នេះគឺជាប្រវត្តិសាស្រ្តហើយ ដែលស្បែកសង្រែករបស់លោក Steve Jobs សហស្ថាបនិកក្រុមហ៊ុន Apple ត្រូវបានលក់ក្នុងតម្លៃជិត ២២០,០០០ ដុល្លារ។
ក្រុមហ៊ុនដេញថ្លៃ Julien’s Auctions ដែលមានមូលដ្ឋាននៅក្នុងរដ្ឋ California បាននិយាយកាលពីថ្ងៃអាទិត្យ ថា ស្បែកជើងស្បែករមាំងពណ៌ត្នោត “ដ៏ល្អ” ម៉ាក Birkenstocks ដែលមានអាយុកាលពាក់កណ្តាលទសវត្សរ៍ឆ្នាំ ១៩៧០ បានបង្កើតកំណត់ត្រាមួយសម្រាប់តម្លៃខ្ពស់បំផុត ដែលមិនធ្លាប់មាន។
ក្រុមហ៊ុនដេញថ្លៃនេះ ក៏បាននិយាយនៅលើគេហទំព័ររបស់ខ្លួនថា “ស្បែកជើងនេះ បង្ហាញនូវស្នាមជើងដក់ជ្រៅរបស់ Steve Jobs បន្ទាប់ពីប្រើប្រាស់អស់ជាច្រើនឆ្នាំ”។
Julien’s បាននិយាយថា ស្បែកសង្រែកនេះ ត្រូវបានគេរំពឹងថា នឹងនាំមកនូវតម្លៃ ៦០,០០០ ដុល្លារ ប៉ុន្តែតម្លៃលក់ចុងក្រោយ ជាមួយនឹងឈ្មោះ NFT ដែលមានភ្ជាប់មកជាមួយ គឺ ២១៨,៧៥០ ដុល្លារ។ ប៉ុន្តែ អ្នកទិញមិនត្រូវបានបញ្ជាក់ឈ្មោះឲ្យដឹងនោះទេ។
លោក Jobs បានស្លាប់នៅឆ្នាំ ២០១១ ដោយសារផលវិបាកនៃជំងឺមហារីកលំពែង។
Dareen Julien នាយកប្រតិបត្តិ និងជាស្ថាបនិករបស់ក្រុមហ៊ុន Julien Auctions បានថ្លែងប្រាប់ CNN ដូច្នេះថា «លោក Steve Jobs បានផ្លាស់ប្តូរពិភពលោកមិនត្រឹមតែតាមរយៈការច្នៃប្រឌិតបដិវត្តន៍ប៉ុណ្ណោះទេ ប៉ុន្តែជាមួយនឹងរចនាបទភាពជាអ្នកដឹកនាំអាជីវកម្ម និងម៉ូដរបស់គាត់ក្នុងការពាក់ស្បែកជើងផងដែរ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង






