ខេត្តមណ្ឌលគីរី៖ ក្រសួងបរិស្ថានគ្រោងនឹងបង្កើតសម្ព័ន្ធសហភាពសហគមន៍អភិរក្សធនធានធម្មជាតិ នៅចុងខែមិថុនាឆ្នាំ២០១៨ នេះជាការលើកឡើងរបស់ លោក ខៀវ បូរិន អគ្គនាយក នៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាននៃក្រសួងបរិស្ថាននៅក្នុងវេទិកាស្តីពី “ការការពារ និងអភិរក្សធនធានធម្មជាតិ” លើប្រធានបទ “ការរៀបចំសម្ព័ន្ធសហភាពសហគមន៍អភិរក្សធនធានធម្មជាតិ” ដែលបានរៀបក្នុងរយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែមិថុនាឆ្នាំ២០១៨នៅ ខេត្តមណ្ឌលគីរី។
ក្នុងឱកាសនេះ លោក ខៀវ បូរិន បានលើកឡើងថា ការបង្កើតសម្ព័ន្ធសហភាពសហគមន៍អភិរក្សធនធានធម្មជាតិ មានបំណងសំខាន់ជំរុញសហគមន៍តំបន់ការពារធម្មជាតិ ចូលរួមយ៉ាងសកម្មក្នុងការគ្រប់គ្រង និងប្រើប្រាស់ធនធានធម្មជាតិឱ្យមាននិរន្តរភាព សម្រាប់មនុស្សជំនាន់បច្ចុប្បន្ន និង ជំនាន់ក្រោយៗ។
ដើម្បីធានាឱ្យ “ការរៀបចំសម្ព័ន្ធសហភាពសហគមន៍អភិរក្សធម្មធានធម្មជាតិ” ក្រោយពេលបង្កើតដំណើរការទៅដោយរលូន ឆ្លើយតបតាមតម្រូវការមូលដ្ឋានជាក់ស្តែង ក្រសួងបរិស្ថានបានរៀបចំកិច្ចពិភាក្សាជាមួយក្រសួង ស្ថាប័នពាក់ព័ន្ឋ រដ្ឋបាលថ្នាក់ជាតិ សហគមន៍តំបន់ការពារធម្មជាតិ ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល លើការរៀបចំចងក្រងលក្ខន្តិកៈ រចនាសម្ព័ន្ធថ្នាក់ជាតិ ថ្នាក់តំបន់ និងតាមបណ្ដាលខេត្តដែលមាន តំបន់ការពារធម្មជាតិ។
លោក ខៀវ បូរិន បានឱ្យដឹងថា សមាជិកគណៈ កម្មការសម្ព័ន្ធភាពសហគមន៍នឹងមានគណៈកម្មការសរុបចំនួន ៧៥ ទូទាំងតំបន់ការពារធម្មជាតិនៅទូទាំងប្រទេស។
សូមបញ្ជាក់ថានាពេលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបានដាក់បញ្ចូលផ្ទៃដីទំហំប្រមាណជាង ៧លានហិកតា ដែលមានតំបន់ការពារធម្មជាតិចំនួន ៥១ និងរបៀងអភិរក្សជីវចម្រុះចំនួន ៣។ រាជរដ្ឋាភិបាលបានទទួលស្គាល់នូវតួនាទីដ៏សំខាន់របស់សហគមន៍មូលដ្ឋានដែលបាន និងកំពុងបំពេញក្នុងការការពារ និងអភិរក្សធនធានធម្មជាតិនៅក្នុងតំបន់ការពារធម្មជាតិ ក៏ដូចជារបៀងអភិរក្សជីវៈចម្រុះផងដែរ។ មកត្រឹមឆ្នាំ២០១៧ ក្រសួងបរិស្ថានបានរៀបចំ និងទទួលស្គាល់ជាផ្លូវការនូវ សហគមន៍តំបន់ការពារធម្មជាតិចំនួន ១៥៣ នៅក្នុងតំបន់ការពារធម្មជាតិចំនួន ២០៕
ដោយ៖បញ្ញាស័ក្តិ