នៅក្នុងសង្គមមនុស្ស គេពុំដែលឃើញយក្សសោះ តែហេតុដូចមេ្តចបានជាមានវត្តមានរបស់យក្ស សន្ធឹកសន្ធាប់ម្ល៉េះនៅក្នុងរឿងព្រេងនិទាន ជាតកឬទេវកថា ដូចជារឿងរាមកេរ្តិ៍ មហាភាតរៈ និងក្នុងអក្សរសិល្ប៍ខ្មែរទៅវិញ, តើអសុរកាយនេះកើតមកពីណា ? ហើយមានតាំងពីសម័យណាមក ?
ចម្លាក់ឥដ្ឋ, អង្គរបុរី, សារមន្ទីជាតិពន្ធុវិទ្យា, ទួលគោក (ថត ១៩៩៥)
ចំពោះសំណួរនេះ ជាបឋម យើងសូមជម្រាបថា យក្សគឺជាសមិទ្ធិផលសង្គម ដែលគេបានប្រឌិតឡើងដោយរូបារម្មណ៍ សម្រាប់តំណាងឲ្យសភាវៈអាក្រក់ ខុសពីទេវតា ដែលជានិមិត្តរូបនៃអំពើល្អ ។ ដូច្នេះ គេត្រូវយោងទៅលើមូលដ្ឋានសីលធម៌ ដើម្បីស្វែងយល់ពីអត្ថន័យឬអត្ថរស របស់យក្សក្នុងសង្គមខ្មែរ ។ យក្សក៏ជាប់ពាក់ព័ន្ធយ៉ាងជិតស្និទ្ធជាមួយជំនឿសាសនា ដែលជាប្រភពនៃការដុះដាល នៃសិល្បៈខ្មែរគ្រប់យុគសម័យទាំងអស់ក្នុងប្រវត្តិសាស្ត្រខ្មែរ- អ្វីមួយដែលបានចែងក្នុងទេវកថាវិទ្យាឥណ្ឌូ-ខ្មែរ ។
រួមសេចក្តីមក យក្សជាអច្ឆរិយបុគ្គល តំណាងឲ្យសភាវៈអាក្រក់ឬអសុរកាយ ។ ថ្វីត្បិតតែមានមហិទ្ធិឫទ្ធខ្លាំងក្លាអស្ចារ្យ ប៉ុន្តែមិនដែលនៅខាងសភាវៈល្អឡើយ ព្រោះស្ថិតក្នុងក្រុមអមនុស្ស ។ ជានិច្ចកាល ពពួកយក្សទាំងនោះ រមែងតែងត្រូវផ្ចាញ់ដោយព្រះអាទិទេពដែលតំណាងឲ្យតួអង្គនៃអំពើល្អ ។
តាមការបកស្រាយខាងលើ សឲ្យឃើញថា យក្សពុំមានជីវិតពិតៗដូចមនុស្សលោកយើងទេ ហើយការដែលគេប្រៀបធៀបមនុស្សទៅនឹងយក្ស ក៏គ្រាន់តែគេចង់បង្ហាញដោយនិមិត្តរូបភាពនូវអំពើអាក្រក់ របស់មនុស្សខ្វះសីលធម៌ មានលក្ខណៈកោងកាច សាហាវ ព្រៃផ្សៃតែប៉ុណ្ណោះ ។
យក្ខមកពីក្រុងអង្គរធំ, ចុងស.វ.ទី ១២ ដើមទី ១៣ (សារមន្ទីរជាតិភ្នំពេញ)
គួរឲ្យដឹងដែរថា បុគ្គលអច្ឆរិយៈតំណាងអំពើអាក្រក់ អធម៌ ហឹង្សាទាំងនោះបានហូរចូលមកក្នុងអតីតប្រទេសខ្មែរគឺនគរភ្នំ តាមរយៈព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនា ដែលមានគម្ពីរ ក្បួនខ្នាតក្លឹង្គ ឬឥណ្ឌាជាមូលដ្ឋាន ។ ដូច្នេះហើយ បានជានៅក្នុងគម្ពីរក្បួនខ្នាតបុរាណជាច្រើនដូចជាករណីគម្ពីរត្រៃភូមិ ជាដើម គេឃើញមានការពណ៌នាអំពីស្ថានភាពយក្ស ស្ថានភាពមនុស្ស និងស្ថានភាពទេវតា ។
គឺក្នុងបរិបទនេះហើយ ទើបយើងបានរកឃើញនូវវត្តមានរបស់វត្ថុសិល្បៈជាច្រើន ធ្វើអំពីដីដុតតំណាងឲ្យពពួកយក្ស ឬជួនកាលយក្ខិនី នៅតាមបូជនីយដ្ឋាននានាដែលស្ថិតក្នុងបរិវេណនៃអតីតរាជធានីអង្គរបុរី ។ ជាភស្តុតាងនៃខឿនវប្បធម៌ខ្មែរនាសម័យបុរាណ វត្ថុសិល្បៈទាំងនោះត្រូវបានស្ថាបនាឡើងរវាងសតវត្សរ៍ទី៣ ដល់ទី៦ នៃគ្រិស្តសករាជ ដែលឆ្លុះបញ្ជាំងនូវឥទ្ធិពលដ៏ខ្លាំងក្លានៃសិល្បៈឥណ្ឌា ទាំងទម្រង់ ទាំងអត្ថន័យ ។
ចំពោះវត្ថុសិល្បៈទាំងនោះសព្វថ្ងៃនៅមានការជួញដូរជាសាធារណៈ នៅតាមទីផ្សារផ្សេងៗនៅឡើយ ដូចជាផ្សារទួលទំពូងជាដើម គប្បីមានការហាមឃាត់ពីសំណាក់អាជ្ញាធរមូលដ្ឋាន ដោយហេតុថាទង្វើរជាអវិជ្ជមាននេះ ពិតជានាំមកនូវការបាត់បង់ឬសគល់របស់ប្រវត្តិសាស្ត្រជាតិពុំខាន ។
គំនូរបង្អួច, សារមន្ទីរជាតិភ្នំពេញ, ដើមស.វ.ទី២១ (ថត ២០១០)
សូមជម្រាបផងដែរថា ជាទូទៅ ទោះបីពួកឈ្មួញទុច្ចរិតដែលជួញដូរដោយខុសច្បាប់នូវវត្ថុសិល្បៈ ទាំងនោះ ពុំសូវឲ្យតម្លៃយ៉ាងខ្ពស់ទៅលើគ្រឿងដីដុតទាំងនោះក៏ដោយ ក៏ប៉ុន្តែការបាត់បង់នូវសមិទ្ធិផលបុរាណទាំងនោះ គឺពិតជាការបាត់បង់នូវជ្រុងណាមួយ នៃសតិសម្បជញ្ញៈជាតិពុំខាន ។
តាមការស្រាវជ្រាវរបស់យើងកាលពីឆ្នាំ ១៩៩៥-១៩៩៦ បានបង្ហាញនូវតួនាទីនិងអតីតភាព នៃជំនឿប្រជាប្រិយរបស់ប្រជាជនខ្មែរដែលពាក់ព័ន្ធទៅនឹង ពពួកយក្សឬអសុរកាយ ។
គួរបញ្ជាក់បន្ថែមផងដែរថា យក្សដែលគេបានឃើញតាមរយៈទស្សនីយភាពសិល្បៈបច្ចុប្បន្ន មិនថា តែនៅប្រទេសខ្មែរ នៅថៃ ឬនៅលាវនោះទេ សុទ្ធសឹងតែមានសាវតាររបស់វាយ៉ាងជាក់ច្បាស់ ។ នៅទីនេះ យើងចង់និយាយថា ពពួកអសុរកាយទាំងនោះ ដែលមានប្រភពមកពីប្រទេសឥណ្ឌា ត្រូវបានប្រសូត្រឡើងនៅលើអតីតទឹកដីរបស់នគរភ្នំ ដែលជារដ្ឋខ្មែរដំបូងបង្អស់ ក្រោមឥទ្ធិពលនៃប្រព័ន្ធមនោគមន៍វិជ្ជាសាសនាយ៉ាងប្រាកដ ៕ (ម.ត្រាណេ)