Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សុខភាពយើង៖ តើត្រូវ “ដើរ” យ៉ាងណាដើម្បីឱ្យ “ស្គម” និង “រឹងប៉ឹង” មិនមានជំងឺ?

ក្នុងជីវិត…យើងអាចជ្រើសរើសផ្លូវដើរបានជានិច្ច វាមិនខុសអ្វីពីការមើលថែទាំសុខភាព ដែលហុចផលទៅដល់រាងកាយរបស់យើងខ្លួនឯងនោះទេ។ ការដែលយើងមានទម្ងន់ខ្លួនលើស មានអារម្មណ៍ទើសទាល់ មិនស្រណុកខ្លួន នឹងនាំឆ្ពោះទៅរកសភាវមានជំងឺជ្រៀតជ្រែកជាច្រើន ដូច្នេះហើយទើបការធ្វើកិច្ចការងារខាងរាងកាយ ដូចជាការហាត់ប្រាណ គឺជាជំនួយការសំខាន់ ដែលយើងអាចធ្វើបានក្នុង ១ថ្ងៃៗ ដើម្បីប្រើប្រាស់ក្នុងការសាងសុខភាពដែលល្អ។ ដូចជាការដើរជាដើម…ការឈានដើរយ៉ាងត្រូវវិធី ក្រៅតែពីជួយដុតបំផ្លាញជាតិខ្លាញ់ផ្នែកដែលលើសហើយនោះ ការដើរនៅជួយជំរុញចរន្តឈាមរត់ និងបង្កើនបរិមាណអុកស៊ីហ្ស៊ែនទៅដល់គ្រប់កោសិកាក្នុងរាងកាយ ជួយឱ្យមានអារម្មណ៍ស្វាហាប់ និងមានជីវិតស្រស់ថ្លា។

តើយើងត្រូវដើរយ៉ាងដូចម្ដេច?…

១.ខណៈពេលដើរ ភ្នែកសម្លឹងត្រង់ទៅខាងមុខ ក្បាល និងដងខ្លួនតាំងឱ្យត្រង់ ស្មាទាំងសងខាងស្ថិតក្នុងស្ថានភាពត្រង់

២.បោះដៃឆ្វេង-ស្ដាំឆ្លាស់គ្នាមុខ-ក្រោយទន្ទឹមដងខ្លួន។ បាតដៃទាំងសងខាងក្ដាប់រលុងៗ និងបោះដៃក្នុងកម្ពស់ស្មើដើមទ្រូងក្នុងលក្ខណៈសម្រួលអារម្មណ៍។ ងកែងដៃបន្តិច ក្នុងមុម ៩០អង្សារវាងដើមដៃ និងកំភួនដៃ។

៣.ចង្វាក់ក្នុងការឈានដើរ គួរឈានយ៉ាងស្មើជំហាន រហូតពេញមួយចម្ងាយផ្លូវដែលដើរ។ មិនដើរលេងៗ ឬដើរបែបសប្បាយៗនោះទេ។

៤.ពេលដើរ ចូរឱ្យកែងជើងប៉ះនឹងដីមុនចុងជើង ដើម្បីទទួលទម្ងន់ខ្លួន។ ឈានជើងចេញទៅប្រមាណជាកន្លះជំហាន ឱ្យកែងជើងប៉ះដីឱ្យពេញបាតជើង។ ចំណែកជើងម្ខាងទៀត ពេលកំពុងតែធ្វើចលនា ចូរលើកកែងជើងឡើងទម្លាក់ទម្ងន់ខ្លួនទៅលើចុងជើងដែលជាន់ដី។ ធ្វើបែបនេះជារឿយៗទៅរហូតក្នុងពេលដើរ វានឹងជួយគ្រប់គ្រងសាច់ដុំកំភួនជើង គឺជាការដើរដើម្បីសុខភាពដែលត្រឹមត្រូវ និងបង្កើនបុគ្គលភាពល្អទៀតផង។

