អតីតមហាសេដ្ឋីដែលក្ស័យធនម្នាក់ នៅក្នុងប្រទេសចិន បានកំពុងធ្វើឲ្យមានការភ្ញាក់ផ្អើលខ្លាំងតែម្តង ចំពោះផែនការរបស់គាត់ ក្នុងការដោះសងបំណុលចំនួន ៤៦ លានយ័ន (ស្មើនឹង ៦.៤ លានដុល្លារ) តាមរយៈមុខរបរលក់សាច់ក្រកអាំង នៅតូបលក់អាហារតាមចិញ្ចើមផ្លូវ។
លោក Tang Jian ដែលជាម្ចាស់ភោជនីយដ្ឋានមួយកន្លែង នៅទីក្រុង Hangzhou ក្នុងប្រទេសចិន ត្រូវបានគេចាត់ទុកថា ជាពាណិជ្ជករជោគជ័យបំផុតម្នាក់ នៅក្នុងខេត្ត Zhejiang ។ នៅអាយុ ៣៦ ឆ្នាំ គាត់បានកាន់កាប់ភោជនីយដ្ឋាន រហូតមានទ្រព្យសម្បត្តិដ៏គួរឱ្យច្រណែន។ ប៉ុន្តែ នៅក្នុងឆ្នាំ ២០០៥ លោក Tang បានសម្រេចចិត្តវិនិយោគមួយផ្នែកធំនៃប្រាក់របស់គាត់ ទៅក្នុងឧស្សាហកម្មថ្មីទាំងស្រុង ហើយអ្វីៗបានចាប់ផ្តើមខុសសម្រាប់គាត់។ ឥឡូវនេះ នៅអាយុ ៥២ ឆ្នាំ អតីតមហាសេដ្ឋីរូបនេះរកឃើញថា ខ្លួនគាត់ជំពាក់បំណុលគេជាង ៦ លានដុល្លារ ប៉ុន្តែគាត់កំពុងខិតខំប្រឹងប្រែង ដើម្បីសងបំណុលគេទៅតាមកាក់សេន ដោយលក់សាច់ក្រកអាំងនៅតាមផ្លូវ។
នៅពេលគាត់ចាប់ផ្តើមវិនិយោគក្នុងអាជីវកម្មវិស្វកម្មទេសភាពថ្មីរបស់គាត់ Tang Jian ត្រូវបានគេជឿជាក់ថា បានធ្វើលើសពីប្រាក់ចំណូលភោជនីយដ្ឋានរបស់គាត់ ហើយគាត់មិនស្តាប់នរណាម្នាក់ ដែលបានផ្តល់យោបល់ថាគាត់ធ្វើខុសហើយនោះទេ។ ទោះបីជាគម្រោងនេះធ្ងន់ធ្ងរក៏ដោយ ក៏គាត់នៅតែបន្តដាក់ទុនវិនិយោគ ហើយនៅពេលដែលគាត់ដឹងកំហុសរបស់គាត់ គឺវាបានយឺតពេលទៅហើយ។
សូម្បីតែបន្ទាប់ពីលក់ភោជនីយដ្ឋាន ផ្ទះ និងរថយន្តទាំងអស់របស់គាត់ក៏ដោយ ក៏ Tang នៅតែជំពាក់បំណុលគេចំនួន ៤៦ លានយន់ ហើយគ្មានជម្រើសអ្វីក្រៅពីប្រកាសក្ស័យធនឡើយ។ ប៉ុន្តែជំនួសឲ្យការដាក់លុយក្រោមសម្ពាធនៃការត្រូវសងប្រាក់ទាំងនោះ គាត់បានសម្រេចចិត្តត្រឡប់ទៅរកអតីតកាលវិញ ដោយចាប់ផ្តើមលក់អាហារតាមចិញ្ចើមផ្លូវ។
គាត់មិនមានលុយបើកភោជនីយដ្ឋានថ្មីទេ ដូច្នេះគាត់បានធ្វើតូបសម្រាប់លក់អាហារតាមផ្លូវ ដែលគាត់លក់ដោយខ្លួនឯង។ គាត់លក់សាច់ក្រកដុត ហើយមានទំនុកចិត្តថា មុខរបរនេះនឹងជួយគាត់ឱ្យសងបំណុលរបស់គាត់។ រឿងរ៉ាវរបស់គាត់ បានធ្វើឱ្យមានការចាប់អារម្មណ៍ជាមួយនឹងប្រជាជនចិនជាមធ្យម ដែលកោតសរសើរចំពោះភាពធន់របស់គាត់ និងទស្សនៈវិជ្ជមានលើជីវិតរបស់គាត់។
Tang បានផ្តល់បទសម្ភាសន៍ ដោយនិយាយថា «យើងកើតមកគ្មានអ្វីសោះ។ ហេតុអ្វីត្រូវខ្លាចការចាប់ផ្តើមឡើងវិញ? យើងត្រូវបន្តរៀនប្រឈមមុខនឹងការលំបាកដោយស្ងប់ស្ងាត់ ហើយដើរទៅមុខដោយភាពក្លាហាន»។
អ្នកជំនួញវ័យ ៥២ ឆ្នាំ ធ្លាក់ខ្លួនរូបនេះ បានបន្ថែមថា «យើងម្នាក់ៗរស់នៅក្នុងជីវិតដ៏លំបាក ហើយជួបប្រទះនឹងការលំបាកជាច្រើន ប៉ុន្តែយើងត្រូវតែប្រកាន់ខ្ជាប់នូវស្មារតីមិនដែលចុះចាញ់»។
រឿងរ៉ាវរបស់លោក Tang និងវីដេអូ អំពីសកម្មភាពរបស់គាត់លក់សាច់ក្រកនៅតាមផ្លូវមួយក្នុងទីក្រុង Zhejiang បានរីករាលដាលនៅដើមខែនេះ ដែលជំរុញឱ្យមនុស្សជាច្រើនស្វែងយល់ និងត្រូវហ៊ានប្រឈមមុខនឹងការលំបាក។ យ៉ាងណាមិញ ប្រសិនបើអតីតមហាសេដ្ឋីដែលជំពាក់បំណុលគេ ៦.៤ លានដុល្លារ អាចមានអាកប្បកិរិយាវិជ្ជមាន នោះពួកគេប្រាកដជាអាចធ្វើបានផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង




