សេវាស៊ើបការណ៍សម្ងាត់ជាតិរបស់កូរ៉េខាងត្បូង បានបង្ហាញថា ក្មេងស្រីម្នាក់ដែលបានបង្ហាញខ្លួនជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន អំឡុងពេលបាញ់បង្ហោះមីស៊ីលផ្លោងអន្តរទ្វីប ICBM គឺជាកូនស្រីទីពីររបស់គាត់។
យ៉ាងណាមិញ ព័ត៌មានខាងលើ ត្រូវបានដកស្រង់ដោយសារព័ត៌មាន AP ពីសេវាស៊ើបការណ៍សម្ងាត់ជាតិរបស់ប្រទេសកូរ៉េ (NIS) កាលពីថ្ងៃទី២២ ខែវិច្ឆិកា។ មុននេះ លោក Kim Jong-un បានបង្ហាញកូនស្រីរបស់គាត់ជាលើកដំបូង នៅពេលដែលភរិយារបស់គាត់ Ri Sol-ju និងក្មេងស្រីនោះ បានទៅកាន់ទីតាំងបាញ់គ្រាប់មីស៊ីផ្លោងអន្តរទ្វីប Hwasong-17 កាលពីថ្ងៃទី១៨ ខែវិច្ឆិកា។
ទីភ្នាក់ងារព័ត៌មានកណ្តាលរបស់កូរ៉េខាងជើង (KCNA) បានចេញផ្សាយរូបថតនេះ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ដែលបង្ហាញលោក គីម ជុងអ៊ុន កាន់ដៃក្មេងស្រីពាក់អាវស និងស្បែកជើងក្រហម នៅក្នុងរូបថតនៅឯកន្លែងបាញ់បង្ហោះ ICBM ។
អ្វីដែលធ្វើឲ្យការភ្ញាក់ផ្អើលខ្លាំងនោះ គឺវត្តមានរបស់កូនស្រីលោក គីម ជុងអ៊ុន ដែលមិនដែលបង្ហាញខ្លួនជាសាធារណៈ។ ដូច្នេះហើយ បន្ទាប់ពី KCNA បញ្ចេញរូបភាពចុងក្រោយនៃការបាញ់បង្ហោះ គេក៏បានផ្តោតការចាប់អារម្មណ៍ខ្លាំង ទៅលើក្មេងស្រីម្នាក់ ដែលបានបង្ហាញខ្លួនក្បែរលោក Kim Jong-un នៅឯកន្លែងបាញ់បង្ហោះ ICBM ។
AP បានរាយការណ៍ថា ក្នុងអំឡុងពេលកិច្ចប្រជុំបិទទ្វារនៅគណៈកម្មាធិការសភា, NIS បានបញ្ជាក់ប្រាប់សមាជិកសភាថា នោះគឺជាកូនស្រីទីពីររបស់លោក Kim Jong-un ដែលមានឈ្មោះថា Ju Ae អាយុប្រហែល ១០ ឆ្នាំ។ ព័ត៌មានលម្អិតនេះត្រូវបានចែករំលែកដោយលោក Yoo Sang-bum ដែលជាតំណាងរាស្រ្តម្នាក់ក្នុងចំណោមសមាជិកសភាដែលចូលរួមកិច្ចប្រជុំ។
លោក Yoo បាននិយាយថា NIS បានកំណត់អត្តសញ្ញាណក្មេងស្រីនេះជាកូនទីពីររបស់លោក Kim Jong-un ដោយសារតែរូបរាងរបស់នាងត្រូវគ្នានឹងព័ត៌មានដែលផ្ទុះឡើង។
សារព័ត៌មាន AP ក៏បាននិយាយផងដែរថា នេះគឺជាកូនស្រីរបស់លោក Kim Jong-un ដែលអតីតតារាបាល់បោះអាជីពរបស់សហរដ្ឋអាមេរិក លោក Dennis Rodman បានជួបផ្ទាល់ក្នុងអំឡុងពេលធ្វើដំណើរទៅកាន់រដ្ឋធានីព្យុងយ៉ាង ក្នុងឆ្នាំ២០១៣។
បន្ទាប់ពីដំណើរទស្សនកិច្ចរបស់គាត់ទៅកាន់ទីក្រុងព្យុងយ៉ាង លោក Rodman បានប្រាប់កាសែត The Guardian ថាគាត់បាន “សម្រាកនៅមាត់សមុទ្រ” ជាមួយគ្រួសារមេដឹកនាំកូរ៉េខាងជើង និងបានមើលថែកូនស្រីពៅរបស់ គីម ជុងអ៊ុន ឈ្មោះ Ju Ae ផងដែរ។
នេះជាលើកទី១ហើយ ដែលកូរ៉េខាងជើងបញ្ជាក់ជាផ្លូវការថា ក្មេងស្រីនោះគឺជាកូនស្រីរបស់លោក គីម ជុងអ៊ុន។ ទោះជាយ៉ាងណាក៏ដោយ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង មិនបានបង្ហាញពីអាយុ ឈ្មោះ ឬព័ត៌មានផ្សេងទៀតអំពីកូនស្រីរបស់លោក គីម ជុងអ៊ុន កាលពីសប្តាហ៍មុននោះទេ។
ទន្ទឹមនឹងនោះ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េ ក៏បានប៉ាន់ស្មានថា លោក គីម ជុងអ៊ុន បានរៀបការជាមួយលោកស្រី Ri Sol-ju ក្នុងឆ្នាំ ២០០៩។ ពួកគេមានកូនចំនួន ៣នាក់ (កើតក្នុងឆ្នាំ ២០១០, ២០១៣ និង ២០១៧)។ របាយការណ៍ខ្លះបាននិយាយថា កូនដំបូងរបស់គីម ជុងអ៊ុន គឺជាកូនប្រុស ហើយកូនទីបីរបស់គាត់ជាកូនស្រី។
អ្នកខ្លះបានលើកឡើងថា ប្រសិនបើលោក គីម ជុងអ៊ុន បន្តនាំកូនស្រីទៅចូលរួមព្រឹត្តិការណ៍ធំៗផ្សេងទៀត នោះអាចបង្ហាញថា នាងមានកន្លែងជាក់លាក់មួយ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង









