Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋ ចោទមេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត គំរាមកំហែង

spot_img

ភ្នំពេញៈ លោក ទុយ ម៉េងលី អាជីវកលក់ដូរនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានអះអាងថា ខ្លួនទទួលរងនូវការគំរាមកំហែងពីសំណាក់ក្រុមមន្ត្រីកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត រហូតខ្លាចលែងហ៊ាននៅផ្ទះ។

លោកម៉េងលី បានបន្តថា រូបលោកជាកូនបំណុលហើយក៏ជាជនរងគ្រោះផងដែរ ដែលលោកបានយកប្លង់ដីចំនួន០២កន្លែង ទៅដាក់បញ្ចាំឲ្យម្ចាស់ប្រាក់ឈ្មោះ ដួង វណ្ណា នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នូវទឹកប្រាក់ចំនួន ២០០០០ដុល្លារ ហើយក្នុងកិច្ចសន្យាខ្ចីប្រាក់តម្រូវឲ្យលោកបង់ការប្រាក់ចំនួន៦% សរុបចំនួន ១២០០ដុល្លារក្នុងមួយខែ តាំងពីឆ្នាំ២០២០មកម្ល៉េះ។ ហើយលោកតែងតែបង់ការប្រាក់ឲ្យម្ចាស់បំណុលរាល់ខែ ពុំដែលអាក់ខានឡើយ ប្រមាណជា១ឆ្នាំ។ ប៉ុន្តែបន្ទាប់ពីការរាតត្បាតនៃជំងឺកូវិដ-១៩មក ធ្វើឲ្យអាជីវកម្មរបស់លោករអាក់រអួល បាត់បង់ចំណូលយ៉ាងច្រើន រហូតខ្វះខាត ពុំមានលទ្ធភាពបង់ទាំងប្រាក់ដើម និងការប្រាក់ឲ្យម្ចាស់បំណុលរហូតទៅដល់ប្រមាណជា៩ខែ ប៉ុន្តែកំឡុងពេលអាក់ខាននោះ រូបលោកក៏បានជូនដំណឹង និងសុំការយោគយល់ពីម្ចាស់បំណុលផងដែរ រហូតម្ចាស់បំណុលយល់ព្រម តែតម្រូវឲ្យលោកបូកការប្រាក់ទាំងនោះ ទៅជាប្រាក់ដើមទាំងអស់ ដោយសរុបប្រាក់ដើមឡើងដល់ ៣០៣០០ ដុល្លារ ក៏លោកក្នុងនាមកូនបំណុលទទួលខុសត្រូវ ក៏យល់ព្រមតាមម្ចាស់បំណុលទៀត។

ប្រភពដដែលបានបញ្ជាក់ថា ក្រោយមកលោកបានបង់ការប្រាក់ជូនម្ចាស់បំណុលបាន៣ខែទៀត ទើបមួយរយៈចុងក្រោយនេះ ខ្លួនពុំមានលទ្ធភាព ក៏អាក់ខានបង់៤ខែចុងក្រោយនេះគិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២២នេះ បន្ទាប់មកទៀតស្រាប់តែត្រូវបានម្ចាស់ប្រាក់បង្ខំ និងតម្រូវឱ្យលោកធ្វើកិច្ចសន្យាលក់ផ្ដាច់ ទើបយល់ព្រម លោកក៏យល់ព្រម ព្រោះបាននិយាយគ្នារួចហើយថា នេះគ្រាន់តែជាកិច្ចសន្យាតម្កល់ឲ្យអស់ចិត្តប៉ុណ្ណោះ ដោយមានសាក្សីដឹងឮផងដែរ។ ក្រោយមកស្រាប់តែម្ចាស់បំណុលប្ដឹងលោកពីបទ «ឆបោក និងក្លែងឯកសារ» ហើយឲ្យខាងកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតកោះហៅរូបលោកទាំងអត់ដីកា ទាំងមានដីកាសរុបចំនួន០៤ដង ថែមទាំងបានឃាត់ខ្លួនលោករាប់ម៉ោង ទាំងអត់ដីការទៀតផង។ មិនតែប៉ុណ្ណោះ មេកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត តែងតែគំរាមរកចាប់ខ្លួនលោកម្ដងហើយម្ដងទៀត ធ្វើឲ្យលោកមានការភិតភ័យ ភ័យខ្លាចយ៉ាងខ្លាំងរហូតលែងហ៊ាននៅផ្ទះ ខណៈរូបលោកកំពុងខ្វះខាតប្រាក់កាក់យ៉ាងច្រើន ដែលត្រូវការពេលវេលាដើម្បីរកប្រាក់សងទៅម្ចាស់បំណុល។

លោកទុយ ម៉េងលី បានអះអាងថា រូបលោកមិនមែនជាជនឆបោក ដូចការចោទប្រកាន់របស់ម្ចាស់បំណុលនោះទេ ផ្ទុយទៅវិញលោកដាក់ជាចម្ងល់វិញថា តើលោកឆបោកយ៉ាងម៉េច បើប្លង់ដីរបស់លោកនៅក្នុងដៃម្ចាស់បំណុលរហូតដល់ចំនួន០២ប្លង់ឯណោះ ហើយកិច្ចសន្យាខ្ចីប្រាក់ ហេតុអ្វីប្រែក្លាយជារឿងឆបោក រឿងក្លែងឯកសារឯណាឯណីទៅវិញ ឬមួយក៏អាងអំណាចលុយ អាងមានបក្សពួកជាក្រុមមន្ត្រីកងរាជអាវុធហត្ថ? ។

លោក ទុយ ម៉េងលី បានស្នើសុំការយោគយល់ពីម្ចាស់ប្រាក់ ឲ្យបន្ធូរបន្ថយនិងទុកពេលវេលាជូនលោក ដើម្បីមានឱកាសរកប្រាក់យកមកសង និងសុំសងតាមការគោលការណ៍ច្បាប់១៨%ក្នុងមួយឆ្នាំ។ ហើយស្នើសុំដល់ឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ចាប់មន្ត្រីជំនាញចុះពិនិត្យនិងសិក្សាជុំវិញពាក់ព័ន្ធករណីនេះផង។
ជាពិសេសឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងរាជអាវុធលើផ្ទៃប្រទេស មេត្តាជួយអន្តរាគមន៍ពិនិត្យមើលពីទង្វើរបស់មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត និងមន្ត្រីក្រោមឱវាទផង ព្រោះពួកគាត់តែងតែគំរាមកំហែងដល់គាត់ អាងចាប់ អាងចងមិនរកហេតុផលឲ្យបានត្រឹមត្រូវនោះទេ និងបានបំភិតបំភ័យដល់គាត់ក្នុងនាមជាកូនបំណុលនិងជាជនរងគ្រោះទៀតផង។

ទាក់ទងករណីនេះ លោក នួន នីណារ៉ូ មេបញ្ជារការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត មិនអាចសុំការអត្ថាធិប្បាយបានទេ៕ រក្សាសិទ្ធិដោយៈចេស្តារ

spot_img
×