ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចផ្អាកការធ្វើចរាចរណ៍ជាបណ្តោះអាសន្នលើស្ពានបេឡេ ឆ្លងទន្លេសាប តភ្ជាប់ពីផ្លូវជាតិលឹខ៥ ទៅកាន់ទីក្រុងរណបជ្រោយចង្វារ ដើម្បីបង្ការគ្រោះថ្នាក់ផ្សេងៗ បន្ទាប់ពីសាឡង់ដឹកខ្សាច់ដ៏ធំមួយបានភ្លាត់ស្នៀតមកបុក និងក្រឡាប់នៅបង្គោលសសរស្ពានដែកខាងលើនេះ។
សូមបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ មានករណីសាឡង់ដឹកខ្សាច់មួយគ្រឿង បានបើកបុកសសរស្ពានដែកបេឡេបណ្តាលឱ្យលិច និងពិតជាប់ជាមួយសសរស្ពានតែម្តង។

គ្មាននរណាហ៊ានរាយការណ៍ថា សាឡង់ដ៏ធំបុកស្ពានបណ្ដាលឲ្យខូចខាត ឬក៏ទ្រេតសរស្ពានមួយចំនួននេះថា ជាសាឡង់របស់អ្នករកស៊ីមួយណា ឬឧកញ៉ាណាមួយនោះឡើយ ព្រោះគេលាក់ឈ្មោះយ៉ាងជិតឆឹងតែម្ដង, ការបង្កគ្រោះថ្នាក់ដោយធ្វេសប្រហែស ឬក៏ខ្វះបច្ចេកទេសបើកបរសាឡង់បែបនេះ អាជ្ញាធរមានសមត្ថកិច្ច ជាពិសេសរដ្ឋបាលរាជធានីភ្នំពេញ គួរណាស់តែដាក់ពិន័យឲ្យធ្ងន់ចំពោះកំហុសមួយនេះ។

គេបានកត់សម្គាល់ថា នៅតាមដងទន្លេសាប រហូតដល់ទន្លេបាសាក់ គឺចាប់តាំងពីចំណុចគីឡូម៉ែត្រលេខ៩ រហូតទៅដល់ទន្លេបាសាក់ចាក់អង្រែក្រោម រាជធានីភ្នំពេញ តែងតែឃើញមានសាឡង់បូមខ្សាច់ សាឡង់ដឹកខ្សាច់ ជាច្រើនបណ្ដែតខ្លួនរាយប៉ាយដូចផ្សិត ដុះរោយរាយនៅរដូវភ្លៀង មិនដឹងថាម្ចាស់សាឡង់ទាំងនោះមព្រហើនចេះតែលួចធ្វើៗទៅនោះទេ ឬក៏មិនដឹងថាមានច្បាប់អនុញ្ញាតត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសដែរឬក៏អត់នោះឡើយ? ហេតុដូច្នេះ សូមរដ្ឋបាលរាជធានីភ្នំពេញមេត្តាពិនិត្យឡើងវិញចំពោះសាឡង់ដែលគ្មានច្បាប់អនុញ្ញាត និងសាឡង់ដែលគ្មានបទដ្ឋានបច្ចេកទេសក្នុងការបូមខ្សាច់ ឬក៏នាវាចរលើកខ្សែទន្លេ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

