រាជធានីភ្នំពេញ៖ នៅថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានមានប្រសាសន៍ថា ” ខ្ញុំទើបបានមើលវីដេអូមានរយៈពេលជាង៨នាទីរបស់ក្រុមដែលដឹកនាំដោយលោកKO1ទាក់ទងដល់ការធ្វើពហិការឈប់ប្រើប្រាស់ទំនិញថៃ។ ខ្ញុំពិតជាមានការខកចិត្តចំពោះអំពើមិនគប្បីរបស់បងប្អូនទាំងនេះពិសេសសម្រាប់លោកKO1តែម្តង”។
សម្តេចតេជោ បានថ្លែងបន្តទៀតថា ការដុតចោលទំនិញថៃ ការដាក់បណ្តាសាចំពោះអ្នកលក់ទំនិញថៃដែលនៅសេសសល់លក់មិនទាន់អស់គឺជាអំពើទៅហួសពីស្នេហាជាតិនិងជារបៀបក្រុមនិយមជ្រុលហួសហេតុ។ ប្រជាជនកម្ពុជាច្រើនណាស់ដែលធ្វើពហិការមិនប្រើប្រាស់ទំនិញថៃមានស្ទើរតែ៩៩ភាគរយទៅហើយមិនថាប្រជាជននៅក្នុងប្រទេសឬបងប្អូនខ្មែរនៅក្រៅប្រទេសនោះទេ។
ចំណោទបញ្ហានៅត្រង់អាជីវកលក់ដូរដែលមានទំនិញថៃនៅសល់តើឲ្យពួកគាត់យកទៅណា? ដុតបំផ្លាញចោលឬបន្តលក់ដើម្បីប្រមូលដើមទុនមកវិញ?ប្រសិនបើKo1មានប្រាក់សូមយកទៅទិញទំនិញដែលនៅសេសសល់ទាំងនេះធ្វើជាចំណីសត្វប្រសើរជាងដុតចោលដូចKo1បានធ្វើដែលមានក្នុងវីដេអូនេះ។ បើមនុស្សមិនទទួលទាន ទុកឲ្យសត្វសុីប្រសើរជាងដុតឬកំទេចចោល។
សម្តេច ហ៊ុន សែន បានបញ្ជាក់ថា ” ខ្ញុំសូមឲ្យKo1បញ្ឈប់សកម្មភាពបែបឆ្កួតៗនេះជាបន្ទាន់និងចូលរួមពង្រឹងតម្លៃសីលធម៌ សុជីវធម៌ គុណធម៌និងភាពថ្លៃថ្នូររបស់ជាតិ”៕រក្សាសិទ្ធដោយ៖សុទ្ធលី



