Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នេហា និងអាពាហ៍ពិពាហ៍៖ សញ្ញាដាស់តឿន ៥យ៉ាង បង្ហាញថា “សម្ព័ន្ធភាពស្នេហ៍” ចេញសញ្ញា ទៅលែងរួច

នៅពេលមនុស្ស ២នាក់ យល់ព្រមសម្រេចចិត្តរស់នៅជាមួយគ្នាជាជីវិតគូហើយ ក៏តែងតែនឹកសង្ឃឹមថា នឹងបានគ្រងសេចក្ដីស្នេហាទៅជាមួយគ្នាឱ្យបានស្ថិតស្ថេរយូរអង្វែង តែពេលខ្លះ “សេចក្ដីស្នេហា” តែម្យ៉ាង អាចនឹងមិនគ្រប់គ្រាន់សម្រាប់ការទប់ប្រគងជីវិតគូ ឱ្យទៅដល់ត្រើយសុភមង្គលបានឡើយ។ លោកស្រីសាស្ត្រាចារ្យល្បីឈ្មោះ Berit Brogaard អ្នកជំនាញការខាងស្នេហា និងជីវិតគូ បានសរសេរអត្ថបទដ៏គួរឱ្យចាប់អារម្មណ៍មួយនៅក្នុងវេបសាយ “Psychology Today” ពាក់ព័ន្ធនឹងសម្ព័ន្ធភាពស្នេហ៍ ដែលអាចនឹងធ្វើឱ្យជីវិតគូទៅមុខលែងរួច ដូចតទៅ…

១-នៅជាមួយគ្នា និងតាមជាប់ស្អិតជ្រុលពេក
ទោះជារស់នៅជាមួយគ្នាជាជីវិតគូមែន តែអ្នកក៏គួរឱ្យគូស្នេហ៍បានមានពេលវេលាផ្ទាល់ខ្លួនរបស់គេ ឬបានទៅជួបជុំរីករាយជាមួយមិត្តភក្តិខ្លះផង។ ការនៅជាមួយគ្នាយ៉ាងជាប់ស្អិត មិនព្រមឃ្លាតពីគូស្នេហ៍ជ្រុលហួសហេតុពេក អាចនឹងធ្វើឱ្យសម្ព័ន្ធភាពស្នេហ៍រង្គោះរង្គើបាន។

២-អាស្មិមានះ និងរឹងត្អឹងលើភាពជាខ្លួនឯងខ្លាំងជ្រុលពេក
ការសម្របសម្រួល និងការបន្ទន់ឥរិយាបថចូលរកគ្នា គឺជាកូនសោនៃភាពជោគជ័យក្នុងការរស់នៅជាជីវិតគូ ព្រោះគូស្នេហ៍ដែលមានភាពអស្មិមានះ និងរឹងត្អឹងលើភាពជាខ្លួនឯងខ្លាំងជ្រុលពេក អាចធ្វើឱ្យកើតមានភាពប្រឆាំងគ្នាបាន ដោយសារតែម្នាក់ៗមិនព្រមទទួលស្ដាប់គំនិតយោបល់របស់គ្នា។

៣-មិនព្រមធ្វើជាអ្នកលះបង់ឱ្យគូស្នេហ៍
ការរស់នៅជាក្រុមគ្រួសាររួមគ្នា ពិតជាត្រូវការការលះបង់សេចក្ដីសុខផ្ទាល់ខ្លួនខ្លះៗទៅឱ្យគូស្នេហ៍ខ្លាំងណាស់ ព្រោះថា បើសិនប្រកាន់ខ្ជាប់តែសេចក្ដីត្រូវការរបស់ខ្លួនឯងតែម្យ៉ាង ដោយមិនខ្វល់ខ្វាយពីតម្រូវការរបស់គូស្នេហ៍នោះ វាក៏អាចនឹងធ្វើឱ្យជីវិតស្នេហ៍បាក់បែកដួលរលំបានដែរ។

៤-មិនប្រាប់ឱ្យដឹង ពីអ្វីដែលខ្លួនឯងមានអារម្មណ៍រំខានចិត្ត
បើសិនគូស្នេហ៍ មានចរិតនិស្ស័យ ឬទង្វើដែលធ្វើឱ្យមានអារម្មណ៍រំខានចិត្ត តែមិនព្រមប្រាប់គ្នាត្រង់ៗ ដើម្បីឱ្យគូស្នេហ៍បានដឹង និងកែសម្រួលខ្លួននោះ ក៏អាចនឹងធ្វើឱ្យកើតមានអារម្មណ៍ទើសទាល់ ឬរំខានចិត្តបានដែរ ហើយទីបំផុត វាត្រូវតែផ្ទុះចេញមក និងធ្វើឱ្យបែកបាក់ជាមិនខាន។

៥-មានអារម្មណ៍ថា មិនស្មើភាពគ្នាខាងភេទ
ទោះជាសង្គមបានផ្ដល់ភាពសំខាន់ទៅលើភាពស្មើភាពគ្នាខ្លាំងឡើងមែន តែជាញឹកញាប់ណាស់ដែលមនុស្សប្រុសច្រើនតែគិតថា ការងារផ្ទះ ការមើលថែទាំកូន ឬការងារចង្ក្រានជើងឆ្នាំង គឺជាការងាររបស់មនុស្សស្រី ដែលរឿងនេះ វាអាចនឹងធ្វើឱ្យកើតមានបញ្ហាក្នុងសម្ព័ន្ធភាពគ្រួសារឡើងបាន ក្នុងករណីដែលខាងស្រី ក៏ត្រូវចេញទៅធ្វើការក្រៅផ្ទះដូចគ្នាដែរនោះ៕

×