Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សុខភាពយើង៖ ជីវិតនឹងមានអារម្មណ៍ថា ស្រួលខ្លួនល្អ គ្រាន់តែញ៉ាំទឹកឱ្យត្រូវវិធី

អ្នកណាក៏ដឹងដែរថា ទឹកស្អាត មានផលល្អចំពោះសុខភាព តែមិនមែនថាញ៉ាំទឹកធម្មតាហើយ នឹងមានអារម្មណ៍ថា ស្រួលខ្លួនភ្លាមៗនោះទេ ព្រោះរឿងបែបនេះស្ថិតនៅលើគន្លឹះល្អៗក្នុងការញ៉ាំទឹកផងដែរ ព្រោះបើសិនយើងញ៉ាំទឹកបានត្រឹមត្រូវតាមវិធីហើយនោះ សុខភាពក៏នឹងរឹងមាំល្អ អាចតស៊ូបានពេញ ១ឆ្នាំថ្មីខាងមុខនេះទៀតដោយមិនពិបាកឡើយ។
ដោយសារតែទឹកស្អាតមានប្រយោជន៍ចំពោះរាងកាយមនុស្សយើងច្រើនណាស់ និងជារឿងចាំបាច់មួយក្នុងការរស់នៅ ព្រោះរាងកាយរបស់យើងប្រកបទៅដោយទឹកស្ទើរតែ ៧០% ឯណោះ ហើយក្នុង ១ថ្ងៃៗ រាងកាយយើង នឹងមានការបញ្ចេញជាតិទឹកចេញក្នុងរូបបែបជាទឹកមូត្រ ញើស និងដង្ហើមប្រមាណជា ០,៥-២លិត្រ និងថែមទាំងជាចំណែកដ៏សំខាន់មួយ ក្នុងការធ្វើការងាររបស់ប្រព័ន្ធផ្សេងៗក្នុងរាងកាយទៀតផង។ ជាចំណែកប្រកបផ្គុំរបស់ឈាម ជួយដល់រំហូរវិលរបស់លោហិត និងថែមទាំងជួយគ្រប់គ្រងសីតុណ្ហភាពរាងកាយឱ្យស្ថិតស្ថេរ និងជួយរំលាយ បឺតជ្រាប និងដឹកនាំសារធាតុអាហារ ទៅចិញ្ចឹមកោសិកាផ្សេងៗទូទាំងរាងកាយទៀតផង ហើយដែលសំខាន់នោះគឺ ជួយដល់ភាពរលូនក្នុងការធ្វើការងាររបស់អវយវៈផ្សេងៗខាងក្នុងរាងកាយ បញ្ចេញចោល កម្ចាត់វត្ថុកាកសំណល់ និងសារធាតុពុល ចេញពីរាងកាយទៀតផង។ ក្រៅពីនេះទឹកស្អាត ដែលយើងញ៉ាំចូលទៅនោះ នៅបានជួយជំរុញឱ្យខួរក្បាលធ្វើការបានកាន់តែល្អឡើង សាច់ស្បែកស្រស់ភ្លឺថ្លា និងស្អាតចេញមកពីខាងក្នុង។
ទាំងអស់នោះហើយ គឺជាមូលហេតុ ដែលធ្វើឱ្យយើងត្រូវតែញ៉ាំទឹកពី ៦-៨កែវ ក្នុង១ថ្ងៃ ដើម្បីរក្សាតុល្យភាពក្នុងរាងកាយរបស់យើង។

វេជ្ជបណ្ឌិតជំនាញខាងផ្នែកសុខភាពរាងកាយ បានបង្ហើបឱ្យដឹងថា ជាទូទៅយើងគួរញ៉ាំទឹកស្អាតបរិសុទ្ធឱ្យបានប្រមាណជា ២លិត្រ ក្នុង ១ថ្ងៃ ព្រោះបើរឹតតែញ៉ាំទឹកច្រើន ក៏នឹងរឹតតែបន្ទោរបង់បញ្ចេញកាកសំណល់បានកាន់តែល្អឡើង ធ្វើឱ្យសាច់ស្បែកស្រស់បស់ មានសំណើម ភ្លឺរលោង និងកាត់បន្ថយភាពធុញថប់តានតឹងបានច្រើនទៀតផង។
លោកវេជ្ជបណ្ឌិតជំនាញដដែល បានបញ្ជាក់បន្ថែមថា៖ “អំឡុងពេលដែលមនុស្សយើងញ៉ាំទឹកហើយ ទទួលបានលទ្ធផលល្អដល់រាងកាយខ្លាំងបំផុតនោះគឺ ញ៉ាំទឹកក្រោយពេលភ្ញាក់ពីគេង ញ៉ាំទឹកមុនពេលបាយ ១ម៉ោង និងក្រោយពេលបាយ ១ម៉ោង ដោយវិធីការញ៉ាំទឹក មិនបានកំណត់តាមបែបណាមួយពិតប្រាកដនោះទេ គឺស្ថិតលើតិចនិករបស់មនុស្សម្នាក់ៗ បែងចែកទៅតាម Lifestyle ឬការចូលចិត្តរៀងៗខ្លួន តែមិនគួរញ៉ាំទឹក ១ដង ៨កែវជាប់ៗគ្នានោះទេ ព្រោះអាចធ្វើឱ្យសូដ្យូមនៅក្នុងឈាមធ្លាក់ចុះ ធ្វើឱ្យរឹតតែស្រេកទឹកខ្លាំងឡើងទៀត និងកើតអាការហើមខួរក្បាល។ ដោយផ្ទាល់ខ្លួនវិញ ខ្ញុំនឹងញ៉ាំទឹកនៅពេលព្រឹក ៣កែវ ដើម្បីបន្ថែមទឹកឱ្យឈាម ពេលថ្ងៃ ៣កែវ ដើម្បីជួយបណ្តេញកាកសំណល់ចេញពីក្នុងរាងកាយ មុនងូតទឹកពេលព្រលប់ ១កែវ ដើម្បីបញ្ចុះសម្ពាធឈាម និងមុនគេង ១កែវ ដើម្បីកម្ចាត់កាកសំណល់ ដែលនៅសេសសល់ក្នុងរាងកាយ ជួយឱ្យគេងលក់ស្រួល តែ មិនចាំបាច់ញ៉ាំច្រើនជ្រុលពេកទេ ព្រោះអាចនឹងធ្វើឱ្យគេងលក់មិនបានគ្រប់គ្រាន់”
តែមិនថាតាមតិចនិកណាក៏ដោយ រឿងមួយដែលត្រូវពិនិត្យមើលឱ្យបានច្បាស់លាស់នោះគឺ ទឹកដែលញ៉ាំ ត្រូវតែជាទឹកស្អាតបរិសុទ្ធ នោះអ្នកនឹងមានសុខភាពល្អ ៥០% មុនស្រេចទៅហើយ៕

×