Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា-Swisscontact ផ្ដល់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដល់អ្នកបម្រើការទេសចរណ៍ក្នុងខេត្ត៥

spot_img

ភ្នំពេញ៖ អង្គការស្វីសខន់ថាក់ (Swisscontact) បានគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តគម្រោងអប់រំបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈទេសចរណ៍ ដល់គ្រូបង្គោលនិងអ្នកបម្រើការក្នុងវិស័យទេសចរណ៍ នៅតាមខេត្តចំនួន៥ រួមមាន ខេត្តពោធិ៍សាត់ បាត់ដំបង ប៉ៃលិន ឧត្តរមានជ័យ និងបន្ទាយមានជ័យ ដែលមានរយៈពេល៤ឆ្នាំ (២០២១-២០២៤)។

ការគាំទ្រនេះធ្វើឡើងតាមរយៈកម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា (HoKa) ដោយមានអនុស្សរណៈនៃការយោគយល់គ្នារវាងអង្គការស្វីសខន់ថាក់ជាមួយក្រសួងទេសចរណ៍ដែលមានគណៈកម្មការគ្រប់គ្រងគម្រោង ហូកា (HoKa) ជាសេនាធិការដ៏សំខាន់។ ពិធីចុះហត្ថលេខាផ្លូវការលើអនុស្សរណៈនេះដែរ គឺបានធ្វើឡើងនារសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីស្តីការក្រសួងទេសចរណ៍ ក្រោមវត្តមានឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក Rajiv Pradhan នាយកប្រចាំប្រទេសរបស់អង្គការស្វីសខន់ថាក់។

ឯកឧត្ដម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានឱ្យដឹងថា កម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា (HoKa) នេះ នឹងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការផ្តល់នូវច្រកសិក្សាជំនាញវិជ្ជាជីវៈដល់យុវជន/យុវនារី និងអ្នកជំនាញកម្រិតទាបក្នុងខេត្តគោលដៅខាងលើ ដើម្បីទទួលបាលការងារសមរម្យ និងបង្កើនប្រាក់ចំណូលស្របតាមផែនទីចង្អុលផ្លូវស្តីពីការស្តារនិងលើកស្ទួយឡើងវិញនូវវិស័យទេសចរណ៍អំឡុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ ក៏ដូចជាចូលរួមពង្រឹងសមត្ថភាពមន្ត្រីជំនាញរបស់ក្រសួងទេសចរណ៍ទាំងថ្នាក់ជាតិនិងក្រោមជាតិ ដោយបង្កើតបានមូលធនមនុស្សសម្រាប់និរន្តរភាពការអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍។

ឯកឧត្ដម ប៉ាក់ សុខុម បានបន្តថា រយៈពេល៤ឆ្នាំចាប់ពីឆ្នាំ២០២១-២០២៤ គម្រោងនឹងផ្ដល់ការបណ្ដុះបណ្ដាលគ្រូបង្គោលក្នុងវិស័យទេសចរណ៍ឱ្យបាន១៥០នាក់ និងអ្នកបម្រើការដែលមានជំនាញតិចតួចឱ្យបានដល់៧៨០នាក់នៅទូទាំងខេត្តខេត្តទាំង៥ខាងលើនេះ។

ឯកឧត្ដម ជួប រតនា ប្រធាននាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងគម្រោង ហូកា បានបញ្ជាក់បន្ថែមថា ការណ៍ដែលគម្រោងបណ្ដុះបណ្ដាលខាងលើសម្រេចជ្រើសរើសយកខេត្តទាំង៥នេះ គឺដោយសារមានចំណុចសំខាន់៣៖

ទី១. ដោយសារកាលពីអំលុងវិបត្តិជំងឺកូវីដ១៩ អ្នកបម្រើការក្នុងវិស័យទេសចរណ៍ភាគច្រើនត្រូវបានផ្អាកការងារ ពួកគេមួយចំនួនក៏បានធ្វើចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេស ពិសេសខេត្តជាប់ព្រំដែនជាមួយប្រទេសថៃ។ នៅពេលវិស័យទេសចរណ៍មានការងើបឡើងវិញ ក៏មានអាជីវកម្មខ្លះត្រូវបានបើកដំណើរការនិងមានការងារធ្វើឡើងវិញ ដូច្នេះគឺត្រូវការអ្នកជំនាញមកជួយបម្រើការងារឡើងវិញដែរ ប៉ុន្តែពួកគេមួយចំនួនធំហាក់បាង់បង់ជំនាញក្នុងវិស័យទេសចរណ៍អស់ច្រើនទៅហើយ។ ចំណុចនេះហើយដែលជាមូលហេតុមួយក្នុងការផ្ដល់ការបណ្ដុះបណ្ដាលដល់ពួកគេ ដើម្បីឱ្យពួកគេមានជំនាញល្អប្រសើរឡើងវិញ។

