ក្រសួងបរិស្ថានសហការជាមួយស្ថានទូត នៃប្រទេសស៊ុយអែត បានដាក់តាំង ពិព័រណ៌គំនូរទាក់ទងនឹងការប្រែប្រួលអាកាសធាតុចំនួន ២៩ ផ្ទាំង រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងបរិស្ថានជាន់ក្រោម ។
គោលបំណងនៃការដាក់តាំង ពិព័រណ៌ គឺដើម្បីលើកកម្ពស់ការយល់ដឹងស្តីពីការប្រែប្រួលអាកាសធាតុ តាមរយៈគំនិតច្នៃប្រឌិតរបស់ វិចិត្រករបរទេស និងវិចិត្រករខ្មែរ ដល់សាធារណជន សិស្ស និស្សិត បានទស្សនា និងសិក្សាស្វែងយល់បន្ថែមពីការប្រែប្រួលអាកាសធាតុក៏ដូចជាចូលរួមក្នុងកិច្ចគាំពារបរិស្ថាន។
លោក រ៉ាត់ សិទ្ធ អគ្គនាយករង នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន បានឱ្យដឹងថា ការតាំងពិព័រណ៌រូបភាពប្រែប្រួលអាកាសធាតុនេះ ជាការផ្សព្វផ្សាយដល់មន្ត្រីរាជការបានយល់ដឹងផង ហើយក៏ជាការបើកឱកាសផ្សព្វផ្សាយដល់សាធារណជន ជាពិសេសសិស្ស និស្សិត ដែលកំពង់សិក្សានៅ រាជធានីភ្នំពេញ និងតាមបណ្តាខេត្ត ដែលមានបំណងចង់ស្វែងយល់ពីការស្វែងយល់ពីការប្រែប្រួល អាកាសធាតុ ជាពិសេសទៀតគឺការទុកដាក់សំណល់ ការទុកដាក់សំណល់ប្លាស្ទិក និងជាឱកាសមួយ សម្រាប់ពង្រីកការយល់ដឹងបន្ថែមពីការប្រែប្រួលអាកាសធាតុតាមរយៈពិព័រណ៌គំនូរនេះ។
ជាមួយគ្នានេះដែរ កញ្ញា សៅ ស្រីម៉ៅ ជាអ្នកសិល្បៈផ្នែកគូរគំនូរ បានបង្ហាញពីអារម្មណ៍រីករាយ ក្នុងការ ចូលរួមបង្ហាញស្នាដៃគំនូរ៣ផ្ទាំង ក្នុងចំណោមរូប២៩ផ្ទាំង ដើម្បីចូលរួមផ្សព្វផ្សាយពីការប្រែប្រួលអាកាស ធាតុតាមរយៈរូបភាពជាក់ស្តែង ដែលកញ្ញាបានឃើញកន្លងមកទាំងនៅក្នុងប្រទេសកម្ពុជា និងបណ្តា ប្រទេសផ្សេងៗបានបង្ហាញពីភាពប្រែប្រួល ដែលបង្កមកពីការប្រែប្រួលអាកាសធាតុ។ យ៉ាងណាមិញ សកម្មភាពនេះក៏ជាការជំរុញ និងរួមចំណែកបំផុសឱ្យមានការចូលរួមទប់ស្កាត់ ដោយចូលរួមក្នុងកិច្ច គាំពារបរិស្ថាន ការការពារធនធានព្រៃឈើ អភិរក្សជីវៈចម្រុះ ជាពិសេសចូលរួមទប់ស្កាត់ការប្រែប្រួលអាកាសធាតុ៕ ដោយ ៖ បញ្ញាស័ក្តិ