កាលពីពេលថ្មីៗនេះ បុរសជនជាតិចិនម្នាក់ បានធ្វើឲ្យផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បន្ទាប់ពីគាត់ត្រូវបានគេថតបាន ពីសកម្មភាពអុជ និងជក់បារី ជាច្រើនដើម ពេលកំពុងរត់ម៉ារ៉ាតុងចម្ងាយ ៤២ គីឡូម៉ែត្រ នៅស្រុក Xin’anjiang។
ទោះជាយ៉ាងណា ពុំមានមនុស្សច្រើន បានដឹងពីគាត់ទេ ប៉ុន្តែ គ្រាន់តែដឹងថា បុរសរូបនេះត្រូវបានហៅឈ្មោះថា ពូ Chen និងមានអាយុ ៥០ ឆ្នាំ ប៉ុណ្ណោះ។ យោងតាមរបាយការណ៍នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ពូ Chen មានទម្លាប់ជក់បារី នៅក្នុងអំឡុងពេលរត់។ គាត់ត្រូវបានគេប្រទះឃើញនៅឯការរត់ម៉ារ៉ាតុងផ្សេងៗ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្នុងនោះរួមមាននៅ Xiamen Marathon, Lishui Ultra Marathon និង Lhasa Half Marathon។
បន្ទាប់ពីរូបថតមួយចំនួនរបស់គាត់ជក់បារីពេលកំពុងរត់ បានសាយភាយនៅលើ Weibo អ្នករៀបចំព្រឹត្តិការណ៍ Xin’anjiang Marathon នៅទីក្រុង Jiande ក៏បានចែករំលែកវិញ្ញាបនបត្រនៃសមិទ្ធិផលរបស់គាត់។ ហើយមិនត្រឹមតែបង្ហាញថាគាត់បានចូលរួមក្នុងព្រឹត្តិការណ៍នេះប៉ុណ្ណោះទេ ប៉ុន្តែ ក៏បង្ហាញឲ្យដឹងថា គាត់បានរត់ចម្ងាយ 42.195 គីឡូម៉ែត្រ ក្នុងរយៈពេល ៣ ម៉ោង ២៨ នាទី និង ៤៥ វិនាទី ដោយជាប់ចំណាត់ថ្នាក់ទី៥១៥ ក្នុងចំណោមអ្នករត់រាប់ពាន់នាក់។
នៅពេលដែលរឿងនេះ បានរីករាលដាល រូបថតរបស់ពូ Chen ជក់បារីពេលកំពុងរត់ម៉ារ៉ាតុង Guangzhou ឆ្នាំ ២០១៨ ក៏លេចចេញជារូបរាងនៅលើអ៊ីនធឺណិត ហើយអ្នករត់បានអះអាងថា បានប្រទះឃើញគាត់នៅក្នុងព្រឹត្តិការណ៍ក្នុងឆ្នាំ២០១៩ ផងដែរ។
មនុស្សម្នាក់ បានសួរឆ្ងល់នៅក្នុងផ្នែកបញ្ចេញមតិយោបល់ថា «តើពូ Chen ជក់បារីក្នុងអំឡុងពេលរត់ម៉ារ៉ាតុងឬអត់? ពីព្រោះជាតិនីកូទីនដើរតួជាភ្នាក់ងាររំញោច ខ្ញុំគិតថាវាជាការត្រឹមត្រូវដែលនិយាយថា មានសារធាតុរំញោចដែលជំរុញទឹកចិត្តឲ្យគាត់រត់…»។ តែទោះជាយ៉ាងណា គេបានផ្តល់ជាយោបល់ណែនាំថា៖ «ការរត់គឺល្អសម្រាប់សុខភាពរបស់អ្នក ប៉ុន្តែការជក់បារី គឺអាក្រក់សម្រាប់សុខភាពរបស់អ្នក។ យល់ល្អ អ្នកគួរតែបោះបង់ចោលទៅ វាមិនមែនជារឿងអស្ចារ្យនោះទេ!!»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង


