ពិតណាស់ ដោយសារតែមានវប្បធម៌ ម្រាមដៃ១០ ឬ បារមីសុំទោស អាចរួចខ្លួន ដែលជាហេតុធ្វើឲ្យបុគ្គលអសិលធម៌ ខ្វះការអប់រំមួយចំនួន នៅតែបន្តធ្វើរឿងឡប់ឡែ ដោយមិនខ្វល់ធ្វើឲ្យប៉ះពាល់សេចក្តីថ្លៃថ្នូរអ្វីទាំងអស់ ជាពិសេសពីសំណាក់ក្រុមនិយមលេងបណ្តាញសង្គម ព្រោះតែចង់ល្បីតែម្តង។
តួយ៉ាងណា កាលពីពេលថ្មីៗនេះ តារាប្រុសស្រី២រូប គឺពិធីករលោក David និងតារាសម្តែងអ្នកនាង គង់ ច័ន្ទស្រីមុំ បានធ្វើឲ្យមហាជនផ្ទុះប្រតិកម្ម និងសូម្បីស្នើឲ្យក្រសួងវប្បធម៌មានចំណាត់ការលើពួកគេទៀតផង បន្ទាប់ពីនាំគ្នាឆាតលេងសើច ហើយប្រើពាក្យពេចន៍ដ៏មិនសមរម្យ ទៅកាន់ព្រះអង្គម្ចាស់ Abdul. Mateen ដែលជារាជបុត្ររបស់ស្តេចព្រុយណេ។
ក្រោយពីវីដេអូនោះ ត្រូវបានចែករំលែកយ៉ាងលឿន ជាមួយមតិមហាជនប្រតិកម្មយ៉ាងខ្លាំងៗ អ្នកទាំងពីរ ជាពិសេសសម៉ីខ្លួនលោក ដេវីដ ក៏បានប្រញាប់ធ្វើការសុំទោសយ៉ាងលឿន ខណៈអ្នកនាង គង់ ចាន់ស្រីមុំ ដែលមានចំណែកចូលរួមសំណើចក្អាកក្អាយជាមួយ និងជាអ្នកថតវីដេអូធ្វើឲ្យបែកធ្លាយ ក៏បានបង្ហោះសារពោលពាក្យសុំទោសតាមក្រោយយ៉ាងខ្លី ហាក់ដូចគ្មានរឿងអ្វីធំដុំកើតឡើងអ៊ីចឹង។
តែបើទោះជាអ្នកទាំងពីរ បានទទួលស្គាល់ពីកំហុសរបស់ខ្លួនយ៉ាងណាក៏ដោយ ក៏មហាជនជាច្រើន មិនអាចទទួលយកបាននូវភាសាសុំទោសនេះបានឡើយ ព្រោះថា ប្រទេសមានច្បាប់អ្នកណាធ្វើអ្នកហ្នឹងទទូល។ ប៉ុន្តែ ទន្ទឹមនឹងមហាជន ហាក់កំពុងដាក់បន្ទុកខ្លាំងទៅលើលោក ដេវីដ ដែលជាអ្នកប្រើពាក្យពេចន៍ដ៏អសុរោះ ទៅកាន់ព្រះអង្គម្ចាស់ Abdul Mateen ផ្ទាល់នោះ គេក៏បាននិយាយថា អ្នកនាង គង់ ចាន់ស្រីមុំ ក៏ជាមេចំណែកខុសធំផងដែរ ព្រោះរូបនាងជាអ្នកថត និងសួរ…មែនអត់!?។
ជាមួយគ្នានេះ មតិមហាជនខ្លះបានលើកទ្បើងថា «ឋានៈទ្រង់ជាអ្វី ឋានៈលោកអ្នកនាងឯងជាស្អី បានយកទ្រង់មកលេងសើច ហើយថាជាកំហុសអចេតនា ដែលចូលសាលាអត់ ចរឹតអស់ពួកអ្នកឯងបែបនេះ គេមើលងាយដល់ថ្នាក់ដឹកនាំណ៎ា ដែលមានធនធានរបៀបនេះនៅក្នុងប្រទេស ក្រសួងពាក់ព័ន្ធមិនគួរលើកលែងបុគ្គលទាំងនេះទេ», «មុខមាត់ណាស់ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះប្រជុំអាស៊ាន ហើយប្រព្រឹត្តទៅបានយ៉ាងរលូន តាំងពីចាប់ផ្តើមដល់ចប់ បែរជាសម្លេងអ្នកឯងប៉ុន្មានវិនាទី ធ្វើឲ្យប៉ះពាល់កិត្តិយសខ្មែរមួយប្រទេស ថ្លឹងថ្លែងមើល? តើគួរលើកលែងទេ?»។
រីឯអ្នកខ្លះទៀត ក៏បានដាក់ចំៗថា «ពេលមានរឿងអី រឺបងខឹងអ្នកណា បងចូលចិត្ត Live ណាស់ ចុះពេលបងសាងកំហុសដ៍ធំម៉េចបងមិន Live សុំទោស មិនឡាយសុំទោសមធ្យមទេ ងំត្រង់បងមិនផុសសុំទោសផ្ទាល់ទៀត បងសុខចិត្ត ស៊ែរត ពីបងវីត!, អាងអីពាក្យសុំទោស ហើយអ្នកសុំទោសនឹងទទួលកំហុសមានតែ David ម្នាក់ រឿងនេះមិនមែនជារឿងធម្មតាទ្បើយ ស្នើសុំឲ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានចំណាត់ការដាច់ខាតលើបញ្ហានេះ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង














