Friday, September 5, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

«ភ្នំនាគ.ស ឬល្អាងព្រះនាងរំសាយសក់» ជារមណីយដ្ឋានធម្មជាតិ ប្រវត្តិសាស្រ្ត ត្រូវបានកែលម្អទាក់ទាញភ្ញៀវទេសចរ

ខេត្តពោធិ៍សាត់ ៖ ការកែប្រែមុខមាត់ថ្មីនៃតំបន់បណ្តុំព្រៃភ្នំប្រវត្តិសាស្ត្រ «ភ្នំនាគ.ស ឬល្អាងព្រះនាងរំសាយសក់» ដែលត្រូវបានក្រុមមន្ត្រីកសាងកែលម្អរយៈពេល៣ឆ្នាំមកនេះ គឺបាននិងកំពុងទាក់ទាញអារម្មណ៍ភ្ញៀវទេសចរជាច្រើនឱ្យចូលមកទស្សនាកម្សាន្ត ជាពិសេសថ្ងៃសម្រាកចុងសប្តាហ៍ និងថ្ងៃបុណ្យជាតិផ្សេងៗ។

តំបន់ព្រៃភ្នំប្រវត្តិសាស្ត្រ «ភ្នំនាគ.ស ឬល្អាងព្រះនាងរំសាយសក់» ស្ថិតក្នុងភូមិខ្សាច់ល្អិត ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់, ទីតាំងនេះ ត្រូវបានក្រុមការងាររាជរដ្ឋាភិបាលចុះជួយពង្រឹងមូលដ្ឋានឃុំ សហការជាមួយអាជ្ញាធរខេត្ត ស្រុក ឃុំ ធ្វើការសិក្សាជាច្រើនលើកច្រើនសា និងធ្វើការកែលម្អកន្លែងមួយចំនួនអំឡុងឆ្នាំ២០១៩ ដើម្បីកែប្រែតំបន់នេះ ឱ្យក្លាយជាតំបន់ទេសចរណ៍ដ៏ទាក់ទាញទៅថ្ងៃអនាគត។

គិតមកដល់ពេលនេះ គឺរយៈពេល៣ឆ្នាំហើយ តំបន់ព្រៃភ្នំប្រវត្តិសាស្ត្រ «ភ្នំនាគស ឬល្អាងព្រះនាងរំសាយសក់» បានវិវឌ្ឍន៍ខ្លួនយ៉ាងឆាប់រហ័ស អមដោយទេសភាពស្រស់ត្រកាលគួរគយគន់ មានផ្ទាំងថ្មចម្លាក់តូច-ធំ ញ៉ាំងឱ្យទេសចរមកលេងម្តងហើយ នឹកចង់មកលេងម្តងទៀត។

លោក អេង គន្ធា អគ្គនាយករងអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងារចុះជួយឃុំអន្សាចំបក់ ស្រុកក្រគរ និងឃុំស្រែស្តុក ស្រុកកណ្តៀង នៃខេត្តពោធិ៍សាត់ បានបង្ហាញថា តំបន់ព្រៃភ្នំប្រវត្តិសាស្ត្រ «ភ្នំនាគ.ស ឬល្អាងព្រះនាងរំសាយសក់» នេះ គឺជារមណីយដ្ឋានធម្មជាតិ និងប្រវត្តិសាស្ត្រមួយ ដែលបានផ្ដួចផ្ដើមកសាងឡើងដោយរូបលោកផ្ទាល់ ក្រោមការជួយជ្រោមជ្រែងពីលោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គីសនីកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានស្រុកក្រគរ និងស្រុកកណ្ដៀង ពិសេសមានការគាំទ្រយ៉ាងពេញទំហឹង ពីសំណាក់អាជ្ញាធរគ្រប់លំដាប់ថ្នាក់, ដោយហេតុថា បានជួយការពារព្រៃឈើ ធម្មជាតិ និងសត្វព្រៃឱ្យនៅគង់វង្ស ទប់ស្កាត់ការកាប់ទន្ទ្រានដីព្រៃខុសច្បាប់ ពីសំណាក់ជនខិលខូច។

លោក អេង គន្ធា បញ្ជាក់ថា ចំពោះការកសាង កែលម្អ រមណីយដ្ឋានធម្មជាតិប្រវត្តិសាស្ត្រមួយនេះ និងទីកន្លែងផ្សេងៗទៀតក្នុងរយៈពេលជាង៣ឆ្នាំកន្លងមក គឺបានចំណាយថវិកាជិត៣លានដុល្លារ ដែលជាថវិកាផ្ទាល់ខ្លួនរបស់លោកផង និងជាការចូលរួមពីថ្នាក់ដឹកនាំ និងសប្បុរសជនគ្រប់មជ្ឈដ្ឋាន ទៅលើសមិទ្ធផល រួមមាន ចម្លាក់ព្រះពុទ្ធរូប រូបព្រះអង្គតូច ព្រះអង្គធំ រូបអ្នកមានបារមី ចាស់ព្រឹទ្ធាចារ្យ រូបចម្លាក់ទីលានយន្ដហោះ សួនផ្កាចម្រុះព័ណ៌ ផ្លូវបេតុង ផ្លូវកៅស៊ូ កន្លែងអង្គុយលេងកំសាន្ត កន្លែងបាញ់ទឹក រូបសំណាកសត្វចម្រុះលើផ្ទាំងថ្មតូចធំ ដែលមានម្លប់ដើមឈើត្រឈឹងត្រឈៃ លម្អដោយភ្លើងអគ្គិសនី ភ្លើងសូឡាព្រោងព្រាត និងប៉មទស្សនារូបភាព ៣៦០ដឺក្រេ ដែលមានកម្ពស់៥ជាន់ ពោលគឺ សូម្បីតែក្រុងពោធិ៍សាត់ ក៏មានកន្លែងកម្សាន្តលំហែច្រើនផងដែរ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×