គ្រួសារមួយមកពីខេត្ត Lopburi បានកំពុងល្បីខ្លាំងនៅលើអ៊ីនធើរណែត បន្ទាប់ពីបាននាំយកប្រាក់មួយចំនួនធំ នៃទឹកប្រាក់សំណាងឈ្នះឆ្នោតរង្វាន់ធំចំនួន ៥៤ លានបាត (ស្មើនឹង ១.៥ លានដុល្លារ) កាលពីថ្ងៃទី១៦ វិច្ឆិកា ទៅបាច់ចែកទានដល់មនុស្សរាប់រយពាន់នាក់ ផ្អើលពេញវត្ត នៅក្នុងពិធីបំបូសកូនប្រុសរបស់ពួកគេ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា អ្នកស្រី Siridao Saosiri និងគ្រួសារ បានរៀបចំពិធីបំបួសកូនប្រុសរបស់គាត់ឈ្មោះ Chaiyaporn Likhanachul នៅគេហដ្ឋានរបស់គាត់ នៅឃុំ/ ស្រុក Kok Ko ទីក្រុង Lopburi នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២។
ក្នុងថ្ងៃដង្ហែនាគ គ្រួសាររបស់គាត់បានរៀបចំក្រដាស ១០០ បាត ក្រដាស់ ២០ បាត សរុប១សែនបាត (ស្មើជិត ៣០០០ ដុល្លារ) និងខ្សែកមាសចំនួន ១០ ខ្សែ ដើម្បីយកទៅបាចនៅមុខព្រះវិហារវត្ត Tha Sala ដែលបង្កើតការភ្ញាក់ផ្អើលសម្រាប់អ្នកដែលបានទទួលព័ត៌មាននេះ ត្រៀមខ្លួនជាមុន។
ជាក់ស្តែង នៅពេលក្បួនដង្ហែនាគចាប់ផ្តើមចេញពីផ្ទះ ហើយមកដល់វត្តនៅម៉ោង ៨:០០ ព្រឹក តាមការគ្រោងទុកនោះ ស្រាប់តែមានប្រជាពលរដ្ឋរាប់ពាន់នាក់ បាននាំគ្នាមកឈរចាំប្រជ្រៀតណែនតាន់តាប់ពេញទីធ្លាវត្តតែម្តង។
តែយ៉ាងណា បន្ទាប់ពិធីដង្ហែនាគជុំវិញព្រះវិហារចំនួន៣ជុំ រួច អ្នកស្រី Siridao ក៏បានចាប់ផ្តើមចាប់យកលុយក្រដាស ១០០ បាត និង២០បាត បាចរាយប៉ាយនៅមុខទ្វារព្រះវិហារ ខណៈប្តីរបស់អ្នកស្រីជិះកន្រ្តកឡានស្ទួចបាចពីខាងលើ ស្ថិតក្នុងបរិយាកាសពោរពេញទៅដោយភាពសប្បាយរីករាយ លាយឡំនឹងភាពចលាចល ដែលចំណាយពេលប្រហែល ១៥ នាទី ។ អ្នកភូមិខ្លះស្កប់ចិត្ត ខ្លះខកចិត្ត និងខ្លះរងរបួសស្រាលក៏មានដែរ។
គួរបញ្ជាក់ថា ក្នុងនោះចំណោមអ្នកទទួលបានលុយ គឺមានអ្នកមានសំណាង៣នាក់ ចាប់បានខ្សែកមាសដោយក្នុងម្នាក់ៗ១តម្លឹង រំភើបត្រេកអរយ៉ាងខ្លាំង ខណៈអ្នកដែលចាប់បានក្រដាសឆ្នោត ក៏មកទទួលរង្វាន់ផងដែរ៕ រក្សាសិទ្ធដោយ៖ លឹម ហុង






