បើលោកអ្នកមិនបានសង្កេតមើល ឬធ្លាប់ច្រឡំញ៉ាំអាហារសម្រេចរូប ឬអាហារកំប៉ុង ដែលផុតថ្ងៃកំណត់ ឬហួសដេឡេ ដោយមិនដឹងខ្លួនជាញឹកញាប់នោះ ថ្ងៃនេះយើងមានចម្លើយពីលោកវេជ្ជបណ្ឌិត អ្នកជំនាញខាងផ្នែកអាហារ និងសុខភាពមកជម្រាបជូនដូចតទៅ...
តើញ៉ាំអាហារកំប៉ុងដែលផុតថ្ងៃកំណត់ ឬហួសដេឡេ ញឹកញាប់ នឹងធ្វើឱ្យខូចសុខភាព ឬកើតមានជំងឺឈឺថ្កាត់ដែរឬទេ?
ការទទួលទានអាហារសម្រេចរូប អាហារវេចខ្ចប់ ឬអាហារកំប៉ុង ដែលផុតថ្ងៃកំណត់ញឹកញាប់ “មិនមែនជារឿងល្អទេ” ហើយតើយើងនៅតែទទួលបានគុណប្រយោជន៍ខាងភោជនាហារពីអាហារនោះ ដែរឬក៏អត់? ចំណុចនេះប្រហែលជាត្រូវពិចារណាមើលបន្តិចសិនហើយ…
ផលប៉ះពាល់ចំពោះសុខភាព ពេលបរិភោគអាហារដែលផុតកំណត់ហើយនោះ អាចជួបប្រទះតាំងពី “គ្មានផលប៉ះពាល់ចំពោះរាងកាយ” និង “មានផលប៉ះពាល់ដល់រាងកាយយ៉ាងធ្ងន់ធ្ងរ” អាស្រ័យលើប្រភេទរបស់អាហារ ដែលយើងទទួលទានចូលទៅនោះ។
លើកឧទាហរណ៍ងាយៗ ដូចជា បើយើងបរិភោគដំណាប់ផ្លែឈើ ដែលទើបតែផុតកំណត់កាលពីម្សិលមិញ ឬយកដុំប៊័រដែលទើបតែផុតកំណត់កាលពី ២ថ្ងៃមុន មកធ្វើជាអាហារ ករណី ២នេះ ស្ទើរតែគ្មានហុចផលប៉ះពាល់អ្វីដល់សុខភាព ឬធ្វើឱ្យយើងមានជំងឺឈឺថ្កាត់អ្វីឡើយ។
តែបើយកត្រីខកំប៉ុងដែលក្លាស្សេទុកនៅក្នុងទូទឹកកក ដែលផុតកំណត់ ២សប្តាហ៍មកហើយ មកចម្អិនជាអាហារញ៉ាំ ឬក៏ទឹកដោះគោឆៅ ដែលផុតកំណត់កាលពី ១សប្តាហ៍មុន មកបរិភោគ វាអាចនឹងធ្វើឱ្យយើងកើតអាការរាករូស ក្អួតចង្អោរ ចុកពោះ ដោយសារតែអាហារទាំងនោះមានជាតិពុល និងធ្ងន់ធ្ងរអាចដល់ថ្នាក់ត្រូវនាំទៅដេកព្យាបាលក្នុងមន្ទីរពេទ្យទៀតផង ក៏អាចថាបានដែរ។ ដូច្នេះមុននឹងទិញអាហារកំប៉ុង ឬយកអាហារមកចម្អិនពិសា ត្រូវពិនិត្យមើលថ្ងៃផុតកំណត់ ឱ្យបានច្បាស់លាស់ជាមុនសិន។
ការសរសេរបញ្ជាក់ពីថ្ងៃផុតកំណត់នៅលើស្លាកផលិតផលអាហារ មានរូបភាពខុសប្លែកពីគ្នា ដូចជានៅក្នុងប្រទេសយើង ដែលជួបប្រទះញឹកញាប់នោះមាន ២បែបគឺ “គួរបរិភោគមុនថ្ងៃទី…ឬ Best Befor…ឬ BB…” ហើយនិង “ថ្ងៃផុតកំណត់ ឬ Expire…”។
ជាទូទៅ បើនៅលើស្លាកផលិតផលបញ្ជាក់ថា “គួរបរិភោគមុនថ្ងៃទី…” នោះ មានន័យថា អាហារនឹងនៅតែមានរសជាតិល្អ នៅមានគុណប្រយោជន៍ខាងភោជនាហារគ្រប់ចំនួន ដូចដែលមានបញ្ជាក់នៅលើស្លាកផលិតផលរហូតដល់ថ្ងៃនោះ។ ក្រោយពីថ្ងៃនោះទៅ រសជាតិ គុណភាព និងគុណប្រយោជន៍ខាងអាហារនឹងចុះថយ តែគ្មានបញ្ហាចំពោះសុខភាពឡើយ ដូច្នេះយើងអាចបរិភោគបានដោយគ្មានគ្រោះថ្នាក់ គ្រាន់តែអាចមិនបានទទួលគុណប្រយោជន៍ ដូចដែលគេបានសរសេរបញ្ជាក់នៅលើស្លាកផលិតផលតែប៉ុណ្ណោះ តែក៏នៅមានសរសេបញ្ជាក់ពីថ្ងៃផុតកំណត់ទុក មុននឹងអាហារនោះផុតកំណត់ ឬខូចគុណភាពដែរ។
ចំណែក “ថ្ងៃផុតកំណត់” នោះ មានន័យថា ថ្ងៃដែលអាហារនោះផុតអាយុកំណត់ ដែលក្រោយពីថ្ងៃនោះមក អាហារនោះនឹងផ្អូម ស្អុយ ឬខូច ហាមទទួលទាន និងគួរតែយកទៅបោះចោល។ អាហារដែលផុតអាយុកំណត់ហើយ នឹងមានផលប៉ះពាល់ដល់រាងកាយដូចជា អាហារមានជាតិពុល ធ្វើឱ្យចុកពោះ រាករូសខ្លាំង ក្អួត គ្រុនក្តៅខ្លួន វិលមុខ និងអាចកើតអាការអាចធ្ងន់ធ្ងរ រហូតកើតសភាវខ្វះជាតិទឹក និងដល់ថ្នាក់ត្រូវនាំទៅមន្ទីរពេទ្យក៏មានដែរ។
ដូច្នេះការពិនិត្យមើលលើស្លាកទំនិញ ដែលមានបញ្ជាក់ប្រាប់ពី “ថ្ងៃផុតកំណត់” ឬ “គួរបរិភោគមុនថ្ងៃ…” ដើម្បីឱ្យប្រាកដក្នុងចិត្តថា អាហារដែលយើងទទួលទាននោះ មិនខូចគុណភាព មិនធ្វើឱ្យប៉ះពាល់ដល់សុខភាព និងរាងកាយនោះ គឺជាវិធីមួយដ៏ល្អបំផុត៕