ទី២. បន្ទាប់ពីមានការងើបឡើងវិញនូវវិស័យទេសចរណ៍នេះដែរ គេឃើញមានការបើកអាជីវកម្មឡើងវិញ និងអាជីវកម្មថ្មីៗក៏មានការកើនឡើងគួរឱ្យកត់សម្គាល់ដែរ ក្នុងនោះនិន្នាការនៃការដើរទស្សនារបស់ភ្ញៀវទេសចរគឺមានច្រើនទៅកាន់គោលដៅខេត្តជុំវិញបឹងទន្លេសាប ពិសេសខេត្តសៀមរាប បាត់ដំបង ពោធិ៍សាត់ជាដើម ដូច្នេះចាំបាច់ណាស់ត្រូវការបង្កើនអ្នកបម្រើការក្នុងវិស័យទេសចរណ៍ដែលមានជំនាញល្អប្រសើរ ឆ្លើយតបទៅនឹងតម្រូវការរបស់ភ្ញៀវទេសចរដែលកំពុងមានការកើនឡើងដែរនោះ។

ទី៣. ពីមុនមក គម្រោងបណ្ដុះបណ្ដាលរបស់អង្គការស្វីសខន់ថាក់ (Swisscontact) ក៏មិនសូវអនុវត្តនៅតាមខេត្តទាំងនោះដែរ ភាគច្រើនមានតែនៅតំបន់ភាគឦសាន ដូច្នេះអង្គការស្វីសខន់ថាក់គឺចង់បន្ថែមការបណ្ដុះបណ្ដាលនៅបណ្ដាខេត្តជុំវិញបឹងទន្លេសាប និងតំបន់ភាគពាយព្យថែមទៀត។

គួរជម្រាបថា ក្នុងពិធីខាងលើក៏មានបញ្ជូលកម្មវិធីចុះហត្ថលេខាត្រីភាគីលើកិច្ចព្រមព្រៀងអនុវត្តកម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា (HoKa) រវាងគណៈកម្មការគ្រប់គ្រងគម្រោង ហូកា នៃក្រសួងទេសចរណ៍ អង្គការស្វីសខន់ថាក់ និងមន្ទីរទេសចរណ៍ខេត្តគោលដៅទាំង៥ ដោយបានយកចិត្តទុកដាក់រៀបចំនូវផែនការសកម្មភាព និងថិវការយៈពេល៣ឆ្នាំ (២០២១-២០២៤) ដើម្បីជំរុញការបណ្តុះបណ្តាលបដិសណ្ឋារកិច្ចលើជំនាញអាទិភាពរបស់ខេត្ត រួមមាន ជំនាញការិយាល័យជួរមុខ គេហកិច្ច សេវាកម្មម្ហូបអាហារនិងភេសជ្ជៈ ចុងភៅ ជំនាញឆុងកាហ្វេ និងមគ្គុទ្ទេសសហគមន៍ផងដែរ។

សូមរំលឹកថា កម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា (HoKa) ជាសមាសធាតុមួយរបស់កម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) ដែលទទួលបានការគាំទ្រថវិកាពីទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ (SDC) អនុវត្តគម្រោងដោយអង្គការស្វីសខន់ថាក់ ដោយគាំទ្រក្រសួងទេសចរណ៍តាមរយៈគណៈកម្មការគ្រប់គ្រងគម្រោងហូកា ដើម្បីធ្វើការបណ្តុះបណ្តាលជំនាញបដិសណ្ឋារកិច្ចដល់យុវជន យុវនារី អ្នកជំនាញកម្រិតទាប ម្ចាស់អាជីវកម្ម និងសហគមន៍ទេសចរណ៍នៅខេត្តចំនួន៥នៅភូមិភាគឦសាន និងតាមរយៈពីធីចុះហត្ថលេខានេះគម្រោងនឹងពង្រីកវិសាលភាពការបណ្តុះបណ្តាលដល់ខេត្តចំនួន៥ទៀតនៅជុំវិញបឹងទន្លេសាប។

ត្រឹមត្រីមាសទី៣ ឆ្នាំ២០២២ គណៈកម្មការគ្រប់គ្រងគម្រោងហូកាបានបណ្តុះបណ្តាលអ្នកជំនាញទេសចរណ៍សរុបចំនួន១,១២៣នាក់ (ស្រី៧៤៥នាក់) លើជំនាញគេហកិច្ច ការិយាល័យជួរមុខ សេវាកម្មម្ហូបអាហារនិងភេសជ្ជៈ ចុងភៅ និងជំនាញឆុងកាហ្វេ ដោយសហការយ៉ាងជិតស្និទ្ធជាមួយអង្គការស្វីសខន់ថាក់ មន្ទីរទេសចរណ៍ខេត្តគោលដៅគម្រោង និងបានពង្រីកទំនាក់ទំនងជាមួយដៃគូរចម្បងៗ រួមមាន មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) អង្គការអន្តរជាតិខាងការងារ (ILO) អង្គការ UNIDO ជាដើម៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី

spot_img
×