ពិភពលោកអនឡាញ បានកំពុងចែករំលែកយ៉ាងផុសផុល ពីរូបភាពដ៏ចាប់អារម្មណ៍ បង្ហាញទិដ្ឋភាពសត្វឆ្កែជាច្រើនក្បាល កំពុងរស់នៅក្នុងរូង នៃពំនូកខ្សាច់ដ៏ធំ ដែលមនុស្សជាច្រើន ចាត់ទុកដូច «ខុនដូ» ដ៏ប្រណីតអ៊ីចឹង។
យ៉ាងណាមិញ រូបភាពដ៏អស់ទាស់ទាំងនេះ ត្រូវបានបង្ហោះដោយគណនីហ្វេសប៊ុកឈ្មោះ JoyceJoyce Joyce ដែលបានភ្ជាប់សំណេរទាំងអស់សំណើចយ៉ាងដូច្នេះថា៖ «បិទការកក់ហើយ ពេលនេះខុនដូប្រណីត ៣០ ជាន់ នៅកណ្តាលទីក្រុងពេញហើយ ជិតផ្សារ សាលារៀន មន្ទីពេទ្យ ប៉ុស្តិ៍ប៉ូលីស សំខាន់នៅជិតវត្តអារាមទៀតណ៎ា!»។
តាមរយៈរូបភាព បានបង្ហាញសត្វឆ្កែទាំងនោះ កាយធ្វើរូងសម្រាប់ខ្លួនពួកវា តាមលំដាប់លេខរៀង នៃគំនរខ្សាច់ដ៏ធំ ដែលមើលទៅស្រដៀងទៅនឹងរចនាបទនៃបន្ទប់ខុនដូអ៊ីចឹង។ ហើយវាក្លាយជារូបភាពគួរឱ្យស្រលាញ់ និងនាំមកនូវស្នាមញញឹមដល់អ្នកទស្សនាគ្រប់ៗគ្នា។
យ៉ាងណាមិញ នៅពេលមានអ្នកលេងអ៊ីនធឺណិតមួយចំនួន បានសួរថា តើរូបនោះកើតឡើងនៅឯណា? ដើម្បីទៅមើលលេង អ្នកបង្ហោះបានឆ្លើយប្រាប់ថា ទីតាំងនៅជាប់វត្ត Pho Ngam ខេត្ត Lopburi ។ នាងក៏បានឲ្យដឹងទៀតថា ពួកវាគឺជាឆ្កែអនាថាដែលរស់នៅក្នុងតំបន់ ដែលក្រុមហ៊ុនជួលកន្លែងស្តុកទុកសម្រាប់ការសាងសង់ ដែលបានចាក់គំនរខ្សាច់សម្រាប់ពួកវា។ ដូច្នេះ ពួកវាក៏នាំគ្នាឡើងទៅកាយរណ្តៅ ហើយដេកនៅក្នុងនោះ ដើម្បីជ្រកពីព្រះអាទិត្យ និងភ្លៀង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង



