Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នងការនគរបាលខេត្តបាត់ដំបង នឹងបើកការស៊ើបអង្កើតទង្វើលោកមេប៉ុស្តិ៍នគរបាលឃុំដូនបា ស្រុកគាស់ក្រឡ បំពានច្បាប់ជាតិ ក្នុងដែនសមត្ថកិច្ចខ្លួន

spot_img

បាត់ដំបង : ស្នងការនគរបាលខេត្តបាត់ដំបង នឹងបើកការស៊ើបអង្កេតទៅ លើលោក ចាន់ ពិសិដ្ឋ មេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំដូនបា ស្រុកគាស់ក្រឡ ដើម្បីរកកំហុសដែលបានប្រព្រឹត្តកន្លងមក នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដោយចូលកាន់កាប់ និងលួចលក់ទ្រព្យសម្បត្តិស្របច្បាប់របស់អ្នកដទៃមែននោះ និងប្រឈមនូវវិធានការផ្លូវច្បាប់ របស់ស្នងការនគរបាលខេត្តបាត់ដំបង ដោយមិនលើកលែងបានឡើយ។

នេះបើតាមលោកវរសេនីយ៍ឯក អ៊ឹម កុសល អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងនៅនេះថា ស្នងការនគរបាលខេត្ត នឹងបើកការស៊ើបអង្កេតលើលោក ចាន់ ពិសិដ្ឋ មេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ បន្ទាប់ទទួលរងកាចោទថា បានទន្ទ្រានកាន់កាប់ និងលួចលក់ដីរបស់អ្នកដទៃ ទាំងរំលោភច្បាប់ ដែលលោកធ្លាប់ដឹង។

អ្នកនាំពាក្យដដែលបានឲ្យដឹងថា ទង្វើខុសច្បាប់របស់លោកចាន់ ពិសិដ្ឋ បានលេចឡើងនៅពេលអ្នកសារព័ត៌មាន ស៊ើបអង្កេតពីកម្មសិទ្ធិដីស្របច្បាប់របស់ក្រុមហ៊ុន អេហ្រ្គី ខ័លឈ័រ ហ្រ្គីនហ្វៀល ដែលជាក្រុមហ៊ុនរកស៊ីនៅ ក្នុងព្រះរាជាណាចក្រកម្ពុជា រាប់ទសវត្សរ៍ ទើបបានដឹងពីទង្វើល្មើសច្បាប់របស់លោកមេប៉ុស្តិ៍នគរបាលឃុំដូនបា តាមរយៈការស្រាវជ្រាវ ហើយទទួលបានឯកសារជាច្រើន។ការស្រាវជ្រាវបានរកឃើញឯកសារទិញ-លក់ដី ចុះថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៥ និងចុះហត្ថលេខាដោយលោក អ៊ុក សារឿន មេឃុំឆ្នាល់មាន់ បានបង្ហាញថា តំណាភាគីក្រុមហ៊ុនបានសហការជាមួយអាជ្ញាធរឃុំឆ្នាល់មាន់ និងបានពិនិត្យលើទីតាំងដីជាក់ស្តែង ហើយបានដឹងពីបុគ្គលមួយចំនួនកំពុងធ្វើសកម្មភាពរំលោភបំពានយកដីក្រុមហ៊ុនវិនិយោគបរទេស ដែលក្នុងនោះក៏មានឈ្មោះ លោក ចាន់ ពិសិដ្ឋ នាយប៉ុស្តិ៍នគរបាល ឃុំដូនបា ផងដែរ។

ចំណែកប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ក្នុងឃុំដូនបាវិញ បានរៀបរាប់ប្រាប់ថា លោក ចាន់ ពិសិដ្ឋ មេប៉ុស្តិ៍ឃុំដូនបា កំពុងតែកាន់កាប់ និងបានលួចលក់ដីក្រុមហ៊ុនឯកជនទាំងបំពានច្បាប់មែន។

បើយោងតាមច្បាប់ស្តីពីនគរបាលជាតិ លោក ចាន់ ពិសិដ្ឋ គឺជានគរបាលយុត្តិធម៌ តាមរយៈការបណ្តុះបណ្តាលចំណេះដឹងផ្នែកច្បាប់ជាមូលដ្ឋាន ដើម្បីចេះដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ដល់អ្នកភូមិដែលយល់ច្បាប់ និងអាជ្ញាធរមូលដ្ឋាន ដែលស្គាល់មេប៉ុស្តិ៍រូបនេះ បានបកស្រាយបែបចំអកថា លោក ចាន់ ពិសិដ្ឋ ជាអ្នកចេះដឹងផ្នែកច្បាប់ម្នាក់ដែរ តែបែរជាបំពាននិងល្មើសច្បាប់ទៅវិញ ហ៊ានចូលកាន់កាប់ និងលួចលក់ទ្រព្យសម្បត្តិស្របច្បាប់របស់អ្នកដទៃ យ៉ាងគឃ្លើនព្រោះអាងអំណាចខ្លួនជាមេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ហើយមិនតែប៉ុណ្ណោះទេ លោកមេប៉ុស្តិ៍រូបនេះបាននិងកំពុងជាន់ឈ្លីបទបញ្ជារបស់ថ្នាក់ដឹកនាំ នៃព្រះរាជាណាចក្រកម្ពុជា ស្តីពីវិធានការគោរពច្បាប់ជាតិយ៉ាងធ្ងន់ធ្ងរ ដែលមិនអាចលើកលែងបាននោះទេ ត្រូវតែទទួលទោស តាមនីតិវិធីច្បាប់កងកម្លាំង។

ចំណែកប្រភពព័ត៌មានជាច្រើន បានបង្ហើបឲ្យដឹងផងថា កាលពីពេលកន្លងទៅថ្មីៗនេះ លោក ចាន់ ពិសិដ្ឋ ក៏ធ្លាប់បានអួតក្តែងៗថា រូបលោកពិតជាមានដីស្ថិតនៅលើដីក្រុមហ៊ុនឯកជនពិតប្រាកដមែន ហើយបានទិញ-លក់ ជាមួយអ្នកដទៃ ដោយមិនចាំបាច់ធ្វើលិខិតស្នាមក៏មានដែរ គ្រាន់តែចរចាគ្នា គឺប្រគល់លុយ រួចជាការស្រេច។ ពាក់ព័ន្ធករណីនេះដែរ លោកវសេនីយ៍ឯក អ៊ឹម កុសល អ្នកនាំពាក្យស្នងការនគរបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថា ស្នងការនគរបាលខេត្តបាត់ដំបង នឹងបើកការស៊ើបអង្កេតករណីលោក ចាន់ ពិសិដ្ឋ បានប្រព្រឹត្តទង្វើបំពានច្បាប់ ដោយចូលកាន់កាប់និងលួចលក់ដីអ្នកដទទាំងបំពានច្បាប់។
តាមតម្រុយទទួលបានពីមន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរខេត្តបាត់ដំបង នឹងចាត់បញ្ជូនមន្ត្រីអធិការកិច្ចឲ្យបើកការស៊ើបអង្កេត និងមានវិធានការផ្លូវច្បាប់ លើមន្ត្រីនគរបាលជាតិឈ្មោះ ចាន់ ពិសិដ្ឋមេប៉ុស្តិ៍នគរបាលឃុំដូនបាដែលមានអត្តលេខ២១៨២០ដែលបាននិងប្រព្រឹត្តទង្វើបំពានច្បាប់៕ រក្សាសិទ្ធិដោយ:សុវណ្ណារិទ្ធ

spot_img
×