៥.ចម្ងាយរបស់អំឡុងការឈានជើងដើរ អាស្រ័យលើល្បឿននៃការដើរ តែអ្វីដែលសំខាន់គឺ មិនត្រូវឈានវែងជ្រុលពេកទេ ព្រោះនឹងធ្វើឱ្យឆាប់ចុករួយសាច់ដុំភ្លៅ និងសាច់ដុំត្រគាកជាងប្រក្រតី។ ចំណែកការដើរឡើងទីទួលវិញ គួរដើរឱ្យយឺតៗ បង្អោនខ្លួនទៅខាងមុខបន្តិច បោះដៃឱ្យខ្លាំងជាងមុនបន្តិច ហើយពេលដើរចុះទីទួលវិញ ព្យាយាមគ្រប់គ្រងល្បឿនឱ្យបាន ដោយការឈានខ្លីៗ និងទម្លាក់ជើងស្រាលៗ។

តើលោកអ្នកធ្លាប់នឹកឆ្ងល់ដែរទេថា បើយើងដើរយ៉ាងត្រឹមត្រូវតាមវិធីហើយ តើគួរដើរច្រើន ឬតិចប៉ុនណា ទើបល្មមគ្រប់គ្រាន់?

១.គួរដើរឱ្យបានចម្ងាយ ២,៥–៣,៥គីឡូម៉ែត្រក្នុង ១ថ្ងៃ ឬ ១០ ០០០ជំហាន។ ស្ដាប់មើលហាក់ដូចជាឆ្ងាយ តែបើចាប់ផ្ដើមហ្វឹកហាត់ទៅជារឿយៗនោះ ក៏អាចនឹងដើរបានឆ្ងាយជាងនេះច្រើនទៀត។

២.បើមានអារម្មណ៍ថា រាប់ជំហាន វាអាចនឹងធ្វើឱ្យលំបាកនោះ ក៏សាកល្បងប្រើវិធីងាយៗ គឺដើរឱ្យបានយ៉ាងតិចណាស់ ៣០នាទី និងយកមកបូករួមគ្នាឱ្យបាន ១៥០នាទីក្នុង ១សប្ដាហ៍ ដោយអាចធ្វើតែម្ដងឱ្យគ្រប់ ឬចែកជាធ្វើ ២-៣ដង ក្នុង ១ថ្ងៃក៏បាន។

៣.ពេលមានអារម្មណ៍ថា នឿយហត់ក្នុងកម្រិតដែលនិយាយដាច់ៗមិនពេញប្រយោគនោះ ចូរបន្ថយជំហានដើរ តែបើហត់ដង្ហក់ខ្លាំង ចូររកកន្លែងអង្គុយសម្រាក។

៤.គួរចាប់ផ្ដើមចាប់ពី ៣ថ្ងៃក្នុង ១សប្ដាហ៍ និងបន្ថែមឱ្យដល់ខ្ពស់បំផុតគឺ ៥-៦ថ្ងៃក្នុង ១សប្ដាហ៍ តែរួមគ្នាទៅ ត្រូវមិនឱ្យតិចជាង ១៥០នាទីក្នុង ១សប្ដាហ៍ឡើយ។

ក្រៅពីគន្លឹះក្នុងការដើរហើយ ការឡើងចុះជណ្ដើរជើងជំនួសជណ្ដើរយន្ត ក៏ជួយឱ្យមានកិច្ចការងារខាងរាងកាយកើនឡើងច្រើនដែរ តែរឿងសំខាន់គឺ ការសាងកម្លាំងជំរុញចិត្តដល់ខ្លួនឯង ឱ្យ
ព្យាយាមធ្វើរហូតដល់ក្លាយជាទម្លាប់ក្នុង ១ថ្ងៃៗ។ តែប៉ុណ្ណឹង ការដើរដើម្បីបង្កើនសុខភាព និងរូបរាងល្អស្អាត នឹងក្លាយជារឿងដែលអាចធ្វើបានយ៉ាងងាយមិនខាន៕

side view of a couple walking on the beach
Full length profile shot of a casual mature man smiling and walking isolated on white background
Side view of a motivated casual man stepping on white studio background
×