វីដេអូមួយបានកំពុងរីករាលដាល បន្ទាប់ពីអ្នកលេងហ្វេសប៊ុកម្នាក់បានថតពីសកម្មភាពប្តីប្រពន្ធនេះ បានបង្ខំសត្វឆ្កែរបស់ពួកគេឲ្យដើរជើង២ ដែលមើលទៅគួរឲ្យអាណិតមែនទែន ។ ហេតុការណ៍នេះ បានកើតឡើងស្ថិតនៅមុខច្រកចូលនៃផ្សារទំនើប Sunway Pyramid’s H&M នៅវេលាម៉ោង ៨ យប់ថ្ងៃទី០៩ មិថុនា ។
តាមរយៈវីដេអូ បានបង្ហាញឲ្យឃើញប្តីប្រពន្ធនោះ ពុំអនុញ្ញាតឲ្យសត្វឆ្កែតូចរបស់ពួកគេដើមជើង៤តាមធម្មតានោះទេ ប៉ុន្តែ ផ្ទុយទៅវិញ ពួកគេបានបង្ខំឲ្យវាដើរដោយជើង២ ដោយគំរាមទាត់ និងវាយវាតែម្តង ។
នៅចំណុចខ្លះ សត្វឆ្កែដ៏កំសត់នេះ ត្រូវបានឃើញឈប់ដើរជើង២ ខណៈវាហាត់ខ្លាំង ប៉ុន្តែ ទោះយ៉ាងណា ម្ចាស់គ្មានធម៌មេត្តារបស់វា នៅតែបង្ខំឲ្យធ្វើសកម្មភាពដ៏គួរឲ្យភ្ញាក់ផ្អើលនេះ ។
ម្ចាស់វីដេអូនោះបានសរសេរថា៖ បុរសជាប្តីបន្ទាប់មកបានឈរនៅខាងក្រៅហាង ខណៈប្រពន្ធរបស់គាត់បានសត្វឆ្កែតូចនោះ ចូលខាងក្នុង ដើម្បី «សម្តែង» ជូនដល់អ្នកដើរផ្សារមួយចំនួន ។ តើពួកគេគ្រាន់តែកំពុងព្យាយាមបង្ហាញថាសត្វចិញ្ចឹមនេះរបស់ពួកគេពិតជា «ចេះ» មែនទេ? ប៉ុន្តែ តាមខ្ញុំ វាគឺជាទង្វើឃោរឃៅមកលើសត្វប៉ុណ្ណោះ ហេតុដូច្នេះ ប្រសិនបើអ្នកបានឃើញសកម្មភាពស្រដៀងគ្នានេះ សូមនាំគ្នាបញ្ឈប់វាទៅ ។
ទន្ទឹមនេះផងដែរ អ្នកលេងអ៊ីនធើរណេតជាច្រើនបានផ្ទុះកំហឹងជាខ្លាំង ចំពោះទង្វើគ្មានបេះដូងរបស់ប្តីប្រពន្ធ ដែលបានធ្វើបាបសត្វឆ្កែរបស់ពួកគេក្នុងវិធីបែបនេះ ហើយក៏ទទួចឲ្យអ្នកដំណើររាយការណ៍ពីករណីនេះទៅប៉ូលីស ។ ហើយពួកគេក៏បានឆ្ងល់ថា តើប្តីប្រពន្ធចិត្តឃោរឃៅនេះជានរណា ។ តើពួកគេមានដឹងទេថា សត្វនៅលើផែនដីនេះ ពួកវាក៏ចង់មានសេរីភាព ដែលមិនគួរណាពួកគេសម្រេចធ្វើទង្វើបែបនេះសោះឡើយ ។ អ្នកខ្លះទៀតថា នេះពុំមានជាសកម្មភាពបង្ហាត់បង្រៀនឆ្កែគួរឲ្យសរសើរនោះទេ តែវាជាការឲ្យសត្វឆ្កែសម្តែងភាពចម្លែកនៅទីកន្លែងសាធារណៈ តាមរយៈការធ្វើទារុណកម្មជាក់ស្តែង ៕ ចន្ទី