Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចំណេះដឹងទូទៅ៖ ៤ចំណុចលើរាងកាយ ដែលមនុស្សម្នាក់ៗមាន ខុសគ្នាទាំងអស់…

កាលពីមុន យើងដឹងតែត្រឹមថា ស្នាមក្រយៅដៃរបស់មនុស្សយើងម្នាក់ៗ មានលក្ខណៈខុសពីគ្នាទាំងអស់ តែព័ត៌មានដែលពិតប្រាកដវិញនោះគឺ នៅលើខ្លួនប្រាណរបស់យើង នៅមានអវយវៈ ៤កន្លែងទៀត ដែលអាចចង្អុលបញ្ជាក់ច្បាស់ថា វាជាខ្លួនរបស់យើងយ៉ាងពិតប្រាកដ ខុសពីអ្នកដទៃ ដូចគ្នានឹងស្នាមក្រយៅដៃដែរ ដោយខាងសារព័ត៌មាន Medical Daily បានចេញផ្សាយឱ្យដឹងថា អវយវៈលើរាងកាយរបស់មនុស្សយើង គ្មានថ្ងៃដូចគ្នាបានឡើយ។ ដូច្នេះ តើមានអ្វីខ្លះទៅ?…សូមតាមដានជាបន្ត ធានាថា ពេលបានដឹងហើយ ច្បាស់ជាមានអារម្មណ៍នឹកចម្លែកចិត្តមិនខាន…

១.ស្លឹកត្រចៀក
លទ្ធផលនៃការសិក្សាស្រាវជ្រាវ ពីមហាវិទ្យាល័យ Southampton បានបង្ហាញឱ្យដឹងថា ស្លឹកត្រចៀករបស់មនុស្សម្នាក់ៗ នៅលើពិភពលោកនេះ មានលក្ខណៈខុសប្លែកពីគ្នាទាំងអស់ ដោយចាប់ផ្តើមពីផ្នែកកោងតាំងពីគុម្ពត្រចៀក រហូតមកដល់ទងត្រចៀក ជាពិសេសបន្ទះឆ្អឹងខ្ចី របស់ស្លឹកត្រចៀក មុនទៅដល់រន្ធត្រចៀកនោះ មានភាពខុសប្លែកគ្នាយ៉ាងមើលឃើញច្បាស់តែម្តង និងថែមទាំងជាភ័ស្តុតាងមួយ ដែលបង្ហាញពីភាពជាខ្លួនឯង ដែលហាក់ដូចជាច្បាស់លាស់ពិតប្រាកដ ជាងស្នាមក្រយៅដៃទៅទៀត។ ដោយសារហេតុផលដែលថា ស្លឹកត្រចៀកនឹងនៅតែស្ថិតក្នុងសភាពដដែល តាំងពីពេលយើងកើត រហូតដល់ពេលយើងធំ វាមានភាពប្រាកដប្រជា ជាងស្នាមក្រយៅដៃ ដែលអាចនឹងរលុបបាន នៅពេលដែលពេលវេលាកន្លងផុតយូរទៅ។

២.ប្រស្រីភ្នែក
យើងអាចនឹងធ្លាប់បានដឹងមកខ្លះៗហើយថា បច្ចុប្បន្ននេះ មានម៉ាស៊ីន ស្គែនកែវភ្នែក ជំនួសឱ្យការស្គែនម្រាមដៃ គឺចំណុចនេះហើយ ដែលធ្វើឱ្យកែវភ្នែកក្លាយជាអវយវៈមួយរបស់យើង ដែលមានឯកលក្ខណៈពិសេសដោយឡែកពីគ្នា។ វេបសាយ Federal Bureau of Investigation ឬ FBI ក៏បានបញ្ជាក់ហេតុផលពីលើបន្ថែមទៀតដែរថា ខណៈដែលយើងនៅជាទារក ប្រស្រីភ្នែកដែលជាសាច់ដុំរបស់កែវភ្នែក ត្រូវបានហ៊ុមព័ទ្ធយ៉ាងល្អនៅក្នុងសាច់ភ្នាស រហូតដល់ពេលយើងបើកភ្នែកចេញពីពោះម្តាយ ប្រស្រីភ្នែកនឹងត្រូវបើកឡើង ដើម្បីបំពេញតួនាទី ទទួលយកពន្លឺដែលចាំងចូលមកប៉ះនឹងកែវភ្នែក ដោយលក្ខណៈការបើករបស់ប្រស្រីភ្នែក តាំងពីពេលកើតដំបូងរបស់មនុស្សម្នាក់ៗ មានឯកលក្ខណៈមិនដូចគ្នាទេ ធ្វើឱ្យម៉ាស៊ីនស្គែន អាចចាប់ភាពខុសប្លែកពីគ្នានេះបានយ៉ាងច្បាស់ និងអាចបញ្ជាក់ពីអត្តសញ្ញាណរបស់បុគ្គលម្នាក់ៗបានយ៉ាងត្រឹមត្រូវ។

៣.អណ្តាត
ក្នុងខណៈដែលធ្មញ និងស្នាមខាំរបស់ធ្មេញ ត្រូវបាននាំយកទៅធ្វើជាភ័ស្តុតាងពិសោធន៍ អំពីតួបុគ្គលនៅក្នុងតុលាការហើយនោះ នៅមានរបាយការណ៍ពីព្រិត្តិបត្រ Advances in Biometrics បានបញ្ជាក់បន្ថែមទៀតថា អណ្តាតក៏ជាអវយវៈមួយ ដែលបញ្ជាក់ពីអត្តសញ្ញាណរបស់បុគ្គលម្នាក់ៗបានដូចគ្នា ដោយទីតាំងដែលសាងភាពខុសប្លែករបស់អណ្តាតរបស់មនុស្សម្នាក់ៗនោះ គឺស្ថិតនៅលើរូបរាង និងស្រទាប់ខាងលើរបស់អណ្តាតហ្នឹងឯង ដោយវានឹងនៅតែមានសភាពដូចមុនដដែល តាំងពីពេលយើងកើត រហូតដល់ពេលយើងស្លាប់។ ដូច្នេះហើយ ទើបគេអាចយកវា ទៅធ្វើជាភ័ស្តុតាង ដើម្បីស្វែងរកតួបុគ្គលបាន។

MaaHoo Studio/Stocksy United

៤.ដំណើរ
បើសាកល្បងសង្កេតមើលឱ្យច្បាស់ យើងនឹងឃើញថា លក្ខណៈការដើរ របស់មនុស្សម្នាក់ៗ មានឯកលក្ខណៈពិសេសផ្ទាល់ខ្លួនរៀងៗខ្លួន។ អ្នកខ្លះអាចដើរបង្អូសជើង អ្នកខ្លះអាចដើរយោលជើងជាចង្វាក់ និងទោះជាអ្នកខ្លះមានដំណើរស្រដៀងគ្នាខ្លះមែន តែលទ្ធផលនៃការសិក្សាស្រាវជ្រាវជាច្រើន បានអះអាងថា លក្ខណៈការឈានជើង ចង្វាក់ការដើរ និងការកម្រើកខ្លួន មិនអាចដូចគ្នាជាដាច់ខាត ហើយបើសិនជាយកតិចណូឡូជី ចាប់រូបភាព មកជួយបែងចែកពីឥរិយាបថដំណើររបស់មនុស្សម្នាក់ៗផងនោះ ម៉ាស៊ីននឹងអាចញែកភាពខុសប្លែកគ្នានោះ បានយ៉ាងច្បាសលាស់ រហូតដល់ទៅ ៨៨%ឯណោះ។

គិតចុះគិតឡើង វាក៏ល្អដូចគ្នាដែរ បើសិនជាអាចពឹងលើអវយវៈនៅលើរាងកាយទាំង ៤កន្លែងនេះ សម្រាប់បញ្ជាក់អត្តសញ្ញាណតួបុគ្គលបាន ក្រៅពីស្នាមក្រយៅដៃតែម្យ៉ាងនោះ។ អាចនិយាយបានថា វាជាជម្រើសដែលគួរតែមានប្រយោជន៍ច្រើនណាស់ក្នុងការស៊ើបអង្កេត ឬសូម្បីតែការពិសោធ រកអត្តសញ្ញាណខាងវេជ្ជសាស្ត្រ ក៏ល្អមិនស្ទើរដែរ៕

×