Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នេហា និងអាពាហ៍ពិពាហ៍៖ រឿងសំខាន់ដែលអ្នកគួរដឹង មុនគិតចង់សេពគប់អ្នកណាម្នាក់យ៉ាងពិតប្រាកដ…

សម័យនេះ ការទំនាក់ទំនងគ្នាតាមបណ្ដាញសង្គម ធ្វើឱ្យមនុស្សយើងអាចជជែកនិយាយគ្នា បានកាន់តែងាយស្រួលឡើង។ Application ស្វែងរកគូ មានពេញទឹកពេញដី ធ្វើឱ្យកំលោះក្រមុំទាំងឡាយ អាចណាត់ជួបគ្នាបានកាន់តែងាយឡើងដែរ តែភាពងាយស្រួលនេះ វាក៏មកជាមួយនឹងសម្ព័ន្ធភាព ដែលមិនស្ថិតស្ថេរយូរអង្វែងដែរ ព្រោះម្នាក់ៗមិនបានពិនិត្យមើលអ្វីៗអំពីគ្នាឱ្យបានស៊ីជម្រៅឡើយ។ ការដែលអ្នកចង់សម្រេចចិត្តសេពគប់ជាមួយនរណាម្នាក់នោះ អំឡុងពេលដែលគេហៅថា “មើលចិត្តមើលថ្លើមគ្នា” នោះ សំខាន់ខ្លាំងណាស់ ព្រោះអ្នកនឹងបានស្គាល់ច្បាស់អំពីរូបគេ ឬនាង បានដឹងពីប្រវត្តិថា តើមនុស្សដែលអ្នកកំពុងមើលចិត្តមើលថ្លើមនោះ មានបទពិសោធជីវិតបែបណា ក្រុមគ្រួសារ និងបែបបទជីវិតរបស់គេ អាចទៅជាមួយអ្នកបានដែរឬទេ?

តទៅនេះ គឺរឿងដែលអ្នកត្រូវពិនិត្យមើលឱ្យបានច្បាស់លាស់ មុននឹងសម្រេចចិត្តយល់ព្រមជាមួយនរណាម្នាក់…

១.តើគេ ឬនាងម្នាក់ហ្នឹង មានគូជីវិតហើយឬនៅ?
នេះគឺជារឿងសំខាន់ មុននឹងសម្រេចចិត្តយល់ព្រមជាមួយនរណាម្នាក់យ៉ាងពិតប្រាកដ។ នេះគឺជារឿងសំខាន់មុនគេ ដែលអ្នកគួរសួរគេ ឬនាងយ៉ាងត្រង់ៗ ដើម្បីឱ្យបានច្បាស់លាស់ទាំង ២នាក់ ព្រោះសព្វថ្ងៃនេះ មនុស្សដែលមានគូហើយ តែចូលចិត្តធ្វើខ្លួនឯង ដូចនៅលីវ និងដើរតែទំនាក់ទំនងជាមួយអ្នកឯទៀត បែបផ្ដល់ក្ដីសង្ឃឹមទៅគេនោះ មានច្រើនណាស់។ តែប្រការសំខាន់ វាស្ថិតនៅលើអ្នកខ្លួនឯង បើបានទទួលចម្លើយយ៉ាងត្រង់ទៅត្រង់មកហើយថា គេ ឬនាង មានគូហើយ នោះគឺរូបអ្នកខ្លួនឯងហ្នឹងហើយ ដែលជាអ្នកសម្រេចចិត្តថា តើនឹងបញ្ចប់ ឬបន្តទៅទៀត?

២.តើគេ ឬនាងម្នាក់ហ្នឹង នៅលីវ យូរប៉ុនណាហើយ?
រឿងសំខាន់ទី២ ដែលអ្នកគួរត្រូវដឹងបន្ទាប់ពីបានដឹងរួចហើយថា រូបគេ ឬនាងម្នាក់នោះ ពិតជានៅលីវមែននោះគឺ រយៈពេលដែលគេ ឬនាងម្នាក់នោះ គ្រងស្ថានភាពនៅលីវនោះយូរប៉ុនណាហើយ? រឹតតែមនុស្សដែលទើបតែលែងលះគ្នាមិនទាន់ដល់ ២ឆ្នាំផងនោះ ចូរកុំអាលសេពគប់ ឬមានទំនាក់ទំនងអីជិតស្និទ្ធពេក ព្រោះសម្ព័ន្ធភាពរវាងមនុស្ស ២នាក់ ដែលមានមកយូរហើយនោះ ធ្វើឱ្យចិត្តគេ នៅមិនទាន់ត្រៀមជាស្រេចសម្រាប់រូបអ្នកប៉ុន្មានឡើយ ឬអ្នកខ្លះដែលនៅលីវ និងលែងលះជាមួយអ្នកចាស់បានរយៈពេលយូរជាង ២ឆ្នាំមកហើយក៏ដោយ ក៏នៅតែគួរឱ្យបារម្ភដែរ ព្រោះទាំងអស់នោះ អាចមានន័យពីអារម្មណ៍ខាងក្នុងចិត្តរបស់មនុស្សម្នាក់នោះ នៅតែមិនអាចកាត់ដាច់ពីអ្នកចាស់បាន ហើយដោយសារសម្ព័ន្ធភាពបែបនេះ នឹងធ្វើឱ្យស្នេហាថ្មីរបស់អ្នក មិនគង់វង្សឡើយ។

៣.តើគេ ឬនាងម្នាក់ហ្នឹង មានការងារធ្វើឬអត់?
សំណួរ ១នេះ សម្រាប់សង្គមជនបរទេស ជាពិសេសនៅសហរដ្ឋអាមេរិក គេរាប់ថា ជារឿងប្រក្រតីធម្មតាសម្រាប់អ្នកដែលត្រូវចិត្តគ្នាដំបូងៗ ដែលគេនឹងសួរគ្នាថា តើអ្នកធ្វើការអីដែរ? តែសំណួរដែលសំខាន់បំផុតនោះគឺ “តើអ្នកមានការងារធ្វើ ឬក៏កំពុងទាត់ខ្យល់?”។ សំណួរនេះ អាចនិយាយបានថា សំខាន់ណាស់សម្រាប់ការសម្រេចចិត្តរបស់អ្នក ថាតើនឹងសេពគប់បន្ត ឬយ៉ាងណា? ព្រោះការមានការងារធ្វើ មានន័យពីការអាចចិញ្ចឹមជីវិតបានដោយខ្លួនឯង និងគ្មានបញ្ហារឿងហិរញ្ញវត្ថុ។ បើសេពគប់គ្នាហើយ គូស្នេហ៍របស់អ្នកគ្មានការងារធ្វើ សម្ព័ន្ធភាពស្នេហ៍ នឹងមិនសូវជាគង់វង្សប៉ុន្មានឡើយ ព្រោះគូស្នេហ៍របស់អ្នក នឹងត្រូវនៅចាំតែពឹងពាក់លើរូបអ្នកជាប់រហូតមិនខាន។
៤.តើគេ ឬនាងម្នាក់ហ្នឹង ចូលចុះជាមួយក្រុមគ្រួសារបានល្អទេ?
ចំណុចនេះ ក៏ជារឿងសំខាន់ដែលអ្នកត្រូវដឹងដូចគ្នា ព្រោះថា ក្រុមគ្រួសារ គឺការសាងសម្ព័ន្ធភាពដំបូងរបស់ជីវិតមនុស្ស។ ទង្វើ ឬទស្សនគតិដែលគេ ឬនាងមានចំពោះក្រុមគ្រួសារនេះ សំខាន់ណាស់ ព្រោះវានឹងបង្ហាញឱ្យដឹងថា គេ ឬនាង នឹងប្រតិបត្តិចំពោះរូបអ្នកយ៉ាងណា?។ ខ្លាំងជាងអ្វីទាំងអស់…បើអ្នកបានជជែកជាមួយគេ ឬនាងពីរឿងក្រុមគ្រួសារ នោះអ្នកនឹងបានដឹងតែម្ដងថា តើគេ ឬនាងម្នាក់នោះ នឹងមានចរិតនិស្ស័យបែបណា? បើគេ ឬនាង និយាយអំពីក្រុមគ្រួសារ ក្នុងសម្ព័ន្ធភាពដែលល្អ ហើយក្រុមគ្រួសារ គឺជាមនុស្សសំខាន់ដែលរុញច្រានឱ្យអ្នក និងគេ ឬនាង មានថ្ងៃនេះផងនោះ នោះបង្ហាញឱ្យដឹងថា នាង ឬគេម្នាក់នោះ គឺជាមនុស្សដែលមានមូលដ្ឋានអារម្មណ៍ដែលល្អ។ តែបើគេ ឬនាងនិយាយអំពីក្រុមគ្រួសារក្នុងលក្ខណៈដែលស្ថិតនៅឆ្ងាយពីគ្នា មិនមានអារម្មណ៍ពាក់ព័ន្ធស៊ីជម្រៅជាមួយក្រុមគ្រួសារ…បើសិនជាបែបហ្នឹងវិញ វាដូចជាពិបាកក្នុងការចូលទៅដល់ចរិតពិតរបស់គេ ឬនាងម្នាក់នោះបានណាស់។

៥.តើគេ ឬនាងម្នាក់ហ្នឹង មានកូនហើយឬនៅ?
សំណួរនេះ បើបានចម្លើយថា “មានហើយ” នោះមានន័យថា នាង ឬគេម្នាក់ហ្នឹង មិនអាចឱ្យអ្នកក្លាយជាមនុស្សសំខាន់ទី១ បានទេ ព្រោះកូនរបស់គេ ឬនាង គឺជាមនុស្សសំខាន់ទី១ ហើយបើវាជាបែបហ្នឹង ការភ្ជាប់សម្ព័ន្ធភាពរវាងអ្នក នឹងនាង ឬគេ អាចនឹងមានបញ្ហាបាននាពេលអនាគត…តែបើអ្នកសម្រេចចិត្តហើយថា នឹងសេពគប់ និងយល់ដឹងពីរឿងនេះច្បាស់ហើយ ក៏ត្រូវតែទទួលយកនូវអ្វី ដែលនឹងកើតឡើងឱ្យបានផងដែរ៕

Two business people man and woman character falling in love at work. Corporate romance concept. Vector flat cartoon graphic design isolated
×