ភ្នំពេញៈ ប្រជាពលរដ្ឋជាច្រើនគ្រួសារ នៅភូមិជ្រោយអំពិល២ សង្កាត់ក្បាលកោះ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានធ្វើការចោទប្រកាន់ទៅលើបុរី ហាយ ធិច ចំប៉ាក្បាលកោះ ដែលបានចាក់ដីលុបបឹងធ្វើឲ្យទឹកជន់លិចផ្ទះសម្បែង និងចំការរបស់ពួកគាត់។ ហើយបានរិះគន់អាជ្ញាធរមូលដ្ឋានមិនបានយកចិត្តទុកដាក់ចំពោះទុក្ខកង្វល់របស់ប្រជាពលរដ្ឋ។
ប្រជាពលរដ្ឋបានឲ្យដឹងថា “ដំណាំនៅក្បាលដីនិមួយៗ ដែលយើងខ្ញុំបានកំពុង នឹងអាស្រ័យផលសម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ ត្រូវបានទឹកជំនន់លិចលង់អស់ទៅហើយ។ ក្រៅពីនេះ ផ្ទះយើងខ្ញុំមួយចំនួនក៏ត្រូវបានទឹកលិចដល់គ្រែដេកទៅហើយដែរ។ នេះមិនមែនជាជំនន់ទតឹកភ្លៀងតាមធម្មជាតិនោះទេ តែជាជំននើទឹកដែលបង្កឡើងដោយសកម្មភាពមនុស្ស និងបង្កឡើងដោយសារសកម្មភាពចាក់លុបដីរបស់ម្ចាស់បុរី ហាយ ធិច ចំប៉ាក្បាលកោះ ដោយពុំបានទឹកផ្លូវទឹកសម្រាប់បង្ហូរទឹកចេញ”។

ប្រជាពលរដ្ឋបានសង្កត់ធ្ងន់ថា “តើឲ្យយើងខ្ញមរស់នៅយ៉ាងដូចម្តេចទៅ បើផ្ទះក៏លិច ដំណាំក៏រលួយអស់បែបនេះ ? យើងខ្ញុំទាំងអស់គ្នាស្នើសុំដោយទទូចសូមលោកមេភូមិជ្រោយអំពិល លោកចៅសង្កាត់ក្បាលកោះ មេត្តាធ្វើអន្តរាគមន៍ទីម្ចាស់បុរី ហាយ ធិច ចំប៉ាក្បាលកោះ ដើម្បីចាត់វិធានការដោះស្រាយបញ្ហាទឹកលិច និងការខូចខាតផលដំណាំរបស់យើងខ្ញុំ ដែលបង្កឡើងដោយសារម្ចាស់បុរី ខាងលើតាមការគួរ”។
ទាក់ទងករណីនេះ មេភូមិជ្រោយអំពិល និងចៅសង្កាត់ក្បាលកោះ មិនអាចសុំការអត្ថាធិប្បាយបានទេ។ ចំណែកភាគីបុរី ហាយ ធិច ចំប៉ាក្បាលកោះ ក៏មិនអាចសុំការអត្ថាធិប្បាយបានដែរ៕ រក្សាសិទ្ធិដោយៈ ចេស្តារ


