នៅបាំងតែ ១ខែជាងទៀតតែប៉ុណ្ណោះ នឹងឈានចូលដល់ឆ្នាំថ្មី២០២៣ហើយ មនុស្សជាច្រើនអាចនឹងរៀបផែនការនៅក្នុងឆ្នាំថ្មីខាងមុខនេះ ឱ្យក្លាយជាឆ្នាំនៃការចាប់ផ្តើមនូវរឿងថ្មីៗចំពោះខ្លួនឯង ឬតាំងគោលបំណងដើម្បីធ្វើរឿងល្អៗចំពោះខ្លួនឯង ជាដើម។ បើលោកអ្នកនឹកចង់ក្រោកឡើង មកផ្លាស់ប្តូរខ្លួនឯងជាថ្មី ដើម្បីជាការចាប់ផ្តើមឆ្នាំថ្មីបែបរស់រវើក និងស្វាហាប់នោះ ការសាងភាពសប្បាយរីករាយឱ្យខ្លួនឯងទាំងរាងកាយ និងផ្លូវចិត្ត នៅបានធ្វើឱ្យអ្នកនៅជុំវិញខ្លួនយើងសប្បាយរីករាយជាមួយដែរទៀតផង។ តទៅនេះ ជាគន្លឹះល្អៗ ៤យ៉ាងក្នុងការធ្វើឱ្យមានសុខភាពល្អទាំងកាយ និងចិត្ត ដែលយើងអាចធ្វើបានដោយខ្លួនឯង ដើម្បីជីវិតកាន់តែប្រសើរឡើង…
១-ដកដង្ហើមវែងៗដើម្បីសុខភាពល្អ
សាកល្បងសង្កេតមើលខ្លួនឯងថា តើលក្ខណៈការដកដង្ហើមរបស់លោកអ្នកយ៉ាងម៉េចដែរ ដកដង្ហើមខ្លីៗញាប់ៗ ដកដង្ហើមវែងៗ ឬយឺតៗ? ការហ្វឹកហាត់ដកដង្ហើមឱ្យបានវែងៗ ចូល-ចេញយ៉ាងយឺតៗ មិនត្រឹមតែនឹងជួយឱ្យលោកអ្នកមានអារម្មណ៍ស្រស់ស្រាយស្វាហាប់ ព្រោះតែរាងកាយបានទទួលអុកស៊ីហ្ស៊ែនយ៉ាងពេញទំហឹងប៉ុណ្ណោះទេ តែថែមទាំងជួយកម្ចាត់ជាតិពុលចេញពីរាងកាយ និងជួយកាត់បន្ថយអាការមួម៉ៅ ឆាប់ខឹងបានទៀតផង។ សាកល្បងហ្វឹកហាត់ដកដង្ហើមពី ៥-១០នាទីក្នុង ១ថ្ងៃសិនក៏បាន ដោយធ្វើក្នុង ១ថ្ងៃ ១ដង ធានាថា លោកអ្នកនឹងមានអារម្មណ៍សប្បាយទាំងកាយ និងចិត្តច្រើនឡើងមិនខាន។
២-ចាប់ផ្តើមថាមពលជីវិតដោយ បន្លែ-ផ្លែឈើសរីរាង្គ
ការជ្រើសរើសញ៉ាំបន្លែ-ផ្លែឈើសរីរាង្គ ឬអ័រហ្គានិក ឬគ្មានសារធាតុគីមី ឱ្យបានយ៉ាងតិច ៥ពេលក្នុង ១សប្តាហ៍ លោកអ្នកនឹងប្រាកដក្នុងចិត្តបានតែម្តងថា រាងកាយនឹងបានទទួលសារជាតិអាហារ ដែលបរិសុទ្ធកាន់តែច្រើនឡើង ហើយរាងកាយក៏នឹងបានទទួលវីតាមីន និងសារធាតុរ៉ែច្រើនឡើងដែរ ឯភាពប្រឈមក្នុងការកើតរោគផ្សេងៗ ក៏ថយចុះទៅតាមនោះដែរ។
៣-បែងចែកពេលវេលាសម្រាប់ខ្លួនឯង
សម្រាប់នារីៗទាំងឡាយ អ្នកគួរតែបែងចែកពេលវេលា ដើម្បីសាងសេចក្តីសុខដល់ខ្លួនឯងខ្លះផង ដោយអនុវត្តវិធីការអង្គុយតាំងសមាធិ ឬនៅស្ងៀមៗ ប្រមាណជា ១៥-២០នាទី ព្រោះនេះជាវិធីមួយ ដែលអាចសាកថ្មឱ្យថាមពលជីវិត និងសាងភាពស្ងប់ស្ងាត់ទាំងខាងផ្លូវកាយ និងផ្លូវចិត្តបាន។ ទាំងអស់នេះ ក្នុងអំឡុងពេលដែលលោកអ្នកកំពុងសាងភាពស្ងប់ស្ងាត់ដល់ខ្លួនឯងនោះ សូមសាកល្បងអុជទៀនក្រអូប ដែលមានក្លិនស្រាលៗ ប្រហើរៗ ដើម្បីជួយសាងបរិយាកាសឱ្យកាន់តែមានភាពធូរស្រាល និងបិទភ្នែកចុះយ៉ាងមានសេចក្ដីសុខក្នុងចិត្តបានកាន់តែខ្លាំងឡើង ធ្វើឱ្យរាងកាយបានចូលទៅដល់ការសម្រាកបានយ៉ាងពិតប្រាកដ និងពេញទំហឹង។
៤-ធ្វើខ្លួនឱ្យសប្បាយៗ កុំកើតទុក្ខច្រើន
សាកល្បងរិះរកវិធីកែសម្រួលខ្លួនឯង ដូចជា កែសម្រួលការតុបតែងខ្លួន ឱ្យមានអារម្មណ៍ថា កាន់តែមានភាពជឿជាក់ និងសប្បាយៗឡើង ដើម្បីស្វាគមន៍ការងារថ្មីៗក្នុងឆ្នាំថ្មីខាងមុខនេះ។ រកមើលសម្លៀកបំពាក់ឈុតក្រណាត់កប្បាស់ ឬកូតុង ឬអាវយឺតសាច់កូតុង មកពាក់ទៅធ្វើការ ព្រោះវានឹងធ្វើឱ្យលោកអ្នកមានអារម្មណ៍សប្បាយ ទាន់សម័យ និងរហ័សរហួនបានកាន់តែខ្លាំងឡើង ឬបើលោកអ្នកមានផែនការចង់ទៅជប់លៀងកម្សាន្តជាមួយមិត្តភក្តិនាពេលល្ងាចនៃថ្ងៃធ្វើការវិញនោះ ការស្លៀកឈុតធ្វើការ ឬសម្លៀកបំពាក់បែបផ្លូវការ ទៅជប់លៀង ប្រហែលមិនសូវជាល្អមើលប៉ុន្មានទេ ដូច្នេះគួររកមើលអាវសាច់ក្រណាត់កូតុង ពាក់បែបសប្បាយៗ ពណ៌ស្អាតៗ ជាមួយខោខូវប៊យឡូយៗពីផ្ទះទៅ ទើបប្រសើរជាង។
តែ ចុងក្រោយនេះ បន្ទាប់ពីចប់ការងារ និងត្រឡប់មកដល់ផ្ទះវិញហើយ រឿងដំបូងដែលគួរធ្វើនោះ គឺការផ្លាស់សម្លៀកបំពាក់ដែលស្លៀកពេញ ១ថ្ងៃនោះចេញ ងូតទឹកសម្អាតរាងកាយ ហើយស្លៀកឈុតសប្បាយៗជំនួសវិញ ដើម្បីឱ្យរាងកាយបានសម្រាក និងធូរស្រាលអារម្មណ៍៕