នេះជារឿងមួយដ៏ភ្ញាក់ផ្អើល និងគួរឲ្យអស់សំណើចខ្លាំងតែម្តង ខណៈពេលបានឃើញវីដេអូថ្មីមួយ ដែលកំពុងផ្ទុះល្បីនៅលើបណ្តាញសង្គម បានបង្ហាញក្រុមបុរសៗផឹកស៊ីមួយក្រុម សម្តែងការហួសចិត្តយ៉ាងខ្លាំង ព្រោះអត់លុយខំទិញមីក្លែម និងសណ្តែកដីបន្ថែម តែបែរជាជួបរឿងបែបនេះ។
តាមរយៈវីដេអូពិតៗ ស្តែងៗ បានបង្ហាញបុរសៗមួយក្រុម កំពុងព័ទ្ធវង់នាំគ្នាផឹកស៊ី ដោយពុំមានសាច់ក្លែមអ្វី ក្រៅពីមីកញ្ចប់ និងពងទា១គ្រាប់នោះទេ។ តែអ្វីដែលមិននឹកស្មានដល់នោះ គឺនៅពេលពួកគេចាប់ផ្តើមទាញយកកញ្ចប់សណ្តែកខៀវយីហោ លី ម៉េង មួយខ្សែមកហែកក្លែមបង្ហើយចុងក្រោយ ស្រាប់តែកញ្ចប់ទាំងនោះប៉ោងតែកញ្ចប់ ខណៈខាងក្នុងមានតែ…ខ្យល់ ពោលគឺកញ្ចប់ខ្លះមាន១គ្រប់-២គ្រាប់ និងកញ្ចប់ខ្លះទៀតទទេស្អាតតែម្តង។
ក្រោយពីបានឃើញបែបនេះ អ្នកលេងបណ្តាញសង្គម បាននាំគ្នាផ្ទុះសំណើច និងចូលខមិនព្រោងព្រាតថា «ធ្វើស៊ីសាហាវ! គេលក់កញ្ចប់ខ្យល់តើ, ក្លែមខ្យល់ទៅប្រូ!, សណ្ដែកពិសេសគេដាក់មួយគ្រាប់ចឹងហើយ, អាណិតអ្នកក្លែមណាស់ ថ្ងៃក្រោយមុនទិញ ត្រូវក្រឡុកមើលផង!…»។
សូមបញ្ជាក់ថា នេះមិនមែនជាករណីលើកដំបូងទេ ដែលក្រុមហ៊ុនសណ្តែកដីខៀវ លី ម៉េង ច្រក «ខ្យល់» លក់បែបនេះ ព្រោះថា ទន្ទឹមវីដេអូនេះផ្ទុះឡើង គេក៏បានឃើញអ្នកធ្លាប់ជួបដូចគ្នានេះ ចេញមកនិយាយថា ពួកគេក៏ធ្លាប់ជួប «កញ្ចប់ខ្យល់» អ៊ីចឹងដែរ ហើយថែមទាំងឲ្យក្រុមហ៊ុននេះចេញមុខបកស្រាយទៀតផង កុំរកស៊ីអ៊ីចឹងទៀត៕ រក្សាសិទ្ធិដោយ៖ លឹម ហុង




@theararen011 ♬ original sound – រ៉េន ធារ៉ា