នារីៗយើង តើមានអ្នកណាធ្លាប់ដែរទេ ទាំងស្រឡាញ់ ទាំងលះបង់ទៅឱ្យបុរសម្នាក់ ដោយក្ដីសង្ឃឹមថា ថ្ងៃណាមួយ គេនឹងស្រឡាញ់អ្នកវិញមិនខាន តែ រង់ចាំ ១ថ្ងៃហើយ ១ថ្ងៃទៀត អ្វីគ្រប់យ៉ាងក៏នៅតែស្ងាត់បាត់សូន្យឈឹងដដែល ដូច្នេះ កុំទៅខាតពេលរង់ចាំអ្វីដែលគ្មានថ្ងៃក្លាយជាការពិតនោះធ្វើអីទៀត។ បើអ្នកមានអារម្មណ៍ថា ខ្លួនឯងហាក់ដូចជាកំពុងព្យាយាមខ្លាំងជ្រុលពេកហើយនោះ សូមសាកល្បងមកដឹងពីសញ្ញា ៥យ៉ាងដូចតទៅនេះលមើល មិនប្រាកដដែរណា៎ ជួនកាលអ្នកអាចនឹងបានទទួលចម្លើយអំពីការពិតនៅក្នុងចិត្តរបស់គេ ក៏អាចថាបានដែរ…
១-គេមិនដែលទូរស័ព្ទរកអ្នកមុនឡើយ
បើអ្នក និងគេមានលេខទូរស័ព្ទ មានឡាញ មានម៉េសសិនជើរ មានតេឡេក្រាមរវាងគ្នានឹងគ្នា តែគេមិនដែលទំនាក់ទំនងមកអ្នកមុនសោះ មានតែរូបអ្នកជាអ្នកឆាត ឬទូរស័ព្ទទៅរកគេមុន បើសិនជាបែបហ្នឹង សូមជម្រាបចុះថា ទង្វើនេះមិនមែនជាសញ្ញាល្អទេ និងជួនកាលអាចនឹងដល់ពេលដែលអ្នកត្រូវកាត់ចិត្ត និងត្រៀមចិត្តហើយ សម្រាប់ការឈប់រត់តាមស្នេហា ដែលគ្មានថ្ងៃក្លាយជាការពិតនេះ។
២-គេមិនត្រូវការដឹងរឿងរបស់អ្នកថែមទៀតទេ
បើមនុស្សប្រុសយកចិត្តទុកដាក់នឹងអ្នកមែននោះ គេនឹងចង់ដឹងពីរឿងរ៉ាវរបស់អ្នក និងដែលសំខាន់គេនឹងព្យាយាមស្វែងយល់ដឹងពីអ្នកដោយខ្លួនឯង តែផ្ទុយទៅវិញ បើគេមិនដែលសួរនាំរឿងផ្ទាល់ខ្លួនរបស់អ្នក ទាំងរឿង ថាតើអ្នកចូលចិត្តអី? តើអ្នកធ្លាប់ទៅដើរលេងនៅកន្លែងណាខ្លះ? មានតម្រូវការក្នុងជីវិតយ៉ាងម៉េច? នោះមានន័យថា គេមិនបានចាប់អារម្មណ៍លើរូបអ្នក ខ្លាំងជាងពាក្យថា មិត្តភក្តិឡើយ។
៣-គេរវល់នឹងការងារជាប់រហូត
ញឹកញាប់ណាស់ដែលអ្នកត្រូវរង់ចាំគេឡើងស្កក ដោយសារតែគេជាប់រវល់ការងារ ដូច្នេះសូមចាំទុកចុះថា បើមនុស្សប្រុសត្រូវការចង់ជួបអ្នកមែនទែននោះ គេនឹងមានពេលទំនេរសម្រាប់អ្នកជានិច្ច ហើយបើសិនពេលណាដែលគេអាចឆ្លៀតពេលមកជួបអ្នកបាននោះ អ្នកគួរតែប្រើឱកាសនោះឱ្យបានល្អបំផុត និងព្យាយាមសង្កេតមើលប្រតិកម្ម ដែលគេមានចំពោះអ្នក បើសិនគេនៅតែមានឥរិយាបថព្រងើយកន្តើយ ក៏គួរតែល្មមគ្រប់គ្រាន់ហើយប៉ុនហ្នឹង។
៤-គេមិនដែលមានវត្ថុអនុស្សាវរីយ៍អ្វីឱ្យអ្នកទេ
បុរសដែលចាប់អារម្មណ៍ចំពោះអ្នក គេនឹងមានវត្ថុអនុស្សាវរីយ៍ នំ ផ្កា ឬអ្វីក៏ដោយ យកមកផ្ញើអ្នកជាប់ជានិច្ច តែបើសិនជាគេនៅតែទៅណាមកណាជាមួយអ្នក តែមិនដែលមានអ្វីហុចមកឱ្យអ្នកសោះនោះ ហ្នឹងគឺមានន័យថា គេមិនបានចាប់អារម្មណ៍ពីអ្នក ដូចដែលអ្នកចាប់អារម្មណ៍ពីគេឡើយ។
៥-គេមិនដែលហើបមាត់ប្រាប់ពីជម្រៅចិត្តរបស់គេ
សម្រាប់បុរសណា ដែលមិនព្រមប្រាប់ពីអារម្មណ៍របស់ខ្លួនគេ ថាតើគេមានអារម្មណ៍យ៉ាងណាជាមួយអ្នក គិតតែពីនៅស្ងៀមធ្វើព្រងើយ ឬលាក់ទុកអារម្មណ៍នោះ អ្នកគួរតែតាំងស្មារតី និងកុំគិតថា គេមានចិត្តមកលើរូបអ្នកឱ្យសោះ ដោយសារតែថា បើសិនជាគេមានអារម្មណ៍ល្អជាមួយអ្នកមែននោះ គេច្បាស់ជានឹងចង់បកស្រាយពីជម្រៅចិត្តរបស់គេ ប្រាប់ឱ្យអ្នកដឹងមិនខាន។ ដូច្នេះកុំបណ្ដោយឱ្យការគិតកាន់ជើងខ្លួន ឬគិតថា គេមានចិត្តមកលើរូបអ្នក ដូចអ្នកមានចិត្តទៅលើរូបគេដែរនោះ ធ្វើឱ្យអ្នកខាតពេលវេលាធ្វើអី។
បើអ្នកជាមនុស្សម្នាក់ ដែលកំពុងទន្ទឹងរង់ចាំឱ្យសេចក្ដីស្នេហា សមដូចបំណងនោះ ចូរសួរខ្លួនឯងជាមុនសិនថា តើអ្នកមានសេចក្ដីសង្ឃឹមចំពោះគេម្នាក់នោះ ច្រើន ឬតិចប៉ុនណា? ដោយចម្លើយ ត្រូវតែមិនកុហកខ្លួនឯង និងបើសិនជាពិចារណាមើលរួចហើយ ឃើញថា គេគ្មានសញ្ញាណាមួយ ថានឹងស្រឡាញ់អ្នកបន្តិចណាសោះនោះ អ្នកក៏គួរតែល្មម ឬឈប់ត្រឹមប៉ុនហ្នឹងបានហើយ ព្រោះសេចក្ដីស្នេហាល្អៗ មានតម្លៃស័ក្តិសមសម្រាប់តែមនុស្ស ដែលគេស្រឡាញ់រូបអ្នកពិតប្រាកដប៉ុណ្ណោះ៕