សេចក្ដីស្រឡាញ់ ឬស្នេហា និងចំណង់តណ្ហា ជារឿង២ ដែលខុសគ្នាយ៉ាងស្រឡះ តែមនុស្សជាច្រើន អាចនឹងញែកមិនដាច់ ហើយមនុស្សភាគច្រើន តែងគិតថា រឿងចំណង់តណ្ហា គឺគ្រាន់តែជារឿងរបស់មនុស្សភេទប្រុសប៉ុណ្ណោះ តែការពិតវិញ មិនមែនដូច្នោះទេ!
ការពិតទៅ ចំណង់តណ្ហា មិនមែនជារឿងដែលបញ្ជាក់ពីសេចក្ដីស្រឡាញ់ ឬស្នេហានោះទេ បើទោះជាការរួមសិច ជាផ្នែកផ្គុំសំខាន់រវាងសម្ព័ន្ធភាពរបស់មនុស្សក៏ដោយ ព្រោះក្នុងករណីរបស់ការរួមសិច គឺគ្រាន់តែជាសម្ព័ន្ធភាពខាងផ្លូវកាយប៉ុណ្ណោះ ដែលមិនចាំបាច់ត្រូវពឹងលើការស្រឡាញ់ ការបារម្ភ ការអាណិត ឬការនឹករឭក និងបារម្ភកង្វល់ពីបុគ្គលណាម្នាក់ទៀតឡើយ តែសេចក្ដីស្រឡាញ់ ឬស្នេហា និងការយល់ចិត្តយល់ថ្លើមគ្នា គឺជាកត្តាមួយក្នុងការផ្ដល់នូវការរួមសិចដ៏ល្អទៅដល់គូសម្ព័ន្ធភាព។
តើនឹងញែករឿងទាំង២នេះឱ្យដាច់ពីគ្នាយ៉ាងម៉េចបាន?
ក្នុងរឿងរបស់សេចក្ដីស្រឡាញ់ ឬស្នេហា គេនិយាយថា ជារឿងដែលស៊ីជម្រៅជាង ក្នុងន័យរបស់អារម្មណ៍ដែលមានចំពោះគ្នា ជាពិសេសលើផ្នែកនៃការសាងការចងចាំរួមគ្នារបស់មនុស្ស ២នាក់។ គឺជាអ្វីដែលតែងតែធ្វើឱ្យនឹកឃើញដល់ទិវារាត្រីដែលល្អៗ ការបានជួបគ្នា និងនៅជាមួយគ្នា កិច្ចការងារដែលបានធ្វើរួមគ្នា ប្រាកដណាស់ អ្វីទាំងអស់នេះ គឺសេចក្ដីស្រឡាញ់ ឬស្នេហា ឬការនឹករឭកដង្ហោយរកគ្នា។
ចំណង់តណ្ហា អាចមានមូលហេតុមកពីការនឹកដល់ផ្ទៃមុខ និងរាងកាយរបស់ភាគីម្ខាងទៀតច្រើនជាង ខណៈដែលសេចក្ដីស្រឡាញ់វិញ ជាការមើលធ្លុះទៅដល់ដួងចិត្តរបស់បុគ្គលម្ខាងទៀត ដូច្នេះហើយទើបរូបរាងលក្ខណៈខាងក្រៅ ជាកត្តាចម្បងក្នុងការបង្កើនចំណង់តណ្ហា។
តែយ៉ាងណាក្ដី ភាពតភ្ជាប់របស់ទាំងសេចក្ដីស្រឡាញ់ និងចំណង់តណ្ហា ក៏មានចំណែកចងសម្ព័ន្ធដែលស៊ីចង្វាក់គ្នាដែរ ក្នុងអារម្មណ៍ដែលពោរពេញដោយសេចក្ដីស្រឡាញ់ ឬស្នេហា។ ពេលមកដល់ចំណុចមួយ ចំណង់តណ្ហា ឬការចង់រួមសិច នឹងវាយលុកអារម្មណ៍ដែលកំពុងមាន និងដូចដែលបានរៀបរាប់តាំងពីដំបូង ការរួមសិចដែលល្អ មិនមែនគ្រាន់តែជាការមានភេទសម្ព័ន្ធនឹងគ្នា ដើម្បីតបស្នងតណ្ហានោះទេ តែត្រូវបានទទួលផលចេញមកពីសេចក្ដីស្រឡាញ់ និងទំនាក់ទំនងស៊ីជម្រៅរបស់អ្នកទាំង២ ដែលមានចំពោះគ្នា ហើយគ្រប់យ៉ាងនឹងដំណើរការទៅយ៉ាងល្អ និងកក់ក្ដៅជាទីពេញចិត្ត ទោះជាមានអំឡុងពេលរអាក់រអួលខ្លះក៏ដោយ។
ដូច្នេះហើយ សេចក្ដីស្រឡាញ់ ឬស្នេហា ជាមួយចំណង់តណ្ហា គឺខុសពីគ្នាយ៉ាងស្រឡះ តែស៊ីចង្វាក់គ្នាយ៉ាងខ្លាំង ដោយមានត្រឹមតែសរសៃខ្សែស្ដើងមួយឃាំងពីគ្នាប៉ុណ្ណោះ។ នៅក្នុងសង្គមនាពេលបច្ចុប្បន្ននេះ ភាពបើកចំហអំពីរឿងសិចដែលកាន់តែច្រើនឡើង មនុស្សម្នាបង្ហាញប្រាប់គ្នាខ្លាំងឡើង សេចក្ដីត្រូវការរបស់មនុស្ស ត្រូវបានតបស្នងយ៉ាងងាយស្រួល ត្រឹមតែការយល់ព្រមស្ម័គ្រចិត្តរបស់មនុស្ស ២នាក់ ចំណង់តណ្ហាដែលកើតមាន នឹងត្រូវប្រគុំឡើងរហូតដល់ចប់ ដោយមិនចាំបាច់ពឹងលើសេចក្ដីស្រឡាញ់ ឬស្នេហាសោះឡើយសូម្បីតែបន្តិច៕