ភ្នំពេញៈ សត្វដំរីជាថនិកសត្វលើគោកដែលមានមាឌធំជាងគេ មានភាពវៃឆ្លាត ហើយរស់នៅជាហ្វូង។ ស្រដៀងនឹងឥរិយាបទមនុស្សដែរ សត្វដំរីត្រូវការរស់នៅមានលំហរឯកជនដែលវាអាចធ្វើឲ្យមានភាពលំបាកក្នុងការស្វែងយល់អំពីបំលាស់ ទីរបស់សត្វនេះក្នុងព្រៃធម្មជាតិធំទូលាយតួយ៉ាងដូចជានៅក្នុងតំបន់ព្រៃទេសភាពភាគខាងកើតនៃខេត្តមណ្ឌលគិរី។ ហេតុដូច្នេះហើយទើបវគ្គបណ្តុះបណ្តាលជំនាញមួយស្តីពីវិធីសាស្ត្របច្ចេកទេសបំពាក់ប្រឡៅកដំរីដើម្បីតាមដានបំលាស់ទីរបស់សត្វនេះត្រូវបានរៀបចំឡើងចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅនេះ នៅក្នុងដែនជម្រកសត្វព្រៃស្រែពក និងនៅទីតាំងនៃគម្រោង Elephant Valley Project ក្នុងខេត្តមណ្ឌលគិរី។

សមាសភាពសិក្ខាកាមដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះមានមន្ត្រីជំនាញស្រាវជ្រាវសត្វព្រៃនៃក្រសួងបរិស្ថាន អ្នកតំណាងមកពីមន្ទីរបរិស្ថានខេត្ត ក្រុមស្រាវជ្រាវសហគមន៍ អង្គការWWFកម្ពុជា អង្គការWWFវៀតណាម អង្គការWCS និងមកពីសាកលវិទ្យាល័យភូមិន្ទកសិកម្មផងដែរ។ សិក្ខាកាមទាំងអស់បានទទួលការបណ្តុះបណ្តាលទាំងផ្នែកទ្រឹស្តី និងការអនុវត្តផ្ទាល់ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីក្រុមគ្រូបង្គោលដោយផ្តោតលើគ្រប់ទិដ្ឋភាពបច្ចេកទេស និងកត្តាសុវត្ថិភាពចាំបាច់ទាំងសម្រាប់សត្វដំរី និងអ្នកស្រាវជ្រាវ ពោលគឺចាប់តាំងពីដំណាក់កាលនៃការរៀបចំផែនការ រហូតដល់ការចុះអនុវត្តវិធីសាស្ត្របំពាក់ប្រឡៅកដំរីជាជំហ៊ានៗ។

គាំទ្រដោយ U.S. Fish and Wildlife Service, អង្គការWWFស៊ុយអែត និង អង្គការWWFប៊ែលហ្សិក គម្រោងបំពាក់ប្រឡៅកដំរីជាផ្នែកសំខាន់មួយនៃកម្មវិធីអភិរក្សសត្វដំរីអាស៊ី ដើម្បីសិក្សាពីកត្តាចលករបរិស្ថាននៃបំលាស់ទីរបស់សត្វដំរីអាស៊ី និងព្យាករណ៍ពីទីតាំងនានាក្នុងតំបន់ទីជម្រកដែលសត្វនេះនឹងផ្លាស់ទីជាបណ្តោះអាសន្ន ឬសម្រាប់រយៈពេលយូរ សម្រាប់អ្នកអភិរក្សឈានទៅរៀបចំវិធានការសមស្របសម្រាប់ការអភិរក្ស និងសម្រាប់គាំទ្រដល់ការអភិវឌ្ឍដោយចីរភាពក្នុងតំបន់។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថានបានស្វាគមន៍ ចំពោះការបណ្តាលនេះដោយបានបញ្ជាក់ថានេះគឺជាការចូលរួមបង្កើនចំណេះដឹង និងពង្រឹងសមត្ថភាពមន្ត្រីជំនាញកម្ពុជាឱ្យបានយល់កាន់តែច្បាស់ពីបច្ចេកទេស និងវិធីសាស្ត្រនៃការអភិរក្សសត្វដំរី៕ រក្សាសិទ្ធិដោយៈ ចេស្តារ


