មហាជន និងអ្នកសិល្បៈជាច្រើន ពិតជាមានការរំជួលចិត្ត និងស្ដាយស្រណោះជាពន់ពេក នូវដំណឹងមរណៈភាពរបស់តារាកំប្លែង ខាត់ ចំរើន ដែលត្រូវជាប្អូនប្រុសបន្ទាប់របស់អ្នកនាង ខាត់ សុឃីម។ ហើយការលាចាកលោកគ្មានថ្ងៃវិលត្រឡប់របស់អ្នកកំប្លែងភ្លេងការដ៏ល្បីឈ្មោះវ័យ ៤០ រូបនេះ គឺបានធ្វើឲ្យក្រុមគ្រួសារ ស្ទើរតែមិនអាចទទួលយកបាននោះទេ ព្រោះតែរូបលោកនៅអាចលេងកំប្លែងធម្មតាប៉ុណ្ណោះ កាលពីពេលថ្មីៗនេះ។
បើតាមអ្នកនាង ខាត់ សុឃីម បានរៀបរាប់ប្រាប់ឲ្យដឹងថា ប្អូនប្រុសរបស់អ្នកនាង បានទៅច្រៀងកាត់ជាមួយអ្នកនាង នៅខាងស្គុន នៅពេលនោះ លោក ខាត់ ចំរើន ក៏មានអការៈថប់ដង្ហើម និងរវើរវាយ ហើយត្រូវបានប្រពន្ធដឹកតាមរថយន្តផ្ទាល់ខ្លួន មកកាន់មន្ទីរពេទ្យកាល់ម៉ែត ប៉ុន្តែ ជាអកុសល ដោយសារស្ថានភាពរបស់លោកធ្ងន់ធ្ងរ គ្រូពេទ្យមិនអាចសង្គ្រោះជីវិតនោះទេ។ អ្នកនាង ខាត់ សុឃីម ក៏បានបង្ហើបឲ្យដឹងថា លោក ខាត់ ចំរើន មានជំងឺថ្លើម (ដោយសារផឹកស្រាអត់តម) និងឈឺសន្លាក់ ហើយនៅពេលអាស៊ីតឡើងខ្លាំង ធ្វើឲ្យកាត់ឈាមក្រហម។ តែចុងក្រោយនេះ ពេទ្យប្រាប់ថា បញ្ចូលឈាមលែងចូលហើយ ព្រោះបែកគ្រាប់ឈាមក្រហមពេញពោះទៅហើយ។ បន្ថែមលើជំងឺថ្លើមនេះ អ្នកនាង ខាត់ សុឃីម ក៏បានឲ្យដឹងទៀត លោក ខាត់ ចំរើន មានជំងឺមួយទៀត គឺជំងឺបេះដូងរីកផងដែរ។
អ្វីដែលធ្វើឱ្យមហាជនមានការសោកស្រណោះគ្រប់ៗគ្នានោះ គឺមុនពេលស្លាប់ប៉ុន្មានថ្ងៃ លោក ខាត់ ចំរើន ក៏បានបង្ហោះសារទទួលស្គាល់កំហុសកន្លងមក និងចេញវីដេអូនិយាយគួរឲ្យសង្វេគថា៖ «បាទខ្ញុំទើបតែអាយុ ៤០ ជាងទេ ប៉ុន្តែខ្ញុំចង់រស់តទៅទៀត ព្រោះកូនៗខ្ញុំនៅតូចៗណាស់… )។
តែដោយឡែក អ្វីដែលធ្វើឲ្យមានការភ្ញាក់ផ្អើលខ្លាំងនោះ គឺមុនពេលលើកមឈូសសពរបស់លោក ចាកចេញពីគេហដ្ឋាន យកទៅតម្កល់នៅលើមេន ក៏ស្រាប់តែឃើញស្រ្តីម្នាក់ បានមកយំឱបប្រពន្ធរបស់លោក ហើយត្រូវបានប្អូនស្រីរបស់លោក ប្រាប់ថា ព្រលឹងរបស់លោកចូលសណ្ឋិតស្រ្តីរូបនោះ ដែលត្រូវបានដឹងថាជាមិត្តភក្តិជិតស្និទ្ធ។
ទោះជាយ៉ាងណា គេក៏មិនអាចស្តាប់បានថា តើស្រ្តីរូបនោះយំឱបប្រពន្ធរបស់លោក រៀបរាប់អ្វីខ្លះទេ ហើយក៏មិនដឹងថា នេះជារឿងពិត ឬយ៉ាងណានោះដែរ។ ប៉ុន្តែ ទន្ទឹមនឹងឃើញបែបនេះ ក៏អ្នកលេងបណ្តាញសង្គមម្នាក់ បានប្រាប់ថា អាចអ្នកបន្លំខ្លួន មកក្លែងធ្វើជាលោក ចំរើន ដើម្បីអោយសែនសក្ការៈ ព្រោះធ្លាប់មានញឹកញាប់ហើយ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង








