ស្ត្រីកូរ៉េខាងត្បូងម្នាក់ បានឃើញរឿងចម្លែកមួយ ដោយគាត់បានដាក់ចំណីលើចានឲ្យឆ្មាអនាថាមួយក្បាលស៊ី ប៉ុន្តែវាមិនព្រមស៊ីទាល់តែសោះ ប៉ុន្តែនៅពេលគាត់ដាក់ចំណីខ្ចប់ក្នុងថង់ វាក៏ពាំរត់ទៅយ៉ាងលឿន។ ស្ត្រីនោះមានការចម្លែកក្នុងចិត្ត ហើយថ្ងៃមួយគាត់តាមមើលវាជាប់រហូត ទីបំផុតទើបដឹងពីមូលហេតុដែលវាមិនស៊ីចំណីដាក់លើចាន។
នៅក្នុងវីដេអូ ដែលបង្ហោះដោយ Youtube channel ឈ្មោះ SBS TV ពួកគេបានដាក់ឈ្មោះឆ្មានោះថា Dongsuk និងបានបញ្ជាក់ថា វាមិនព្រមស៊ីចំណីនៅលើចានសោះ តែនៅពេលដាក់ចំណីខ្ចប់ក្នុងថង់ វាបែរជាពាំរត់ទៅយ៉ាងលឿន។
នៅពេលស្ត្រីតាមវាដល់កន្លែង ទើបដឹងច្បាស់ថា ការពិតវាមិនព្រមស៊ីអាហារក្នុងចាន និងពាំអាហារខ្ចប់ក្នុងថង់ គឺដោយសារតែវាទុកយកទៅឲ្យកូនវានៅឯផ្ទះស៊ីសោះ។
បើតាមការបញ្ជាក់ក្នុងវីដេអូ ឆ្មានោះបានកើតកូន ៥ក្បាល ប៉ុន្តែមានមួយក្បាលប៉ុណ្ណោះនៅរស់។ ដោយសារតែបាត់បង់កូន ៤ក្បាលដូច្នេះ ទើបមេឆ្មានោះខំ ដើម្បីឲ្យប្រាកដថា កូនមួយក្បាលរបស់វានៅរស់បានល្អ។
ឥឡូវនេះ ឆ្មា និងកូនរបស់វា មិនមែនអនាថាទៀតទេ គឺមានគេយកពួកវាទៅចិញ្ជឹម មើលថែយ៉ាងដិតដល់៕ សុភ័ក្ត្រ