ប្រហែលមួយសប្តាហ៍មុន រូបភាពពីរបីសន្លឹកដែលបង្ហាញថង់វត្ថុរាវពណ៌លឿងៗ ដែលមើលទៅគួរអោយសង្ស័យថាជាទឹកនោម ដែលត្រូវបានដាក់ព្យួរឡើងរណេងរណោងពាសពេញលើដើមឈើ បានរីករាលដាលនៅលើបណ្តាញសង្គមរបស់ចិន បានបង្កឱ្យមានមតិជជែកដេញព្រោងព្រាតតែម្តង។
ទាក់ទងរូបភាពដ៏ចម្លែកនេះ អ្នកខ្លះឆ្ងល់ថាតើវាជាការដំឡើងសិល្បៈ ដែលបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីការកាប់បំផ្លាញព្រៃឈើ ដែលកំពុងកើតមានជាសកល ឬក៏ជាការបំពុលដែលបង្កើតដោយមនុស្សសម្លាប់ជីវិតរុក្ខជាតិ? ខណៈពេលដែលអ្នកផ្សេងទៀត ក៏គិតថា នេះអាចជាវិធីសាស្ត្រព្យាបាល ត្រូវបានរចនាឡើងដើម្បីជួយសង្រ្គោះដើមឈើ ពីផ្សិត ឬប៉ារ៉ាស៊ីតផ្សេងទៀត។ រីឯអ្នកខ្លះទៀត សូម្បីនិយាយថា វាជាការបំផ្លិចបំផ្លាញ ដោយថាថង់ទាំងនោះ គឺពោរពេញទៅដោយទឹកនោមរបស់មនុស្ស។ តែទោះជាយ៉ាងណា ការយល់ឃើញទាំងនេះ គឺសុទ្ធតែខុសទាំងអស់។
ដើម្បីបកស្រាយចំពោះមតិយល់ខុសទាំងនោះ ទំព័រហ្វេសហ្វេសប៊ុក Road Observation Academy ដែលបានបង្ហោះរូបភាពទាំងនេះ បានបញ្ជាក់ឲ្យដឹងថា ទាំងនោះ គឺជាថង់វត្ថុរាវ IV រាប់សិបថង់ ដែលត្រូវបានព្យួរពីមែកឈើ តភ្ជាប់ទុយោបៃតង ជាមួយនឹងម្ជុលធំ ដោតចូលទៅក្នុងគល់ឈើ ហើយថង់វត្ថុរាវទាំងនេះមិនមានសម្រាប់ការព្យាបាលទេ ប៉ុន្តែវាជាថ្នាំពុលដែលត្រូវបានរចនាឡើង ដើម្បីធ្វើសកម្មភាពយន្តការការពារខ្លួនរបស់ដើមឈើ ដើម្បីបង្កើតបានជាឈើថ្លៃបំផុតរបស់ពិភពលោក។
ដើមឈើ Kynam ឬហៅថា “kyara” ដូចដែលវាត្រូវបានគេស្គាល់នៅក្នុងទ្វីបអាស៊ី គឺជាប្រភេទឈើគ្រញូងដ៏កម្រមួយប្រភេទ ដែលប្រើក្នុងឧស្សាហកម្មទឹកអប់ និងគ្រឿងក្រអូបសម្រាប់ក្លិនក្រអូបដ៏ស្មុគស្មាញ និងភាពខ្លាំងអស្ចារ្យរបស់វា។ គួរឱ្យចាប់អារម្មណ៍ថា ខ្លឹមរបស់ដើម aquilaria គឺមិនមានក្លិនទេ ប៉ុន្តែនៅក្នុងលក្ខខណ្ឌជាក់លាក់ ដែលដើមឈើនេះផលិតជ័រខ្មៅមួយប្រភេទ ដែលបង្កើតជាឈើប្រណិតដ៏មានតម្លៃ។ ហើយទាំងនោះហើយ គឺជាកន្លែងដែលការព្យាបាលដោយ IV ចូលមក…។
គួរបញ្ជាក់ថា ឥឡូវនេះមានចំការឈើគ្រញូងពាសពេញអាស៊ី ចាប់ពីឥណ្ឌូនេស៊ី រហូតដល់មីយ៉ាន់ម៉ា និងវៀតណាម។ ហើយថ្វីត្បិតតែឈើគ្រញូងស្រុក មិនមានតម្លៃថ្លៃដូចឈើក្រញូងព្រៃ ដែលមានអាយុកាលរាប់រយឆ្នាំក៏ដោយ ក៏វានៅតែត្រូវបានគេចាត់ទុកថាជាវត្ថុធាតុដើម ដែលមានតម្លៃថ្លៃបំផុតនៅលើពិភពលោក៕ រក្សាសិទ្ធិដោយ៖ លឹម ហុង




