ខេត្តមណ្ឌលគិរី ៖ ក្រសួងបរិស្ថាន បានរៀបចំវេទិកាស្ដីពី “ការការពារ និងអភិរក្សធនធានធម្មជាតិ” ក្រោមប្រធានបទ “សម្ព័ន្ធសហភាពសហគមន៍អភិរក្សធនធានធម្មជាតិ” នាថ្ងៃអង្គារទី១២ ខែមិថុនា ឆ្នាំ២០១៨ ក្រោមអធិបតីភាព លោក សូ ខនប្ញទ្ធីគុណ អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន និងមានការចូលរួមពីតំណាងអគ្គលេខាធិការដ្ឋានអភិវឌ្ឍន៍ដោយចីរភាព អគ្គនាយកដ្ឋានទាំងអស់របស់ក្រសួងបរិស្ថាន អាជ្ញាធរមូលដ្ឋាន មន្ទីរបរិស្ថាន សហគមន៍តំបន់ការពារធម្មជាតិមកពីទូទាំងប្រទេស ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល។
លោកញ៉ន សិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានឱ្យដឹងថា ការចងបណ្តាញនេះ ជាផ្នែកមួយដើម្បីឆ្លើយតបទៅនឹង គោលដៅជាយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ។
ក្នុងឱកាសនេះលោក សូ ខនប្ញទ្ធីគុណ បានលើកឡើងថា ការរៀបចំចងក្រងសហគមន៍មូលដ្ឋាននេះ ទាំងសហគមន៍តំបន់ការពារ ធម្មជាតិ សហគមន៍ព្រៃឈើ និងសហគមន៍ផ្សេងៗទៀត ជាបណ្តាញ មានគោលបំណងរួមក្នុងការប្រមូលកម្លាំងរួមគ្នា ដើម្បីពង្រឹងការការពារ និងអភិរក្សធនធានធម្មជាតិឱ្យមានប្រសិទ្ធភាពខ្ពស់។
លោក ខៀវ បូរិន អគ្គនាយក នៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋានក្រសួងបរិស្ថាន បានបញ្ជាក់ថា វេទិកា រយៈពេល២ថ្ងៃ នឹងផ្តោតលើការពិភាក្សា និងធ្វើបច្ចុប្បន្នភាព ពីការងារពាក់ព័ន្ធនឹងការការពារ និងអភិរក្សធនធានធម្មជាតិ នៅថ្នាក់មូលដ្ឋាន។ ការពិភាក្សាលើការរៀបចំ និងបង្កើតឱ្យមានយន្ដការសម្របសម្រួល និងគ្រប់គ្រងសហគមន៍មូលដ្ឋាន រចនាសម្ព័ន្ធថ្នាក់ជាតិ ថ្នាក់តំបន់ (ខាងកើតទន្លេមេគង្គ ខាងជើងបឹងទន្លេសាប និង ខាងត្បូងបឹងទន្លេសាប) និងថ្នាក់ខេត្ត (តំបន់ការពារធម្មជាតិ) នៅទូទាំងប្រទេស៕ ដោយ ៖ បញ្ញាស័ក្តិ