នៅក្នុងសួនសត្វ Budapest ប្រទេស ហុងគ្រី ភ្ញៀវទេសចរ បានឃើញផ្ទាល់ភ្នែក ព្រមទាំងថតទុកនូវទិដ្ឋភាពដែលសត្វចេះជួយសត្វគ្នាវា នៅគ្រាមានអាសន្ន ។
បន្ទាប់ពីឃ្លីបនេះ ត្រូវបានចែករំលែកលើបណ្តាញសង្គម ខ្លាឃ្មុំដែលមើលទៅគួរឲ្យសាហាវមួយនេះ បែរជាមានសកម្មភាពជួយសង្គ្រោះភ្លាមៗដល់ជីវិតសត្វដូចគ្នាដោយពុំរវល់នឹងការចោមរោមពីសំណាក់ភ្ញៀវទេសចរណ៍ ពេលនោះខ្លាឃ្មុំដែលសួនសត្វប្រាប់ថាឈ្មោះ Vali វាកំពុងអង្គុយស៊ីផ្លែឈើ និងបន្លែ ស្រាប់តែឃើញក្អែកមួយបានធ្លាក់រួចជាប់គាំងនៅក្នុងអាងទឹក ។
វាស្ទុះយ៉ាងលឿនចូលកៀក ហើយជួយ ។ ដំបូងប្រហែលក្អែកភ័យពេលឃើញខ្លាឃ្មុំ ព្រោះវាមានភាពស្លន់ស្លោបក់ស្លាបហាក់ដូចជាប៉ងស្ទុះគេច ។
ប៉ុន្តែក្រោយមក Vali នៅតែប្រដេញតាមកូនបក្សីតូច រួចលូកជើងរបស់វាចុះទៅក្នុងទឹក ដើម្បីលើកក្អែកនោះឡើង ហើយប្រើមាត់ពាំទាញក្អែកមកលើគោកវិញ ។
ពេលនោះប្រហែលជាក្អែកសោះកម្លាំងហើយ ទើបវាលែងកម្រើកទៀត ក្រោយពេលសង្គ្រោះក្អែកឡើងដល់គោកស្រួលបួលវាបន្តដើរទៅស៊ីចំណីរបស់វាវិញ ។ ចំណែកក្អែកក៏ដឹងខ្លួន ហើយក្រោកឈរមកវិញបាន ។ បើតាមបុគ្គលិកសួនសត្វនោះ ប្រសិនបើ Vali មិនស្ទុះទៅជួយទាន់ពេលទេ ក្អែកនេះប្រាកដជាងាប់ ៕ ចន្ទ្រា