$$$$$ ហើសុំមិនអោយគេផុស គ្នាខ្លាចអត់បានលុយចេះតែចាញ់បោកវា. តែខ្ញុំអត់ព្រមទេ វាយកលុយគេទិញឡានហឺហា ដេញតុងទីនមិនដែលបានលុយគ្រប់ម៉េច. អោយគេរំលោះ កូនស្គាល់វាបើមិនជំពាក់វ័ន្តក បើមិនចឹង វាជំពាក់កូនរាប់រយអ្នករាល់ថ្ងៃ…. ហើយថានឹងប្រមូលលុយអ្នកថ្មីសង់អ្នកចាស់ ចឹងមានន័យថា ចង់បោកអ្នកថ្មីសងអ្នកចាស់ដែលវាបោកមែន វីដេអូមានទៀត ចាំផុសអោយអស់ ព្រោះអាណិតអ្នកក្រោយគ្នាមិនដឹងអី ខ្ញុំអ្នកមុនអត់បានលុយ ខ្ញុំយល់អារម្មណ៍»។
គណនីជាកូនរងគ្រោះខាងលើ ក៏បានឲ្យដឹងទៀតថា «អ្នកណាលេងតុងទីនមួយមេចារឹកបែបនេះវ័ន្តកម៉ង គេលេងមួយមាន2ក្បាល លុយដេញបាន វាមិនអោយគេទេ ថាABAមានបញ្ហា តែពេលគេបង់យឺត 3ថ្ងៃ វាដកក្បាលរស់គេយកសាហាវ ហួសហេតុ ស៊ីសាច់ហុតឈាមគេទាំងរស់ កម្មមានពិត តិចទៀតវ័ន្តកខ្លួនឯងហើយ បើរាល់ថ្ងៃដេញតែទុងតិនយកដាក់ឈ្មោះខ្លួនឯងរាល់ថ្ងៃ ការតុងទីនថ្លៃណាស់សួថា រត់រួចអត់ ការប្រាក់? ដេញយកមកទិញឡានហ៊ឺហា ជំពាក់លុយកូនទុងទីនគ្រប់គ្នា កូនតុងទីនគ្រប់គ្នាគេដឹងច្បាសណាស់ តែគេទ្រាំអោយតែបានលុយគេមកវិញទេ»។
ក្រោយរឿងនេះបានផ្ទុះឡើង ស្រាប់តែមេតុងទីន ចែកា បានចេញមុខអះអាងថា រូបនាងមិនដែលស្គាល់គណនីខាងលើទេ ហើយថា ជាគណនី Fake ចង់បង្ខូចឈ្មោះ និងការរកស៊ីរបស់ខ្លួនតែម្តង។ តែទោះជាយ៉ាងណា តាមវីដេអូចេញពីគ្រប់ឆាតអាចឲ្យយើងគ្រប់គ្នាដឹងយ៉ាងច្បាស់ ហើយគណនីខាងលើ ក៏បានឆ្លើយតបទៅមេតុងទីនរូបនេះថា៖ «អាខោន ខ្ញុំមិនមែនរូបពិតមែន តែខ្ញុំចង់ប្រាប់បងប្អូនកុំទៅបាញ់បោកគេទៀត ជារឿងពិត»។
ទាក់ទងរឿងនេះ គេក៏បានលើកឡើងថា ស្មានតែអ្នកលក់អនឡាញធម្មតាម្នាក់ ហ៊ានបោកគេមួយប្រទេសចឹងហី? តែមានខ្សែនៅពីក្រោយ និងផ្សំគំនឹតបោកបែបនេះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង






