រណ្តៅ និងផ្លូវមិនស្មើគ្នា គឺជាបញ្ហាដ៏ធំមួយនៅក្នុងប្រទេសម៉ាឡេស៊ី ព្រោះថាជាការពិតណាស់ ដែលអ្នកធ្វើដំណើរតាមម៉ូតូ បានស្លាប់ ដោយសារជួបគ្រោះថ្នាក់ដោយចៃដន្យ។ ជាក់ស្តែង កាលពីប៉ុន្មានថ្ងៃមុននេះ សិស្សម្នាក់នៅ Johor បានស្លាប់ ដោយសារជិះម៉ូតូធ្លាក់ជង្ហក់ ដែលមិនអាចមើលឃើញ។
ទោះជាយ៉ាងណា ដោយសារតែមិនមានការអើពើពីអាជ្ញាធរមូលដ្ឋាន ប្រជាប្រជាពលរដ្ឋតែងតែយកបញ្ហានេះ មកដាក់ក្នុងដៃរបស់ពួកគេ ដោយនាំគ្នាចាក់បំពេញរណ្តៅ និងសូម្បីដាំដើមឈើក្នុងរណ្តៅ ដើម្បីទទួលបានការយកចិត្តទុកដាក់ពីអាជ្ញាធរ។
តែដោយឡែក កាលពីពេលថ្មីៗនេះ ប្រជាជនម៉ាឡេស៊ី ពិតជាមានការហួសចិត្ត និងសើចចំអកយ៉ាងខ្លាំង បន្ទាប់ពីបានឃើញសកម្មភាពខិតខំប្រឹងដ៏ខ្វះខាតរបស់បេក្ខជនម្នាក់មកពី Perikatan Nasional ក្នុងការ “ជួសជុល” រណ្តៅផ្លូវដែលគាត់បានប្រទះឃើញ។
នៅលើទំព័ហ្វេសប៊ុករបស់គាត់ឈ្មោះ Perikatan Nasional – Bukit Gelugor P051 គាត់បានចែករំលែកថា «ថ្ងៃនេះ យើងបានរកឃើញរណ្តៅនៅលើផ្លូវ ហើយដើម្បីការពារគ្រោះថ្នាក់សម្រាប់អ្នករាល់គ្នា យើងបានបំពេញនូវអ្វីដែលមាននៅលើផ្លូវនោះហើយ»។ ប៉ុន្តែ អ្វីដែលគួរឲ្យហួសចិត្តខ្លាំងនោះ គឺតាមរយៈរូបភាព បានបង្ហាញអ្នកនយោបាយរូបនេះ បានដាក់ថ្មដ៏ធំមួយដុំចូលទៅក្នុងរណ្តៅ ហើយបន្ទាប់មក បានដាក់សំបកកង់ឡានគ្រប ដើម្បីរារាំងអ្នកជិះម៉ូតូ កុំឱ្យជិះពីលើ។
ទោះជាយ៉ាងណា ប្រជាជនម៉ាឡេស៊ី មិនជឿថា ទង្វើនេះទទួលបានផ្លែផ្កាដូចអ្នកនយោបាយរូបនេះគិតនោះទេ។ ជាក់ស្តែង ក្រឡេកមកមើលផ្នែកបញ្ចេញមតិនៃការបង្ហោះរបស់គាត់ មនុស្សជាច្រើនបានចំអកឲ្យយ៉ាងចាក់ដោតថា “បងប្រុស ចង់ទាញសន្លឹកឆ្នោត គួរតែចំណាយលុយខ្លះទៅ។ ថ្មនេះមិនចំណាយអស់១កាក់១សេនសោះ ប៉ុន្តែ ធ្វើជាចេញមុខ ដើម្បីបង្ហោះសកម្មភាពដ៏ឆោតល្ងង់បែបនេះ។ អ្នកនឹងមិនទទួលបានសន្លឹកឆ្នោតចេញពីការងារនេះទេ ប្រសិនបើអ្នកធ្វើរបៀបនេះ…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង


