Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុវវ័យថ្ងៃនេះ៖ គូស្នេហ៍ចាស់វិលមកអង្វរសុំជាគ្នា…ចិត្តនៅស្រឡាញ់ តែមិនចង់បកក្រោយ ត្រូវធ្វើយ៉ាងម៉េចទៅ?

នៅពេលសេចក្ដីស្នេហារបស់អ្នក ដែលបានបញ្ចប់ទៅហើយ តែនៅសុខៗ ស្រាប់តែគូស្នេហ៍ចាស់ ដែលអ្នកធ្លាប់កាត់ចិត្តបានហើយថា នឹងឈប់ទាក់ទង និងមិនដែលគិតថានឹងវិលទៅរកវិញនោះ ស្រាប់តែត្រឡប់មកអង្វរសុំជាគ្នាវិញ រហូតដល់ធ្វើឱ្យចង់ចិត្តទន់ម្ដងម្កាលទៀតផង ព្រោះចិត្តនៅស្រឡាញ់ ប៉ុន្តែពេលនឹកដល់អតីតកាលដែលគ្មានសេចក្ដីសុខ ក៏មានអារម្មណ៍ឈឺចាប់ មិនចង់វិលទៅក្រោយវិញឡើយ ធ្វើឱ្យនៅក្នុងខួរក្បាលហាក់ដូចជាមានចិត្ត២ និងរារែក។ បើស្ថិតក្នុងស្ថានភាពបែបហ្នឹង ប្រហែលជានារីៗយើង ត្រូវមកដឹងពីវិធីដូចតទៅ ដើម្បីទុកជាដំណោះស្រាយហើយ…

ផ្ដល់ពេលវេលាឱ្យខ្លួនឯង និងរិះគិតរំឭកឡើងវិញឱ្យបានល្អ
បើសិនគូស្នេហ៍ចាស់ វិលមកអង្វរសុំជាគ្នាវិញ បែបមិនបានដឹងខ្លួនមុន និងស្របពេលដែលខ្លួនអ្នក ក៏នៅមិនទាន់មានអ្នកថ្មីដែរនោះ អាចនឹងធ្វើឱ្យកើតមានអារម្មណ៍ជ្រួលច្របល់វិលវល់ មានអារម្មណ៍នឹកខ្លាច
អតីតកាល មិនចង់ឈឺចាប់ដូចមុនទៀត តែក្នុងជម្រៅចិត្ត ក៏ចង់ត្រឡប់ក្រោយដូចគ្នាដែរ គ្រាន់តែមិនមែនពេលហ្នឹង។ បើស្ថិតក្នុងស្ថានការណ៍ដែលមិនទាន់បានត្រៀមខ្លួនបែបហ្នឹង យើងសូមណែនាំថា សូមអ្នកនាងដកថយចេញមកតាំងគោលជំហរសិន រួចហើយសឹមគិតឡើងវិញជាបណ្ដើរៗ បើសិនជាគេនៅមានចំណុចល្អច្រើន ហើយអ្នកនាងក៏នៅមិនទាន់កាត់ចិត្តដាច់ពីគេ ក៏កុំអាលបដិសេធលឿនពេក។

ប្រាប់ឱ្យគេ ត្រឡប់ទៅគិតឡើងវិញដូចគ្នា
នៅពេលដែលអ្នកនាងក៏ត្រូវរិះគិតឡើងវិញ គេក៏គួរតែត្រូវរិះគិតឡើងវិញដូចគ្នាដែរ ថាតើអតីតកាលកន្លងមកនោះ អ្នកទាំង២ បញ្ចប់ទំនាក់ទំនងគ្នាដោយសារមូលហេតុអ្វី? ហេតុអីបានទៅមុខទៀតមិនរួច? និងបើសិនជាមានការចាប់ផ្ដើមជាថ្មីកើតឡើង តើវានឹងវិលទៅដូចកាលពីមុនដែរឬទេ? ព្រោះជួនកាល ការដែលគេបានវិលត្រឡប់ទៅរិះគិតឱ្យបានច្រើនឡើង វាអាចនឹងទទួលបានចម្លើយដែលច្បាស់លាស់ រួចហើយសឹមសាកល្បងវិលមកនិយាយគ្នាជាថ្មីម្ដងទៀត ក៏មិនខាតបង់អ្វីដែរ។

សាកល្បងស៊ើបៗមើលថា តើគេវិលមកអង្វរសុំជាគ្នាវិញនេះ ដោយសារអ្វី?
បើសិនជាគូស្នេហ៍ចាស់ដែលបែកបាក់គ្នាយូរមកហើយ រហូតដល់គិតថា ជាតិនេះលែងបានជួបគ្នាទៀតហើយ ស្រាប់តែសុខៗ គេក៏វិលមកវិញ នោះវាអាចមិនមែនជាការវិលមក ដើម្បីគ្រាន់តែជាការអង្វរសុំជាគ្នាវិញទេដឹង? ដូច្នេះអ្នកនាងក៏ត្រូវសាកល្បងស៊ើបៗរកមើលទិន្នន័យ ដើម្បីឱ្យបានដឹងច្បាស់ដែរ ព្រោះអាចនិយាយបានថា ទុកជាការការពារខ្លួនឯងផង។ សាកល្បងសាកសួរទៅមិត្តជិតស្និទ្ធគ្រប់គ្នា និងឆែកមើលក្នុងបណ្ដាញសង្គម មើលពីស្ថានភាពកន្លងមករបស់គេ ដើម្បីឱ្យបានជឿជាក់ក្នុងចិត្តក្នុងកម្រិតមួយថា គេវិលមកនេះ មិនមែនដោយសារនឹកសង្ឃឹមផលប្រយោជន៍អ្វីម្យ៉ាង ដែលមិនល្អសម្រាប់យើងនោះទេ។

ថ្លឹងថ្លែងមើលថា បើវិលទៅជាគ្នាវិញ តើអាចនឹងឈឺចាប់ម្ដងទៀតទេ?
បើសាកល្បងឆែកមើល និងស៊ើបសួរគ្រប់យ៉ាងអំពីគេច្បាស់ហើយ ថ្លឹងថ្លែងចំណុចល្អ និងចំណុចអាក្រក់ល្អល្អះហើយ អីឡូវនេះក៏មកដល់ពេលដែលអ្នកនាងត្រូវសម្រេចចិត្តហើយថា តើនឹងបន្ត ឬចប់ត្រឹមប៉ុនហ្នឹង?។ បើសិនជាជ្រើសរើសយកការសម្រេចចិត្ត វិលទៅសេពគប់គ្នាឡើងវិញ អ្នកនាងត្រូវតែត្រៀមចិត្តចាំទទួលយកការប្រឈម ដែលអាចនឹងវិលទៅឈឺចាប់ដូចកាលពីមុនឱ្យបាន តែបើសិនគិតថា មិនថយក្រោយ ក៏ត្រូវសម្រេចចិត្តឱ្យដាច់ខាត ដើម្បីឱ្យរូបគេ និងអ្នកនាង បានទៅចាប់ផ្ដើមជាថ្មីរៀងៗខ្លួន មិនចាំបាច់មកនឹករំពឹងសង្ឃឹមអ្វីពីគ្នាទៀតឡើយ។

ទាំងអស់នេះ ការវិលមកវិញរបស់គូស្នេហ៍ចាស់នេះ នារីៗយើង អាចត្រូវប្រយ័ត្នប្រយែងឱ្យខ្លាំងឡើង ព្រោះគេអាចនឹងលួចទៅកសាងគ្រួសារនៅឯណាដោយយើងមិនបានដឹង ហើយវិលមកសុំជាគ្នាជាមួយយើង រហូតធ្វើឱ្យកើតរឿងរ៉ាវស្នេហាត្រីកោណឡើង។ ដូច្នេះចូរកុំយកអារម្មណ៍ដែលទន់ជ្រាយរបស់ខ្លួនឯងធ្វើជាមូលដ្ឋានក្នុងការសម្រេចចិត្តឱ្យសោះ មិនដូច្នោះទេ អ្នកនាងអាចនឹងខកខានឱកាសបានជួបនឹងមនុស្សដែលល្អជាង ក៏អាចថាបានដែរ៕

Couple having relationship difficulties
Image of young man begging his girlfriend to forgive him
Angry woman doesn’t pay attention to her boyfriend who is asking for her forgiveness.
×