នរណាៗក៏ដឹងដែរថា មេតុងទីន Online ម៉ូលីកា ឬហៅថា ចែកា ពេលនេះបាននិងកំពុងជំពាក់លុយកូនៗជុំទិស ដោយម្នាក់ៗកំពុងជ្រួលច្របល់ផ្អើលពេញគ្រប់ឆាត។ តែទោះជាយ៉ាងណា មេតុងទីនរូបនេះ ហាក់ដូចជាគ្មានភ័យព្រួយអ្វីសោះឡើយ ដោយនៅបង្ហោះលក់ដូរធម្មតា បន្ទាប់ចេញមុខ Live បកស្រាយថា ខ្លួនពុំបានបោកកូនៗទេ ប៉ុន្តែ ពុំមានលទ្ធភាពសង ដោយសារកូនៗបោកខ្លួន និងបញ្ជាក់យ៉ាងខ្លីថា នឹងរកស៊ីសងមិនឲ្យជំពាក់កូនណាសូម្បីមួយរៀលឡើយ។
តែអ្វីដែលធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងហួសចិត្តខ្លាំងបំផុតនោះ គឺស្របពេលកូនៗកំពុងផ្អើលឈូរឆរទាមទារលុយគ្រប់ៗគ្នា ព្រោះតែមេតុងទីន ម៉ូលីកា មិនមែនដំណោះស្រាយសង និងបានត្រឹមសន្យាខ្យល់ ស្រាប់តែថ្មីៗនេះ មេតុងទីន Online រូបនេះ បានប្រកាសលេងក្បាលថ្មី 100$ ដេញភ្លាមបានលុយភ្លាមតែម្តង ដោយភ្ជាប់រូបបង្អួតលុយដុល្លារស្តាយល៍ដដែលៗ ចង់បញ្ជាក់ថាខ្លួនមិនខ្វះលុយនោះទេ។
ជាក់ស្តែង នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ មេតុងទីនដ៏មហាអស្ចារ្យរូបនេះ បានបង្ហោះប្រកាសលេងក្បាលថ្មីយ៉ាងដូច្នេះថា៖ «ក្បាល100$ ដេញភ្លាម 3ម៉ោងក្រោយបានលុយភ្លាម អោយតែមកធ្វើឯកសារអោយមេលឿន ចង់លេងឆាត Mo Lika»។
ក្រោយពីបានឃើញបែបនេះ មហាជននាំគ្នាហួសចិត្ត ដាក់ឲ្យកប់ៗថា៖ «លក់ឡេ លក់ម៉ូតូ លែងដាច់មែនចែ ដេញភ្លាមបានភ្លាម 3ម៉ោងឬក៏3ជាតិ?, ក្បាល100$ ដេញភ្លាមមិនបាច់ដល់3ម៉ោងទេ ឲ្យតែលុយដល់ដៃចែ គឺដឹងតែបោកហើយ ចង់ឲ្យគេបោកចូលឆាតទៅវឿតៗឡើង យកតែ100នាក់ទេ ខ្វះលុយសងគេថ្លៃបុកឡានគេង៉ៃមុន…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង




