ភ្នំពេញ ៖ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ នៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុលបានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ រវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុនប៉េជីង អឺបេន ខនស្ត្រាក់សិន គ្រុប ខូ អិល ធីឌី ស្ដីពី“កិច្ចសហប្រតិបត្តិការ លើគម្រោងសិក្សាសមិទ្ធិលទ្ធភាព និងផែនការមេ សម្រាប់បណ្ដាញទឹកកខ្វក់ និងប្រព័ន្ធរំដោះទឹក ក្រុងសៀមរាប ក្រុងព្រះសីហនុ និងក្រុងតាខ្មៅ” ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការរបស់ក្រសួង និងតំណាងក្រុមហ៊ុនផងដែរ។
អនុស្សរណៈនៃការយោគយល់នេះធ្វើឡើងក្នុងគោលបំណងសិក្សាផែនការមេឱ្យបានស៊ីជម្រៅ ក្នុងការកសាងបណ្ដាញទឹកកខ្វក់ និងប្រព័ន្ធរំដោះទឹកក្នុងក្រុងទាំងបី ដើម្បីលើកម្ពស់គុណភាពសេវាសាធារណៈជូនប្រជាពលរដ្ឋ ទឹកស្អាត បរិស្ថានស្អាត និងកាត់បន្ថយការចំណាយថវិកាជាតិ ក៏ដូចឆ្លើយតបទៅនឹងកំណើនភ្ញៀវទេសចរ ដែលនឹងមានការកើនឡើងរហូតដល់ដប់លាននាក់ក្នុងឆ្នាំ ២០២៣។
ថ្លែងទៅកាន់អង្គពិធី លោក ទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីសារសំខាន់នៃ កិច្ចសហការរវាងវិស័យឯកជន និងវិស័យរដ្ឋក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ និងរួមចំណែកដល់ការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។
គួរកត់សម្គាល់ផងដែរថា បច្ចុប្បន្ននេះ ក្រសួងសាធារណការ និងដឹកជញ្ជូនបាននឹងកំពុងសហការជាមួយអង្គការ JICA ក្នុងការរំដោះទឹកក្នុងទីក្រុងភ្នំពេញផងដែរ។
លោក ទេសរដ្ឋមន្ត្រី ក៏បានថ្លែង កោតសរសើរ ចំពោះក្រុមប៉េជីង អឺបេន ខនស្ត្រាក់សិន គ្រុប ខូ អិល ធីឌី ដែលបានសហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងការសិក្សាផែនការមេសម្រាប់បណ្ដាញទឹកកខ្វក់ និងប្រព័ន្ធរំដោះទឹកក្រុងទាំងបី។
លោក ទេសរដ្ឋមន្ត្រី បានស្នើឱ្យមន្ត្រីពាក់ព័ន្ធទាំងអស់សហការ យ៉ាងស្អិតល្មួតជាមួយក្រុមហ៊ុនដើម្បីជំរញឱ្យការសិក្សានេះសម្រេចបានជោគជ័យខ្ពស់៕ ដោយ ៖ បញ្ញាស័ក្តិ