Friday, December 2, 2022

ដល់ក! ដឹង​ថា «តុងទី​ន Online» បោក បែរ​នៅ​នាំគ្នា​ប្រឹង​លេង​ព្រោងព្រាត ឥឡូវ​មួយទៀត​ហើ​យ រវាង​កូន និង​មេ​តុងទីន ជេរ​ហែក​គ្នា​ផ្អើល

spot_img

ដូចដែលបានដឹងហើយថា «តុងទីន» គឺជាការលេងសន្សំប្រាក់ជាក្រុម ទៅតាមការដេញយកដាក់ការប្រាក់ ហើយក៏ត្រូវបានដឹងថា មេ និងកូន ដែលស៊ូចាំប្រមូលចុងក្រោយគេ គឺចំណេញច្រើន។ ហើយពិតណាស់ បើអ្នកលេងមានសេចក្តីស្មោះត្រង់ចំពោះគ្នា នោះការលេងសន្សំប្រាក់តាមវិធីមួយនេះ នឹងប្រសើរខ្លាំងណាស់។

ប៉ុន្តែ ទន្ទឹមនឹងមនុស្សមួយចំនួន ជោគជ័យក្នុងការលេងតុងទីនេះ ក៏មាន​មួយ​ចំនួន​ទៀត ​បរាជ័យផងដែរ ប្រសិនបើលេងប៉ះចំមេ ឬ កូន ដែល​ដេញ​​​បានប្រាក់ហើយ​នោះ ស្រាប់តែដាក់​មេផាយរត់​ចោលស្រុក ឬអាចហៅ​ម្យ៉ាង​ទៀត​ថា «ធ្វើស៊ី» ដែលរហូត​​មាន​ការ​ប្ដឹងផ្ដល់គ្នាកើតមានឡើងជារឿយៗ ជាពិសេសមេតុងទីនខ្លះ ក៏ធ្លាប់ត្រូវកូនៗនាំគ្នាប្តឹងសមត្ថកិច្ចចាប់ខ្លួនរួចមកហើយផងដែរ។

ពិតណាស់ ការលេងតុងទីន គឺពុំមានចែងនៅក្នុងច្បាប់ណាមួយរបស់ព្រះរាជាណាចក្រកម្ពុជាទេ។ ប៉ុន្តែ បើតាមអ្នកច្បាប់ម្នាក់ បាន​​លើក​ឡើង​ឲ្យដឹងថា ប្រសិនការលេងតុងទីន មានធ្វើជាឯកសារ ឬ កិច្ចសន្យា និយាយអំពីកាតព្វកិច្ចរៀងៗខ្លួនត្រឹមត្រូវ ឧទាហរណ៍ថា មេ ​មាន​តួនាទីរៀងរាល់​ចុងខែ ត្រូវតែ​ប្រមូល​លុយ​ពី​កូនៗ (ទាំងងាប់ និងរស់) ឱ្យ​​គ្រប់​ចំនួន ​ដើម្បីប្រគល់ជូនអ្នកដេញឈ្នះ ហើយបើកូនណា​មិន​បង់ គឺមេ​ជា​អ្នក​ខុសត្រូវ ។ ហើយបើមេ ឬកូនរត់គេច មិនបំពេញកាតព្វកិច្ច នោះករណីនេះ ត្រូវបានចាត់ទុកថាបានបំពានលើកិច្ចសន្យាហើយ។ ដូច្នេះ ភាគីជាកូនដែលរងគ្រោះ ឬមេ អាចមានសិទ្ធិប្តឹង​​បាន។

ទោះជាយ៉ាងណា បច្ចុប្បន្ននេះ ល្បែងតុងទីនថ្មីតាម Online ដោយមិនដឹងថា គេលេងតាមលក្ខខ័ណ្ឌកិច្ចសន្យាអ្វី? ឃើញថា មួយរយៈចុងក្រោយនេះ បានធ្វើឲ្យមានការភ្ញាក់ផ្អើលខ្លាំងតែម្តង ពីសំណាក់មហាជនជាអ្នកលេងបណ្តាញសង្គម បន្ទាប់ពីបានលឺសង្គ្រាមពាក្យសម្តីរវាងកូនៗ និងមេតុងទីនអនឡាញ កំពុងជេរប្រទេចគ្នាឡើងក្តៅគគុក ត្រូវបានគេចែករំលេកផ្អើលពេញបណ្តាញសង្គមហ្វេសប៊ុក និង TikTok ដោយក្នុងនោះ អ្នកខ្លះអស់លុយហើយ ក៏ត្រូវមេតុងទីន គំរាមចាប់ដាក់គុក ដោយសារបង្ហោះចោទថាបោក។ ដែលនេះសបញ្ជាក់ឲ្យឃើញថា ការលេងតុងទីនតាម Online នេះ ពិតជាប្រឈមហានិភ័យខាតបង់ខ្លាំងណាស់ ព្រោះថា ការលេងឃើញមុខគ្នារាល់ថ្ងៃនៅបោក ចុះទម្រាំតាមអនឡាញ!!។

ជាក់ស្តែង ស្របពេលតុងទីន Online កំពុងផ្ទុះល្បីរឿងមេបោក ក្នុងនោះ គេក៏បានឃើញកូនតុងទីនម្នាក់ ដែលលេងមកពីផ្នែកផ្សេង មានគណនីឈ្មោះ ម៉ាក់ អូនឆៃ បានបង្ហោះបញ្ចេញវីដេអូឆាត មេតុងទីនរបស់ខ្លួនជេរប្រទេច និងថែមទាំងគំរាមប្លុកចោល ព្រោះខឹងសួររឿងលុយតុងទីនព្រឹកល្ងាច ដោយរូបនាងបានសរសេររៀបរាប់ឲ្យបងប្អូនមហាជនបានដឹងយ៉ាងដូច្នេះថា៖ «សូមកញ្ញា Mss sita ទូទាត់លុយតុងទីនអោយខ្ញុំផង តុងទីនក្បាល 10$ ដេញរាល់ថ្ងៃ បង់លុយមិនដែលខានសូប្បី1ថ្ងៃ ដល់ដេញតុងទីនបានជិត1ខែមិនបានលុយ? ខ្ញុំឆាតទៅសួររឿងតុងទីនខ្ញុំ មិនសមអ្នកឯងមកជេរខ្ញុំយ៉ាងហ្នឹងសោះ ជិត1ខែមិនអោយលុយហើយ អោយខ្ញុំនៅស្ងៀមម៉េចបាន? ខ្ញុំខុសខ្លាំងមែនគ្រាន់តែឆាតសួរគេរឿងលុយតុងទីនខ្ញុំ?»។ រីឯកូនតុងទីនរងគ្រោះដូចគ្នាម្នាក់ទៀត ដែលមានគណនីហ្វេសប៊ុកឈ្មោះ Bong Pov ក៏បានបង្ហោះផ្តាំទៅអ្នកដទៃថា «ហាសហាស អញចង់សើច លុយតុងទីនខ្ញុំក៏នៅវាដែរ ខ្ញុំខ្ចិលថោកជាមួយមនុស្សបែបហ្នឹង ខ្ញុំក៏បោះលុយហ្នឹងចោលហើយ មួយទៀតកុំលេងជាមួយអោយសោះប្រយ័ត្នដូចខ្ញុំ ឃើញអត់កម្មតាមបណ្ដើរៗហើយ»

គួរបញ្ជាក់ថា ជុំវិញរឿងចោទថា មេបោកនេះផងដែរ ថ្មីៗនេះ មហាជនពិតជាមានការភ្ញាក់ផ្អើល និងហួសចិត្តខ្លាំងតែម្តង នៅពេលឃើញមេតុងទីន ម៉ូលីកា ឬហៅថា ចែកា ដែលកំពុងល្បីស៊ីដាច់លុយកូនៗរាប់លានដុល្លារ ទីបំផុត បានចេញមុខបកស្រាយដោយមិនដឹងជាលេស ឬយ៉ាងណា ថាគ្មានលុយសងកូនៗ គឺដោយសារមកពីកូនៗបោកខ្លួនដែរ ឬមកពីកំហុសបច្ចេកទេស ជាដើម ហើយចុងក្រោយបែរនិយាយថា នឹងរកស៊ីលក់ជើងមាន់សង សើចក្អាកក្អាយយ៉ាងរំភើយ ហាក់គ្មានការកើតទុក្ខអ្វីទាល់តែសោះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង