ជំងឺបេះដូង មិនមែនមានតែនៅក្នុងខ្សែភាពយន្ត ដែលយើងតែងឃើញតារាសម្តែងចំណាស់ៗ សម្ដែងជាតួឪពុក-ម្តាយ លើកដៃឡើងក្តោបដើមទ្រូងជាសញ្ញាថា ឈឺបេះដូង ហើយទីបំផុតក៏ស្លាប់បាត់បង់ជីវិតនោះទេ។ វាមិនមែនជារឿងខុសប្រក្រតី ឬចម្លែកឡើយ ព្រោះនរណាៗ ក៏មានសិទ្ធិកើតជំងឺបេះដូងបានទាំងអស់ ថែមទាំងមិនមែនកើតតែចំពោះមនុស្សចាស់អាយុច្រើនប៉ុណ្ណោះទេ យើងគ្រប់គ្នា គ្រប់ភេទ គ្រប់វ័យ សុទ្ធតែអាចកើតជំងឺបេះដូងបានទាំងអស់ បើមិនព្រមបញ្ឈប់ទង្វើដូចតទៅនេះទេនោះ…
១-បរិភោគអាហារ ដែលមានខ្លាញ់ច្រើន
ដូចជា សាច់ជ្រូកបីជាន់ ស្បែកមាន់បំពង ឬអាហារចៀនបំពង និងសម្លខ្ទិះខ្លាញ់ៗផ្សេងៗ។ បើសិនបរិភោគអាហារពពួកនេះច្រើន និងញឹកញាប់ជ្រុលពេក អាចនឹងធ្វើឱ្យកើតសភាវជាតិខ្លាញ់ញ៉ុកណែននៅក្នុងសរសៃឈាម ធ្វើឱ្យឈាមបាញ់ចេញទៅចិញ្ចឹមរាងកាយមិនគ្រប់គ្រាន់ រហូតធ្វើឱ្យកើតសភាវបេះដូងខ្វះឈាម និងអាចនាំឆ្ពោះទៅរកសភាវគាំងបេះដូងបាន។
២-ជក់បារី
មនុស្សជាច្រើនអាចនឹងគិតថា ការជក់បារីនឹងធ្វើឱ្យកើតរោគមហារីកសួតតែប៉ុណ្ណោះ តែការពិតវិញ បារី ក៏ជាមូលហេតុដ៏សំខាន់មួយរបស់ជំងឺបេះដូងដូចគ្នាដែរ ព្រោះបារីធ្វើឱ្យបេះដូងខ្សោះឈាម និងកើតជំងឺសរសៃឈាមបេះដូង។
៣-អារម្មណ៍ធុញថប់តានតឹង
អ្វីដែលយើងធ្លាប់ឃើញនៅក្នុងខ្សែភាពយន្តថា មហាសេដ្ឋី ឬអ្នកមានទាំងឡាយ ធ្វើការច្រើន មានអារម្មណ៍តានតឹងធុញថប់ឥតឈប់ឈរ ត្រូវរែកពុនបន្ទុកច្រើន និងមានសម្ពាធផ្លូវចិត្តគ្រប់ពេលវេលា រហូតដល់កើតជំងឺបេះដូងនោះ វាគឺជារឿងពិត ព្រោះពេលណាដែលយើងមានអារម្មណ៍ធុញថប់តានតឹង បេះដូងយើងនឹងធ្វើការកាន់តែខ្លាំងឡើង បេះដូងដើរញាប់ឡើង សម្ពាធឈាមឡើងខ្ពស់ ធ្វើឱ្យអាចកើតសភាវបេះដូងដើរខុសចង្វាក់ រហូតជំរុញអាការរបស់ជំងឺបេះដូង ឱ្យកាន់តែធ្ងន់ធ្ងរឡើងបាន បើក្នុងករណីដែលអ្នកជំងឺកំពុងមានភាពប្រឈមនឹងរោគបេះដូងស្រាប់ហើយ។
៤-មិនដែលហាត់ប្រាណ
ការហាត់ប្រាណដោយការរត់ ការរាំតាមចង្វាក់ភ្លេង អ៊ែរ៉ូប៊ិកឌែនស៍ (Aerobics dance) ឬហាត់ប្រាណបែបខារឌីអូ (Cardio) ផ្សេងៗ ប្រៀបដូចជាការនាំគ្នាជួយឱ្យបេះដូងបានហាត់ប្រាណ និងបង្កើនភាពរឹងមាំដល់បេះដូងដូច្នោះដែរ។ បើបេះដូងមិនដែលបានហ្វឹកហាត់ អាចទ្រាំមិនរួចនឹងការធ្វើការងារធ្ងន់ និងការហត់នឿយខ្លាំងៗ ដូចជានៅពេលដែលយើងកំពុងប្រឈមនឹងសភាវបេះដូង ហើយត្រូវធ្វើការងារធ្ងន់ តែបេះដូងទទួលមិនរួច ទ្រាំទ្រមិនបាន នោះអាចនឹងធ្វើឱ្យបេះដូងគាំងបាន។
៥-កើតជំងឺទឹកនោមផ្អែម រោគធាត់
បើសិនខ្លួនអ្នកកើតជំងឺទឹកនោមផ្អែម ឬកំពុងធាត់ស្រាប់ហើយ អ្នកនឹងកាន់តែប្រឈមនឹងការកើតជំងឺបេះដូងខ្លាំងឡើង ព្រោះមានឱកាសខ្ពស់ណាស់ ដែលអ្នកនឹងមានជាតិខ្លាញ់នៅក្នុងឈាមខ្ពស់ ធ្វើឱ្យឈាមខាប់ ញ៉ុកណែនសរសៃឈាម លំបាកក្នុងការចាត់បញ្ជូនឈាមទៅចិញ្ចឹមបេះដូង ធ្វើឱ្យបេះដូងធ្វើការកាន់តែខ្លាំងឡើង រហូតទៅលែងរួច និងគាំងនៅទីបំផុត។
បានដឹងបែបនេះហើយ ចូរឧស្សាហ៍ហាត់ប្រាណ តមជក់បារី កាត់បន្ថយអាហារដែលមានជាតិខ្លាញ់ច្រើន ធ្វើអារម្មណ៍ឱ្យសប្បាយៗ មិនស្ត្រេសច្រើនខ្លាំងពេក និងរក្សាសុខភាពរាងកាយឱ្យរឹងមាំជាប់ជានិច្ច។ តែប៉ុនហ្នឹង អ្នកអាចកាត់បន្ថយភាពប្រឈមក្នុងការកើតជំងឺបេះដូងបានច្រើនមិនខាន៕