ភ្នំពេញ ៖ បុរសម្នាក់បានបាត់បង់ជីវិតនៅហ្នឹងកន្លែងកើតហេតុ ភ្លាមៗចំណែកឯបុរស ២នាក់ទៀត គ្រាន់តែរងរបួសស្រាល ខណៈពេលចេញពីមើល concert រួចដើត្រឡប់ទៅការដ្ឋានស្នាក់នៅមួយកន្លែងត្រូវម៉ូតូ ២គ្រឿង បើកទៅបុ.ករះយ៉ាងពេញទំហឹង ហេតុការណ៍ភ្ញាក់ផ្អើលនេះដែរ បានកើតឡើងនៅវេលាម៉ោង ១២និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវ១១៤ ចំណុចក្បែរបុរីពិភពថ្មីគួរស្រូវ៣ ក្នុងសង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ គឹម ស្រស់ មានអាយុជាង៣០ឆ្នាំ មុខរបរជាកម្មករសំណង់ បច្ចុប្បន្នស្នាក់នៅក្នុងការដ្ឋានមួយកន្លែងក្នុងសង្កាត់រលួស ខណ្ឌដង្កោ មានស្រុកកំណើតនៅខេត្តកំពង់ចាម។

បើយោងតាមការបញ្ជាក់ពីបុរស ២នាក់ ត្រូវជាមិត្តភក្កិរបស់ជនរងគ្រោះដែលស្លា.ប់ បានប្រាប់ឲ្យដឹងថា មុនកើតហេតុដោយរូបគាត់ មានគ្នាបីនាក់បានចេញពីការដ្ឋានស្នាក់នៅមួយ កន្លែងនាំគ្នាទៅមើលខនសឺត ហើយក៏នាំគ្នាហូបអីតិចតួច ក្រោយពីហូបរួចក៏បាននាំគ្នាដើរត្រឡប់មកវិញ តាមបណ្ដោយផ្លូវ ១១៤ ក្នុងទិសដៅពីលិចទៅកើត ខណៈពេលដើរមកដល់ត្រង់ចំណុចកើតហេតុខាងលើស្រាប់តែមានម៉ូតូ ២គ្រឿងមានគ្នា៤នាក់ មួយគ្រឿង ម៉ាកឌ្រីមសង់សេ ១២៥ស៊េរីឆ្នាំ ២០១៥ ខ្មៅមិនចាំផ្លាកលេខ និង ម៉ូតូមួយគ្រឿងទៀត ម៉ាកឃ្លីកពណ៌សមិនចាំផ្លាកលេខ បានជិះតាមបណ្តោយផ្លូវ១១៤ ទិសដៅពីកើតមកលិចក្នុងល្បឿនយ៉ាងលឿន រួចម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ ក៏ជ្រុលទៅបុកបុរសជនរងគ្រោះ អូសទៅមុខជាច្រើនម៉ែត្រ បណ្តាលឲ្យដួលបោកក្បាលនៅថ្នល់ស្លា.ប់មួយរំពេច ចំណែកឯម៉ូតូមួយគ្រឿងម៉ាកឃ្លីក បានទៅបុ.កបុរស២នាក់ បណ្តាលឲ្យដួលរងរបួសស្រាល រួចរេចង្កូតធ្លាក់ចូលទៅក្នុងប្រប្រឡាយ ភ្លាមនោះដែរជនរងគ្រោះ២នាក់ ដែលរងរបួសស្រាល ក៏បានហក់ទៅចាប់ទាញម៉ូតូ និងវាយប្រតាយប្រតប់ជាមួយនិងជនបង្កដែរ តែដោយមិនឈ្នះពួកជនបង្កក្រោយមកក៏បានលើកម៉ូតូជិះគេចខ្លួនបាត់ស្រមោល ទៅបន្ទាប់មកក៏បានរាយការណ៍ ទៅសមត្ថកិច្ចចុះមកទីតាំងកើតហេតុភ្លាមៗ។
ក្រោយពីសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់រួចពិនិត្យនិងធ្វើកំណត់ហេតុប្រគល់សព ឲ្យរថយន្តមួយយកទៅតម្កល់ទុកនៅវត្តរង់ចាំ ឱ្យក្រុមគ្រួសារទាក់ទងមកយកសព ទៅធ្វើបុណ្យនៅស្រុកកំណើតតាមប្រពៃណី៕ រក្សាសិទ្ធិដោយ ៖ សា មេត




