Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សូម​ពិចារណា! ទាហាន​ច្រករបៀង កោះ​ស្កូរ គ្រាន់តែ​កាប់​មែក​អំពិលទឹក​លើ​ដី​របស់​ខ្លួន​សោះ ហា​មឃាត់​និង​ចាប់ខ្លួន ខណៈ​ជនជាតិ​វៀតណាម ចូល​មកលេង​ល្បែងកាស៊ីណូ​ភ្លូកទឹកភ្លូក​ដី បែរ​និយាយ​ថា…

spot_img

កាលពីពេលថ្មីៗនេះ ករណីទាហាននៅប៉ុស្តិ៍ច្រករបៀង កោះស្កូរ ស្ថិតក្នុងភូមិពោធិថ្មី ឃុំកោះសំពៅ ស្រុកពាមជរ៍ ខេត្តព្រៃវែង បានធ្វើឲ្យសាធារណជន សម្តែងនូវការហួសចិត្តយ៉ាងខ្លាំង ក្រោយពីបានឃើញធ្វើសកម្មភាពរេរាំងមិនឲ្យគ្រួសារជាម្ចាស់ដី កាប់មែកអំពិលទឹក ដើម្បីដាក់ចំរះ និងចាប់កម្មករស៊ីឈ្នួលកាប់ដាក់ប៉ុស្តិ៍ ខណៈជនជាតិវៀតណាម ចូលមកលេងល្បែងជល់មាន់ និងមកលក់ដូរ នៅកាស៊ីណូអត់ច្បាប់ នៅជាប់ទន្លេជិតច្រករបៀង កោះស្កូរ ក្នុង១ថ្ងៃៗរាប់រយនាក់ បែរជាអត់ចាប់!?។

យោងតាមរយៈវីដេអូ បុរសជាម្ចាស់ដី បាននិយាយខ្លាំងៗ និងសួរទៅកាន់អស់លោកជាទាហានទាំងនោះ «ដោយមិនដឹងថាប្រចាំការនៅប៉ុស្តិ៍ទីនោះ ដើម្បីការពារអ្វី ក្រៅពីបើកដៃឲ្យវៀតណាមចូលមកលេងល្បែង» ថា ដីភូមិរបស់គាត់ ទិញមានឯកសារមានច្បាប់ត្រឹមត្រូវ (គិតមកត្រឹមពេលនេះ មានរយៈពេល៤ឆ្នាំហើយ) តើហេតុអ្វីបានជាមករេរាំង និងចាប់កម្មកររបស់គាត់ ដែលគាត់ជួលពីត្រើយម្ខាង? ខណៈជនជាតិវៀតណាមដទៃទៀត ចូលមកលេងល្បែងភ្លូកទឹកភ្លូកដី ចុះហេតុអ្វីមិនចាប់ផង។ ត្រង់សំណួរនេះ បានធ្វើឲ្យទាហានចំណាស់ៗទាំងនោះ គាំងយោបល់ និងឆ្លើយតបថា ចង់ថតអីថតទៅ អាល្បែងហ្នឹងជារឿងរបស់គេផ្សេង «ខ្ញុំអត់ដឹងទេ!!»។

ទាក់ទងរឿងនេះ គេក៏បានឃើញបុរសម្នាក់ ស្រាប់តែបានចេញមុខនៅក្នុងចំណោមទាហានទាំងនោះ មកអះអាងថា ខ្លួនជាម្ចាស់ដី និងថាដីនេះជាដីមានទំនាស់ជាមួយបុគ្គលនេះបុគ្គលនោះ ហើយថាមិនដែលបានស្គាល់មុខគ្រួសារពួកគាត់ទេ ប៉ុន្តែ នៅពេលបុរសជាម្ចាស់ដីថ្មី ដែលបានទិញមានឯកសារ មានច្បាប់ត្រឹមត្រូវ ប្រាប់ថា ឲ្យទៅប្តឹង ឲ្យទៅដោះស្រាយគ្នានៅចំពោះមុខច្បាប់ទៅ និងសួរថា បើខ្លួនជាម្ចាស់ដីពិតប្រាកដ ហេតុអ្វីមិនយកដីកាហាមឃាត់ចេញមក ម៉េចបែរជាចេញមកធ្វើច្បាប់ព្រៃបែបនេះ ស្រាប់តែអ្នកចេញមុខអះអាងរូបនោះ ហាក់គ្មានពាក្យអ្វីតតាំង និងបានត្រឹមងាកមុខទៅរកទាហាន អេះក្បាល ហើយចុងក្រោយជិះម៉ូតូចាកចេញ។

តែទោះជាយ៉ាងណា គេក៏មិនដឹងថា រឿងរ៉ាវនេះមានការគប់គិតគ្នាធ្វើស៊ីបែបណានោះទេ ប៉ុន្តែ អ្វីដែលចាប់អារម្មណ៍នោះ គឺថាទាហានទាំងនោះ ដែលបាននិយាយថាធ្វើតាមបញ្ជាមេ គឺបែរជាចាប់កម្មករវៀតណាម២នាក់ ដែលគ្រួសារនេះបានជួលមកពីត្រើយម្ខាង ហើយសូម្បីបានសុំច្បាប់ត្រឹមត្រូវទៀតផង។ ចំពោះសកម្មភាពនេះ ត្រូវបានបុរសជាម្ចាស់ដី ដែលគាត់ទិញពីគេមានឯកសារ មានច្បាប់ត្រឹមត្រូវ និយាយថា វៀតណាមកមកពីព្រៃនគរ ចូលមកលេងល្បែង និងចូលមកលក់ដូរ ក្នុង១ថ្ងៃៗរាប់រយនាក់ មិនចាប់ទេ បែរជាមកចាប់កម្មកររបស់គាត់២នាក់ ដែលជួលពីត្រើយម្ខាងបែបនេះ ជួយមើលចុះបងប្អូន!។ បើតាមកូនស្រីរបស់គាត់ ត្រូវបានលឺនិយាយថា ទាហានច្រករបៀបទាំងនោះ ហាក់គៀបសង្កត់តែមកលើគ្រួសាររបស់នាងតែម្តង ខណៈអ្នកផ្សេងទៀត គេកាប់មែកអំពិលទឹកធម្មតាប៉ុណ្ណោះ។

អ្វីដែលគួរឲ្យហួសចិត្តខ្លាំងបំផុតទៀតនោះ គឺនៅពេលសួរថា ហេតុអ្វីចាប់តែគាត់ម្នាក់ ទាហានម្នាក់បែរជានិយាយថា មេឲ្យចាប់តែវៀតណាមជាកម្មករនោះ (ព្រោះឆ្លងដែន) ប៉ុន្តែវៀតណាមរាប់រយនាក់ផ្សេងទៀតចូលមកលេងល្បែង (ឆ្លងដែនដូចគ្នា) បែរជាអត់ចាប់??។ ហើយស្របពេលនោះ បុរសដែលមកអះអាងថាជាដីរបស់ខ្លួន ក៏បាននិយាយបែបព្រៃថា អ្នកចូលមកលេង… គេម៉េចចាប់ គេចាប់តែអ្នកចូលស៊ីឈ្នួលកាប់មែកអំពិលទឹកតើ!!។

ជាមួយគ្នានេះផងដែរ បុរសជាពលរដ្ឋដែលបានទិញដីនោះច្រើនឆ្នាំមកហើយ ដែលមានគណនីហ្វេសប៊ុកឈ្មោះ ឈុន សុង បានបង្ហោះឲ្យដឹងថា «សូមបងប្អូនជួយស៊ែទាំងអស់គ្នាផង កម្លាំងទាហ៊ាន នៅកោះស្កូរ ភូមិពោធិថ្មី ឃុំកោះសំពៅ ស្រុកពាមជរ៍ ខេត្តព្រៃវែង គ្រាន់តែខ្ញុំមកកាប់ដើមអំពិលទឹកនៅលើដីខ្ញុំសោះ ក៏មកហាមឃាត់ចាប់ចងនិងគំរាម ចំណែកយួនចូលមកកាស៊ីណូកោះស្កូរ 2,3 រយនាក់ និងចូលលក់ដូរពេញហ្នឹង បែរជាមិនចាប់ទៅវិញ សូមរដ្នអំណាចថ្នាក់លើជួយដោះស្រាយរកយុត្តិធម៏ឲ្យរូបខ្ញុំបាទដោយក្តីអនុគ្រោះ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×